សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 14, 2016

ពលរដ្ឋរងគ្រោះដីធ្លី២៥៣គ្រួសារ នៅខេត្តព្រះវិហារ​ ស្វែងរកអន្តរាគមន៏​ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង

ដោយ៖យ៉ន លីណេត

ប្រជាពលរដ្ឋចំនួន២៥៣គ្រួសារ មកពីភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅ​ថ្ងៃទី១៤ ខែមករានេះ បានលើកគ្នាមកតវ៉ាដាក់ញត្តិ នៅក្រសួងមហាផ្ទៃ ដើម្បីជួយអន្តរាគមន៏ ករណី​ប្រធានអាជ្ញាធរជាតិព្រះវិហារ ឃុបឃិតគា្ន ជា​មួយ​អាជ្ញាធរខេត្ត យកគ្រឿងចក្រ​ ឈូស​ឆាយ រុះរើ និងវាយកំទេចផ្ទះសំបែង សាលារៀន មន្ទីរពេទ្យ ព្រមទាំង​បណ្ដេញពួ​ក​គាត់​ចេញ​ពី​ភូមិ ។

ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលឡើងមកតវ៉ា អ្នកស្រី សាត ញេប បាន​អោយ​ដឹង​ថា អាជ្ញាធរបានឃុបឃិតគ្នា នាំកងកម្លាំងប្រដាប់អាវុធ យកគ្រឿងចក្រទៅឈូស​ឆាយ​ផ្ទះ​សម្បែង​របស់ពួកគាត់ ដោយឲ្យពួកគាត់ទៅនៅកន្លែងថ្មី ប៉ុន្តែលោកស្រីថា តំបន់ដែល​អាជ្ញាធរ​ឲ្យ​​ពួក​គាត់​ទៅរស់នៅ ជាតំបន់មិនអាចរស់នៅបាន សម្បូរទៅដោយ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះផ្សេងៗ ​មួយវិញទៀតតំបន់នោះក៏គ្មានប្រភពទឹក គ្មានភ្លើង​ ទៀតផង ។


អ្នកស្រីបន្តថា ភូមិស្វាយជ្រំ ជាកន្លែងដែលពួកគាត់រស់នៅតាំងពីឆ្នាំ២០០៩មក និង​បាន​ធ្វើ​ស្រែ​ចម្ការដើម្បីបង្ករបង្កើតផល តែពេលនេះពួកគាត់ត្រូវប្រឈម​និងការបណ្ដេញ​ចេញ ។ សម្លេង

តំណាងប្រជាពលរដ្ឋ២៥៣គ្រួសារ ម្នាក់ទៀតក៏បានអោយដឹងផងដែរថា រឿងហេតុដែល​បណ្ដាល​ឲ្យ​មានការ​បណ្ដេញពួកគាត់ចេញពីភូមិ ដើមឡើយ​បង្ករឡើងដោយអនុរដ្ឋលេខា​ធិការ ទីស្ដីការគណៈរដ្ឋ​មន្ត្រី លោក សួស យ៉ារ៉ា ដែលបច្ចុប្បន្នជាតំណាងរាស្រ្តខេត្តព្រះវិហារ របស់គណបក្សប្រជាជនកម្ពុជា ដែលមកសុំដីប្រជា​ពល​រដ្ឋ​តាមបណ្ដាយផ្លូវ​ជាតិ​ប្រវែង​៥០០​ម៉ែត្រ ជម្រៅចូលក្នុង៥០០ម៉ែត្រ ដែលជាកន្លែងប្រជា​ពលរដ្ឋរស់នៅ សម្រាប់ ធ្វើជាកម្មសិទ្ធិ​ផ្ទាល់​ខ្លួន តែប្រជាពលរដ្ឋមិនព្រម ជាហេតុធ្វើឲ្យលោក សួស យ៉ារ៉ា រៀបចំគម្រោង​បំភ័ន្តភ្នែក​ថ្នាក់​ដឹកនាំ ដើម្បីបំផ្លាញភូមិស្វាយជ្រំ ដោយ​បណ្ដេញ​ប្រជាពលរដ្ឋចេញពីភូមិ និងធ្វើរបាយ​ការណ៍​ឃុបឃិតគ្នា ភូតភរ លោក ស ខេង​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថាប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ស្នើ​អាជ្ញា​ធរ ឲ្យរុះរើផ្ទះសំបែង ចាកចេញពី​ភូមិ​ ដោយមានការ​ភ័យខ្លាចសង្គ្រាម​ប៉ះទង្គិចគ្នាជា​មួយទាហានសៀម ។

លោកបន្តថា ប្រជាពលរដ្ឋទាំង២៥៣គ្រួសារ ​ ស្នើឲ្យរដ្ឋាភិបាល​ បញ្ជូនក្រុមការងារពិសេស ដែល​មាន​មនសិការ វិជ្ជាជីវៈត្រឹមត្រូវ ដើម្បីចុះទៅពិនិត្យ ពីការ​លំ​បាកពិតប្រាកដ របស់​ប្រជា​ពល​រដ្ឋដែលរស់នៅភូមិស្វាយជ្រំ ។

គួរបញ្ជាក់ថា ភូមិស្វាយជ្រំ គឺជាភូមិចាស់ជំនាន់ដើម ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៦២ រីឯ​ទំ​នាស់ដីធ្លីនេះ បានកើតឡើងក្នុងអំឡុងពីខែធ្នូ ឆ្នាំ២០១១ រហូតមកទល់និងពេលនេះ ​នៅតែ​មិ​ន​មានដំណោះស្រាយណាមួយសមរម្យជូនពួកគាត់នៅឡើយទេ ៕

No comments:

Post a Comment

yes