សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 12, 2014

ទស្សនៈ​វិភាគ​នយោបាយ​៖ បី​លាន​កាំបិត​​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

ខ្ញុំ​ចាំបាច់​ ត្រូវ​និយាយ​។ ចាំបាច់​! ព្រោះ​ខ្ញុំ​ឃើញ​ជាតិ​មួយ​នេះ កំពុង​ដើរ​ដល់​ផ្លូវបំបែក​មួយ ដ៏​គួរឲ្យ​អាណោចអាធម​។ ពេលនេះ​ហើយ និយាយ​ត្រង់​ទៅ​ត្រង់​មក តែម្តងទៅ​។

១. សម្តេច​ថា​២/៣ ជា​ការបំផ្លាញ​ប្រជាធិបតេយ្យ នឹង​មក​ពី​សម្តេច​ឲ្យនិយមន័យ​ប្រជាធិបតេយ្យ​ថា​“​ជា​ការ​យក​មតិ​ភាគច្រើន ភាគច្រើន​ជា​អ្នកឈ្នះ​”  ហើយ​ធ្វើ​អ្វី​ក៏​បាន​ស្រេច​តែ​ចិត្ត​ចង់ អីចឹង​បើ ភាគច្រើន​ឈ្នះ​ហើយ តែ​ត្រូវ​ចែក​ប្រយោជន៍​ឲ្យ​ភាគតិច​ទៀត​នោះ ទើប​សម្តេច​ចាត់ទុកថា វា​ជា​ការបំផ្លាញ​ប្រជាធិបតេយ្យ​។ សម្តេច​យល់ថា វា​ដូចជា​អត់​យុត្តិធម៌​? 

​ប្រជាធិបតេយ្យ មានន័យ​ថា​“​ការយក​ប្រជាពលរដ្ឋ​ជាធំ​” មិនមែន​“​យក​ភាគច្រើន​ជា​ធំ​ទេ​”​។ នេះ​មានន័យ​ថា រាស្ត្រ​គាំទ្រ​សម្តេច​ដែល​ជា​ភាគច្រើន ក៏​យក​រាស្ត្រ​គាំទ្រ​បក្ស​ជំទាស់ ឬ​ក្រុម​ភាគតិច ក៏​យក គឺ​យក​ទាំង​ពីរ ទើប​វា​ទៅ​ជា​រាស្ត្រ​ជាធំ​កើត​។ ហើយ​បើ​ចង់​បកស្រាយ​យក​“​រាស្ត្រ​ច្រើន​ជាធំ​” គឺ​បាន តែ​ក៏​ត្រូវ​គោរព​សិទ្ធិ​អំណាច​របស់​ក្រុម​ភាគ​តិច​ដែរ បើ​មិន​អញ្ចឹងទេ វា​គ្រាន់តែ​បង្ហាញ​ពី​ភាព​ផ្តាច់ការ​របស់​ក្រុម​ភាគច្រើន លើ​ក្រុម​ភាគ​តិច​តែ​ប៉ុណ្ណោះ​។ ហើយ​បើ​ថា​សម្តេច​ភាគច្រើន ក៏​មិនសូវ​ត្រូវ​ដែរ ព្រោះ​សម្តេច​លើស​បក្សប្រឆាំង​តែ​២​សែន​នាក់​ប៉ុណ្ណោះ​។ 

​ឧទាហរណ៍​ថា​៖ គ្រួសារ​សម្តេច​មាន​គ្នា​ទាំងអស់​១០​នាក់​។ ពេល​ញាំ​បាយ ក៏​សួរ​គ្នា​ថា តើ​ចង់​ញាំ​អី​? កូន និង​ប្រពន្ធ​សម្តេច​ថា​ចង់​សម្ល​កកូរ តែ​សម្តេច​ថា​ចង់​សម្លរ​ម្ជូរយួន​វិញ ម្យ៉ាង​សម្តេច​មាន​ប្រតិកម្ម​នឹង​សម្លរ​កកូរ​ខ្មែរ​ផង​គឺ​ឲ្យតែ​ញាំ ចេះ​តែ​ចុកពោះ​រាគ​រួស​។ ចឹង​បើ​ឲ្យនិយមន័យ​ថា ប្រជាធិបតេយ្យ គឺ​យក​មតិ​ភាគច្រើន គឺ​សម្តេច​មិន​អាច​ញាំ​សម្លរ​ម្ជូរយួន​បានទេ ត្រូវតែ​ញាំ​សម្ល​កកូរ ដូច​គេឯង បើ​ទោះជា​ត្រូវ​ញាំ​ហើយ ឈឺ​ពុល​អាហារ​រាគ​រួស​ក៏ដោយ​។ សម្តេច​ចង់​បាន​អញ្ចឹង​? 


​ថ្វីត្បិតតែ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ពី​បក្ស​ប្រជាជន​កម្ពុជា តែ​ពេល​ឈ្នះឆ្នោត មិនមែន​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៃ​បក្ស​ទេ តែ​គឺជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រជាជាតិ​ខ្មែរ​ទាំងមូល​។ បើ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៃ​ជាតិខ្មែរ​ទាំងមូល គឺ​ត្រូវ​ស្តាប់​គេ​ភាគ​តិច​ដែរ ព្រោះ​ភាគតិច​នឹង​ក៏​ជា​រាស្ត្រ​ខ្មែរ​៣​លាន​នាក់​ដែរ ហើយក៏​ជា​រាស្ត្រ​សម្តេច​ដែរ​។ ម្យ៉ាងទៀត​២/៣​ណ្នឹ​ង​ហើយ ដែល​ជា​វិធី​ឲ្យ​ខ្មែរ​ទាំងអស់​គ្នា បាន​ចូលរួមចំណែក​ធ្វើឲ្យ​លោក​ក្លាយជា​មេដឹកនាំ​នៃ​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ នោះ​។

២. តើ​សង្គ្រោះ​ជាតិ​បារម្ភ​អ្វី​រឿង​គជប ៥០%+១? លើក​នេះ​មិន​បារម្ភ​ទេ ព្រោះ​មុន​ចូល​សភា បាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយគ្នា​រួច​ហើយ​ពី​សមាសភាព​គជ​ប​។ សម្តេច​ក៏​មិន​ហ៊ាន​ក្បត់​សម្តី​ខ្លួនឯង​ដូចគ្នា​។ តែ​ក្រោយមក មុន​អាណត្តិ​ទី​៦​នៅ​២០១៨ ឬ​អាណត្តិ​ក្រោយៗ​ទៀត ស្រាប់តែ​សម្តេច​មិន​ពេញចិត្ត ឬ​យល់សប្តិ​មិនល្អ ក៏​កែ​គជប ឲ្យទៅ​ជា​ផេះ​ទៅ តើ​សង្គ្រោះ​ជាតិ យក​អី​ទៅ​ទប់​? 

៣. តើ​បក្ស​ប្រជាជន​កម្ពុជា​បារម្ភ​អ្វី រឿង​គជប ២/៣? សម្តេច​បារម្ភ​ថា​ខ្លាច​ថ្ងៃក្រោយ ពេល​សម្តេច​ចង់​កែប្រែ​អ្វីមួយ​ក្នុង​គជប ស្រាប់តែ​សង្គ្រោះ​ជាតិ​មិន​ព្រម​។ បើ​យក​គជប ចាស់​កើត​ពី​២/៣​ទៅប្រើ សម្តេច​មិន​ចំណេញ​។ ចង់បាន​ស្អី​ថ្មី សង្គ្រោះ​ជាតិ​មិន​ព្រម​។ សង្គ្រោះ​ជាតិ​មិន​ព្រម គជប ក៏​គាំង​។ គជប គាំង អត់​មាន​ការបោះឆ្នោត​។ អត់​ការបោះឆ្នោត អត់​សភា​ថ្មី​។ សភា​ថ្មី​មិនកើត រដ្ឋាភិបាល កើត​មិន​ចេញ​។ កូន​ទី​៦ កើត​មិន​ចេញ ប្រើ​រដ្ឋធម្មនុញ្ញ​បន្ត​នីតិកាល​។ ម្តង​ត​បាន​មួយឆ្នាំ តែ​ត្រូវការ​២/៣​។ ពី​ថ្ងៃនេះ​ទៅ​សម្តេច​គ្មាន​ថ្ងៃ​វិល​ទៅរក​ការ​ក្តាប់​សំឡេង​២/៣​បាន​ទៀត​ទេ ​។ អត់​២/៣ សម្តេច​ត្រូវការ​បក្សប្រឆាំង​។ 

​បើ​យើង​ធ្វើ​ត្រឹមត្រូវ​ល្អ​សម្រាប់​ប្រយោជន៍​ជាតិ ហើយ​បែរ​ជា​បក្ស​សង្គ្រោះ​ជាតិ គេ​ប្រើ​ប្រព័ន្ធ​២/៣ ដើម្បី​រាំងខ្ទប់​យើង មិនឲ្យ​ចេញ​បង្ក​ការខូតខា​តដល់​ជាតិ ពេល​នោះ​អ្នក​ខុស គឺ​សង្គ្រោះ​ជាតិ គេ​នឹង​ស្អប់​សង្គ្រោះ​ជាតិ ហើយ​រាស្ត្រ​កាន់តែ​អាណិត​សម្តេច នឹង​បោះឆ្នោត​ឲ្យ​សម្តេច​ច្រើនៗ​ឡើង​ទៀត​ទៅ​វិញ​ទេតើ​។ ហើយ​បើ​សម្តេច ធ្វើ​ដើម្បី​ជាតិ​មែន តែ​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រឆាំង គឺ​ប្រជាប្រិយភាព​បក្សប្រឆាំង នឹង​ធ្លាក់​ចុះ​។ 

៤. តែបើ​ថា​សម្តេច​បារម្ភ​ខ្លាច​សង្គ្រោះ​ជាតិ​យក​២/៣​ទៅ​ចាក់​សម្លាប់​សម្តេច ក៏​ដូចជា​មិន​ត្រូវ​ដែរ​។ សម្តេច​ដឹង​ច្បាស់​ណាស់​ថា ទោះបី​គជប​២/៣​ក៏ដោយ ក៏​ចាក់​សម្តេច​មិន​ស្លាប់​ដែរ​។ ព្រោះ​សម្តេច​នៅ​កាន់​ប្រតិបត្តិការ​គជប​ដដែល​។ ស្រោម​ក្រៅ​រូប​សេះ​ជា​សង្គ្រោះ​ជាតិ ក្នុង​ពោះ​សេះ គឺជា​សម្តេច ចង់​ចាក់​សម្លាប់​ពេល​ណា​ក៏​បាន​។ តែ​សំខាន់​សម្តេច​ចង់​ដំឡើង​តម្លៃ​គជប​២/៣ ឲ្យ​ឡើងថ្លៃ​កប់​ពពក​។ លក់​ឲ្យបាន​ថ្លៃ​ខ្ពស់ ចាយ​៥​ឆ្នាំ​តែ​ម្តង​។ សម្តេច​យល់ថា បើ​ចេះ​តែ​ឲ្យ​សង្គ្រោះ​ជាតិ​ធូរៗ​ពេក សង្គ្រោះ​ជាតិ​ចេះ​តែ​ទារ​។ សង្គ្រោះ​ជាតិ​ចេះ​តែ​ទារ សម្តេច​ចេះ​តែ​ខាត​។ អីចឹង​សម្តេច ចាំ​មើល​មាត់​សង្គ្រោះ​ជាតិ ប្រាប់​សម្តេច​ថា​“​សង្គ្រោះ​ជាតិ មិន​ត្រូវ​ការ​អ្វី​ទៀត​ទេ ទារ​គជប​២/៣​នេះ គឺជា​ការទារ​ចុងក្រោយ​”​។ ពេលនោះ​សម្តេច នឹង​អុក​ឲ្យ​លាន់​សូ​រ្យ “​ផូង​”​។ 

​ព្រោះ​ក្រៅពី​គជប​(​រូបមន្ត​រាប់​ឆ្នោត និង​ប្រព័ន្ធ​បោះឆ្នោត​) សម្តេច​នៅ​មាន​កូនអុក​ជាច្រើន នៅក្នុង​ដៃ ឈរ​លើ​ទីតាំង​យុទ្ធសាស្ត្រ​ទៅទៀត ដូចជា​៖ សម្តេច​មាន​តុលាការ​ក្នុង​ដៃ មាន​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​ក្រុមប្រឹក្សា​ការពារជាតិ មាន​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម មាន​រាជវាំង មាន​សភា មាន​រដ្ឋាភិបាល​ដែល​អាច​ពុះ​ចែក​ដី បន្ថយ​ឥទ្ធិពល​បក្សប្រឆាំង​ក្នុងពេល​ដែល​សភា នៅតែ​មាន​កៅអី​១២៣​ដដែល ទោះ​សម្តេច​ធ្លាក់ បន្តិច​ទៀត​ក៏​នៅ​គ្រប់​៥០%+១​។ អីចឹង គជប​២/៣ សម្រាប់​សម្តេច តើ​មាន​អ្វី​អស្ចារ្យ​ទៅ​? សម្តេច​ឲ្យ​គជប​២/៣ ដូច​អត់​។ ឲ្យ​ដូចអ​ត់​ឲ្យ​។ 

៥. តើ​សង្គ្រោះ​ជាតិ យក​គជប​២/៣​បាន​អត់​? បាន ឬ​មិន​បាន មិន​នៅ​លើ​សម្តេច​ទេ គឺ​នៅ​លើ​សង្គ្រោះ​ជាតិ​ទេ​។ សង្គ្រោះ​ជាតិ គ្រាន់តែ​ធ្វើ​រឿង​បី​៖ ប្រើ​“​កូនអុក​ជីវិត​”​ចុង​ក្រោយ​ឲ្យ​ត្រូវ​ពេល​លះបង់​សមរភូមិ​តូច បុក​សង្គ្រាម​ធំ និង​បញ្ចប់សង្គ្រាម​ត្រឹម​គជប​២/៣​។ លើសពី​នេះ​សម្តេច​ក៏​ចង់បាន​ដែរ “​ច្បាប់​ការពារ​មេដឹកនាំ​ក្រោយ​អស់​អំណាច​”​។ ខ្ញុំ​ថា​ត្រូវ​ទេ​? 

​ឆ្នាំមុន សម្ព័ន្ធ​នាំ​ទ័ព​បី​លាន​នាក់ ធ្វើ​សង្គ្រាម​យ៉ាង​កក្រើក​មេ​ឃ​រញ្ជួយ​ដី​។ សម្តេច​ដឹង​ថា​សង្គ្រោះ ជាតិ​ចង់​បាន​អី​ទេ​? កែប្រែ​សម័យកាល​បោះ​ហើយ​រាប់​ឆ្នោត​ឡើងវិញ បោះឆ្នោត​ទី​៥​សារ​ថ្មី បោះឆ្នោត​ទី​៦​មុន​អាណត្តិ កាន់​សភា យក​តុលាការ ក្តាប់​គជប​។ ទាំងនេះ​ជា​ជ័យ​ភ័ណ្ឌ ដែល​ទ័ព​បី​លាន​នាក់ ក្តាប់ដៃ​សម្រក់​ឈាម​លើ​កាំបិត​គេ​ម្នាក់ៗ​។ ថ្ងៃនេះ ម៉ោង​នេះ អ្វី​ក៏​គេ​គ្មាន​ដែរ​។ ក្តីសង្ឃឹម​កែប្រែ​សម័យកាល​ត្រូវ​រលាយ រាប់​ឡើងវិញ​ក៏​មិន​បាន បោះ​សារ​ថ្មី​ក៏​មិនកើត បោះ​មុន​អាណត្តិ​ក៏​ទៅ​មិន​រួច កាន់​សភា​ក៏​មិន​ជាប់ ក្តាប់​ញញួរ​ក៏​មិន​បាន​។ របស់​ចុងក្រោយ​តែមួយ ហើយ​តែ​មួយគត់ ដែល​ទ័ព​បី​លាន​នាក់ ចង់​បាន​គឺ គជប​។ ឬ​ក៏​សម្តេច​គិតថា បើ​អីចឹង “​គជប នេះ​ក៏​អញ​មិន​ឲ្យ​ដែរ​”​។​

​ទ័ព​បី​លាន​នាក់​នេះ ដាក់​កាំបិត​ធំ​មួយ​លើ​ស្មា​មេទ័ព​របស់គេ​។ ឬ​ក៏​សម្តេច​យល់ថា បើ​អីចឹង​រឹតតែ​មិនឲ្យ ព្រោះ​សម្តេច​ចង់​ខ្ចី​កាំបិត​ទ័ព​បី​លាន​នាក់​នេះ កាត់​កមេ​សម្ព័ន្ធ​ជំនួស​សម្តេច​? តែ​បញ្ហា​នៅត្រង់ថា បើ​សម្តេច​គិតបែបនេះ មេ​សម្ព័ន្ធ​គ្មាន​ជម្រើស​អ្វី ក្រៅតែពី​សុំ​ខ្ចី​កាំបិត​បី​លានរ​បស់ទ័ព​ខ្លួន មក​កាត់ ក សម្តេច​សិន ចាំ​កាត់ ក មេទ័ព​ខ្លួន​ជា​ក្រោយ ក៏​មិន​ទាន់​ហួសពេល​ដែរ​។ បើ​ទ័ព​បី​លាន​នាក់ សុខចិត្ត​ឲ្យ​សម្តេច​ខ្ចី​កាំបិត​គេ មានរឿង​អី ដែល​គេ​មិន​ហ៊ាន​ឲ្យ​កាំបិត​បី​លាន​ទៅ​មេទ័ព​គេ​មុន ដែល​ធ្លាប់​ស៊ី​អត់​ស៊ី​ឃ្លាន​ក្រ​លំបាក​វេទនា​ជាមួយគ្នា​៣០​ឆ្នាំ​ហើយ​នោះ​ ។ អីចឹង​ពេលនេះ កាំបិត​បី​លាន តម្រង់​មករក ក សម្តេច​ហើយ​។ បី​លាន​នាក់​នេះ បើ​មក​សំលៀង​ក ឲ្យ​សម្តេច កាប់ ក៏​ត្រូវ​កាប់​ប៉ុន្មាន​ថ្ងៃ​បាន​អស់​។ តើ​សម្តេច​មានកាំបិត​បី​លាន ដើម្បី​កាត់​ក​បី​លាន​ដែរឬទេ​? បើ​អត់ គឺ​សម្តេច អស់​ផ្លូវ​ថយក្រោយ​ហើយ​។ 

​សម្តេច​កំពុង​តែ​ធ្វើឲ្យ​ហ្វូង​ចៀម​បី​លាន​ក្បាល​អត់​ជម្រើស​។ ពេល​ហ្វូង​ចៀម អត់​ជម្រើស ចៀម​ក៏​អាច​ប្រែក្លាយ​ធ្មេញ
ឲ្យទៅ​ជា​ចង្កូម ខាំ​សម្តេច​វិញ​ដែរ​។ គេ​ម៉េច​នឹង​សុខចិត្ត ឲ្យ​សម្តេច​ហែក​ស៊ី​ស្រួលៗ​ទៅ​។ ឬ​ក៏​សម្តេច​ថា​ធ្លាប់​ស៊ី​ហើយ ស៊ី​ថែម​ប៉ុន្មាន​ក្បាល​ទៀត ក៏​មិន​អី​ដែរ​?​សម្តេច​កំពុង​ប្រែក្លាយ​ចំណុចខ្សោយ​របស់​សង្គ្រោះ​ជាតិ ឲ្យក្លាយ​ជា​ចំណុច​ខ្លាំង​។ យុទ្ធសាស្ត្រ​របស់​សម្តេច កំពុង​យក​ដុំថ្ម ទម្លាក់​លើ​ជើង​ខ្លួនឯង​ទេ​តើ​។ 

​រឿង​បន្តិចបន្តួច​សោះ ហេតុអ្វី​ក៏​សម្តេច ដូចជា​កំណាញ់​ស្វិត​ម្លេះ​? ហេតុ​អ្វី​សម្តេច ខ្លាច​មុខ ខ្លាច ក្រោយ​អី​យ៉ាងនេះ​? 


​មាន​រឿង​ជាច្រើន ដែល​យើង​អាចធ្វើ​បាន​។ មាន​រឿង​ជាច្រើន ដែល​យើង​គួរ​ធ្វើ ជាជាង​ការឈ្លោះគ្នា​។ ទោះជា​យ៉ាងណា ខ្ញុំ​នៅតែ​មាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​កម្ពុជា ក្នុងសម័យ​ដ៏​រុងរឿង​អស្ចារ្យ​មួយ ជាថ្មី​ម្តងទៀត​។ តែ​ពេល​នេះ យើង​ត្រូវ​ឈប់​ធ្វើឲ្យ​ជាតិខ្មែរ ហូរ​ឈាម​សិន​។ សន្តិភាព​ដែល​បាន​ពី​សង្គ្រាម ជា​សន្តិភាព មិន​ឋិតឋេរ​។ យក​សន្តិភាព បង្កើត​សន្តិភាព ទើប​ជា​សន្តិភាព​រឹងមាំ​៕

No comments:

Post a Comment

yes