សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 5, 2014

លោកកឹមសុខាផ្ដួចផ្ដើម​ឲ្យ​បង្កើត​មជ្ឈមណ្ឌល​កត់ត្រា​ទុក​ឯកសារ​ឧក្រិដ្ឋកម្ម

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​ពិធី​បុណ្យ​រំលឹក​
ខួប​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា លើក​ទី​១៧ ឆ្នាំ​១៩៩៧ នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៤

នៅ​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បុណ្យ​រំលឹក​ខួប​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា លើក​ទី​១៧ ដែល​ជា​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​គ្នា​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឆ្នាំ​១៩៩៧។
អនុប្រធាន និង​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា នឹង​បង្កើត​មជ្ឈមណ្ឌល​រក្សា​ទុក​ឯកសារ​ឧក្រិដ្ឋកម្ម​មួយ ដើម្បី​បំបាត់​និទ្ទណ្ឌភាព​នៅ​កម្ពុជា។
លោក កឹម សុខា ថ្លែង​ប្ដេជ្ញា​នយោបាយ​នៅ​ក្នុង​ពិធី​បុណ្យ​រំលឹក​ខួប​រដ្ឋ​ប្រហារ​លើក​ទី​១៧ នៅ​ថ្ងៃ​ទី​៥ កក្កដា ថា ការ​ផ្ដួចផ្ដើម​បង្កើត​មជ្ឈមណ្ឌល​កត់ត្រា​ទុក​ឯកសារ​ឧក្រិដ្ឋកម្ម គឺ​ជា​យន្តការ​ធានា​បញ្ចប់​និទ្ទណ្ឌភាព​នៅ​កម្ពុជា និង​រក​យុត្តិធម៌​ដល់​អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ឧក្រិដ្ឋកម្ម ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក៖ «ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព​នេះ ដើម្បី​រក​យុត្តិធម៌​ឱ្យ​អ្នក​ទាំង​ឡាយ​ដែល​ស្លាប់​ដោយ​អំពើ​ឧក្រិដ្ឋ​របស់​អ្នក​មាន​អំណាច​កន្លង​មក​នេះ យើង​ខ្ញុំ​នឹង​ស្នើ​ឱ្យ​មាន​បង្កើត​មជ្ឈមណ្ឌល​មួយ គេ​ហៅ​ថា​មជ្ឈមណ្ឌល​កត់ត្រា​នូវ​ឧក្រិដ្ឋកម្ម​ទាំង​ឡាយ ដែល​កើត​មាន​នៅ​កម្ពុជា នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទី​ពីរ​នេះ ចាប់​ពី​ឆ្នាំ​១៩៩៣ មក»
លោក​បញ្ជាក់​ថា ឧក្រិដ្ឋកម្ម​ដែល​លោក​ចង់​ឱ្យ​កត់ត្រា​ទុក​ក្នុង​មជ្ឈមណ្ឌល​រក្សា​ទុក​ឯកសារ​នេះ មាន​ជាអាទិ៍ ការ​សម្លាប់ លោក ជា វិជ្ជា ការ​បោក​គ្រាប់​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា និង​ការ​បាញ់​ប្រហារ​នៅ​ខែ​មករា ឆ្នាំ​២០១៤ នេះ​ជា​ដើម។

លោក កឹម សុខា ថ្លែង​ទៀត​ថា ការ​រំលឹក​ខួប​រដ្ឋ​ប្រហារ​លើក​ទី​១៧ នេះ គឺ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​លោក​ចាត់​ទុក​ថា ស្លាប់​ដើម្បី​បុព្វហេតុ​ឯករាជ្យ​ភាព​ជាតិ អធិបតេយ្យ បូរណភាព​ទឹក​ដី​ពេញ​លេញ មិន​រណប​បរទេស និង​លទ្ធិ​ប្រជាធិបតេយ្យ៖ «សុទ្ធ​តែ​ជា​យុទ្ធមិត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ មាន​គោល​បំណង​ដូច​ជា​យុទ្ធ​យើង​ដែល​បាន​បូជា​ជីវិត​កន្លង​ទៅ​នេះ​ដែរ ... ការ​ស៊ូ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ការ​បន្ត​វេន​របស់​អ្នក​ទៅ​នោះ»
នៅ​ក្នុង​ពិធី​បុណ្យ​រំលឹក​ខួប​រដ្ឋ​ប្រហារ​លើក​ទី​១៧ នៅ​ថ្ងៃ​ទី​៥ កក្កដា លោក កឹម សុខា ក៏​បាន​ថ្លែង​សារ​នយោបាយ​ដាក់​អ្នក​នយោបាយ​ដទៃ​ទៀត​ដែរ។ ក្នុង​នោះ លោក​ថ្លែង​សំដៅ​ការ​បង្កើត​គណបក្ស​ថ្មី​របស់​អតីត​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច គឺ​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ៖ «ខ្ញុំ​និយាយ​ឱ្យ​ចំ​ចុះ សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ នាំ​កងទ័ព​ប្រឆាំង​គណបក្ស​ប្រជាជន មែន​ឬ​មិន​មែន​បង​ប្អូន? បើ រណឫទ្ធិ អត់​នាំ​ទេ អ្នក​ទាំង​នោះ​អត់​ទៅ​ទេ។ អ៊ីចឹង​ពេល​អ្នក​នាំ​ទៅ​ហើយ គេ​សម្លាប់​កូន​ចៅ​របស់​ខ្លួន ហើយ​សម្ងំ​ចង់​បង្កើត​គណបក្ស​គាំទ្រ​អ្នក​សម្លាប់​កូន​ចៅ​ខ្លួន​ទៀត តើ​មេ​ហ្នឹង​អន់​ដល់​ប៉ុណ្ណា?»
នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ចំពោះ​ប្រសាសន៍​របស់ លោក កឹម សុខា នោះ​នៅ​ឡើយ នៅ​រសៀល​ថ្ងៃ​ទី​៥ ខែ​កក្កដា។
នៅ​ក្នុង​ពិធី​នេះ យើង​ឃើញ​មាន​ការ​ចូលរួម​ពី​អ្នក​នយោបាយ​ជើង​ចាស់​មួយ​ចំនួន​ទៀត ដូច​ជា លោក ប៉ែន សុវណ្ណ អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សឺន ស៊ូប៊ែរ្តិ៍ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​លោក លឺ ឡាយស្រេង ដែល​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច។
ទាក់ទង​នឹង​ព្រឹត្តិការណ៍​នេះ​ដែរ ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែង​រិះគន់​គណបក្ស​ធ្លាប់​ឈ្លោះ​គ្នា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​មិន​ហ៊ាន​ហៅ​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នៅ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ នោះ ថា​ជា​រដ្ឋ​ប្រហារ។
ទាក់ទង​នឹង​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​វិញ លោក កឹម សុខា ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ទាមទារ​ឱ្យ​មាន​ការ​កែ​ទម្រង់​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត ដោយ​ការ​ជ្រើស​រើស​តាម​សំឡេង ២​ភាគ​៣ ដដែល៕

No comments:

Post a Comment

yes