សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 5, 2014

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​នៅ​ក្រចេះ​បារម្ភ​ចំពោះ​ការ​វិនាស​ហិនហោច​ព្រៃ​ឈើ

សកម្មភាព​ប្រជា​សហគមន៍​ស្រុក​ស្នូល ខេត្ត​ក្រចេះ ដុត​បំផ្លាញ​ឈើ​ប្រណិត​
របស់​ជនល្មើស ក្នុង​ដែន​ជម្រក​អភិរក្ស​សត្វ​ស្រុក​ស្នួល កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៣

ពលរដ្ឋ និង​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឡង់ នៅ​ខេត្ត​ក្រចេះ កំពុង​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​ការ​វិនាស​ហិនហោច​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ បន្ទាប់​ពី​កើត​មាន​ករណី​ចូលរួម​បំផ្លាញ​ធនធាន​ធម្មជាតិ​ទាំង​នោះ ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ។
បណ្ដាញ​សហគមន៍​បាន​រក​ឃើញ​ថា កង​ទាហាន​នៅ​វរៈ​សេនា​តូច​លេខ​០២ នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ បាន​ធ្វើ​សកម្មភាព​កាង​ឈើ​ដែល​កាប់​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ដោយ​ខុស​ច្បាប់។
ការ​រក​ឃើញ​ថា កង​ទាហាន​នៅ​កងវរៈសេនាតូច​លេខ​០២ ជា​អ្នក​ចូល​ដៃ​ជើង​ក្នុង​ការ​បិទ​បាំង​បទល្មើស និង​ការពារ​ឈ្មួញ គឺ​នៅ​ក្នុង​ពេល​ដែល​ប្រជា​សហគមន៍​ការពារ​ធនធាន​ព្រៃ​ឈើ​ដើរ​ល្បាត នៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​២ កក្កដា ស្រប​ពេល​ដែល​បទល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តែ​បន្ត​កើត​មាន។
ប្រជាពលរដ្ឋ​ម្នាក់​នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ អ្នកស្រី ម៉ៅ ឱ្យ​ដឹង​ថា ពួក​គាត់​ប្រមាណ ៦០​នាក់ នាំ​គ្នា​ចុះ​ល្បាត​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ដើម្បី​ពិនិត្យ​ករណី​កាប់​បំផ្លាញ​ព្រៃ​ឈើ កាល​ពី​ពេល​កន្លង​ទៅ។ ក្នុង​ការ​ពិនិត្យ​នោះ ពួក​គាត់​បាន​ខក​ចិត្ត​នៅ​ពេល​ឃើញ​ទាហាន​នៅ​កង​វរៈ​០២ ប្រដាប់​ដោយ​អាវុធ បែរ​ជា​ការពារ​ដល់​អ្នក​ប្រព្រឹត្តិ​បទល្មើស​ទៅ​វិញ។

អ្នកស្រី ម៉ៅ៖ «ព្រួយ​បារម្ភ​ដែរ ព្រោះ​ថា នៅ​ពេល​ខ្ញុំ​ចុះ​ធ្វើ​ការ​ទៅ គេ​មាន​គ្រឿង​អាវុធ​គ្រឿង​អី​អ៊ីចឹង មិន​អាច​ធ្វើ​អី​គេ​បាន​អ៊ីចឹង យើង​ខ្លាចៗ​គេ​នៅ​ក្នុង​ព្រៃ បើ​យើង​ធ្វើ​ការ​ដោះស្រាយ​ទៅ បើ​ដៃ​ទទេ​ដូច​គ្នា​ទៅ​មាន​អី»
បណ្ដាញ​ស្នូល​សហគមន៍​ព្រៃ​ឡង់ ម្នាក់​ទៀត​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ដែរ​ថា ខណៈ​ពួក​គាត់​កំពុង​ល្បាត​ព្រៃ​នោះ ឃើញ​មាន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ជាច្រើន​រទេះ។ លោក​បន្ត​ថា ឃើញ​មាន​ទាហាន​កង​វរៈ​០២ នៅ​ក្នុង​ឃុំ​កំពង់ចាម ៣​នាក់ ប្រដាប់​ដោយ​កាំភ្លើង ធ្វើ​ការ​រារាំង​ដំណើរ​របស់​ពួក​គាត់ មិន​ឱ្យ​ចូល​ទៅ​តំបន់​ដែល​មាន​ករណី​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទៅ​វិញ។ លោក​យល់​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ស្រុក​ខ្មែរ គឺ​កើត​ចេញ​ពី​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ រួម​នឹង​អាជ្ញាធរ​មន្ត្រី​ដែល​ពាក់ព័ន្ធ​បែប​នេះ​ឯង៖ «បើ​តាម​ពិត ខ្ញុំ​យល់​ថា ពួក​គាត់​ជា​អ្នក​រួម​បំផ្លាញ​ព្រៃ​ឈើ ដោយសារ​អាថ៌កំបាំង​ពួក​មេ​ខាង​លើ ប្រហែល​ជា​គាត់​មិន​យក​ចិត្ត​ទុក​ដាក់​លើ​កូន​ចៅ​របស់​ពួក​គាត់​ទេ។ អ៊ីចឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ គឺ​កើត​ឡើង​ដោយ​ពួក​គាត់​ទាំងអស់​នេះ​ឯង»
ពលរដ្ឋ​បារម្ភ​ថា ប្រសិន​បើ​ក្រុម​កង​កម្លាំង​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ថ្នាក់​លើ មិន​អើពើ​ចំពោះ​សកម្មភាព​របស់​មន្ត្រី​ខ្លួន ឬ​កម្លាំង​ខ្លួន ដែល​តែង​តែ​ឆក់​យក​ឱកាស ដើម្បី​ប្រព្រឹត្ត​បទល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​ត​ទៅ​ទៀត​នោះ អនាគត​ព្រៃ​នៅ​ស្រុក​ខ្មែរ នឹង​វិនាស​ក្នុង​ពេល​ឆាប់ៗ។
ទាក់ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ មេ​កង​កម្លាំង​អនុ​សេនា​ធំ​លេខ​០៦ ស្ថិត​ក្រោម​ចំណុះ​កងវរៈសេនាតូច​លេខ​០២ លោក មាស ចាន់នឿង បាន​បដិសេធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់ ដោយ​លោក​បញ្ជាក់​ថា នៅ​ពេល​ក្រុម​កង​កម្លាំង​លោក​ចុះ​ទៅ​នោះ គឺ​មាន​ការ​បញ្ជា​ពី​ថ្នាក់​លើ ដើម្បី​ចុះ​ទៅ​ពិនិត្យ​ពី​បញ្ហា​បទល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​តំបន់​នោះ​ដែរ។ លោក​បន្ត​ថា នៅ​ពេល​ចុះ គាប់​ជួន​គោយន្ត​របស់​ទាហាន​ទាំង​នោះ​ជាប់​ផុង​នៅ​ចំណុច​ថ្មកំបោជ្រោង ក៏​បាន​ជួប​ជាមួយ​ក្រុម​បណ្ដាញ​ព្រៃ​ឡង់​តែ​ម្តង ប៉ុន្តែ​បែរ​ជា​ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​ថា ពួក​គាត់​កាង​ឈើ​ទៅ​វិញ៖ «អត់​មាន​ទេ​បង! កម្លាំង​ហ្នឹង​ខ្ញុំ​ឱ្យ​ចុះ​ទៅ​ធ្វើ​ការ​ចុះ​ទៅ​ធ្វើ​ការ ព្រោះ​គេ​ថា​មាន​រាយការណ៍​ថា មាន​កម្លាំង​ចុះ​ទៅ​កាប់​ឈើ​កាប់​អី​នៅ​ព្រៃ​ឡង់​ហ្នឹង មេ​គាត់​ឱ្យ​ចុះ​ទៅ​មើល»
លោក​បន្ថែម​ទៀត​ថា នៅ​តំបន់​នោះ​ពិត​ជា​មាន​បទល្មើស​ព្រៃ​ឈើ​មែន ហើយ​ភាគ​ច្រើន គឺ​ប្រជាពលរដ្ឋ​នៅ​ទីនោះ គាត់​នាំ​គ្នា​កាប់​យក​សង់​ផ្ទះ។ ចំណែក​ឈើ ៥​គោយន្ត ដែល​ប្រជា​សហគមន៍​អះអាង​ថា ទាហាន​កាង​នោះ គឺ​ជា​របស់​ប្រជាពលរដ្ឋ​ដែល​កាប់​យក​ធ្វើ​ផ្ទះ​តែ​ប៉ុណ្ណោះ។
យ៉ាង​ណា​ក៏ដោយ នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ មើល​ឃើញ​ថា តាម​ការ​ចុះ​ពិនិត្យ​របស់​លោក​កន្លង​មក ភាគ​ច្រើន​នៃ​អ្នក​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​រកស៊ី​របរ​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​មាន​អំណាច​តែ​ម្តង។ បើ​ទោះ​បី​ជា​ពួក​គេ​ទាំង​នោះ​មិន​បាន​ប្រព្រឹត្ត​ផ្ទាល់ ក៏​បាន​ប្រព្រឹត្ត​ដោយ​ប្រយោល​ដែរ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​យក​ច្បាប់​ព្រៃ​ឈើ​មក​អនុវត្ត​ត្រឹមត្រូវ​វិញ​នោះ កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ភាគ​ច្រើន នៅ​ក្នុង​ជួរ​រដ្ឋាភិបាល សុទ្ធ​តែ​ពាក់ព័ន្ធ​ក្នុង​ការ​រួម​ចំណែក​បំផ្លាញ​ធនធាន​ធម្មជាតិ​មួយ​នេះ៕

No comments:

Post a Comment

yes