សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 22, 2014

ក្រុម​គ្រួសារ​អតីតសកម្មជន​ការពារ​ព្រៃឈើលោក​ឈុតវុទ្ធីនឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការICC​ករណី​ស្លាប់​របស់​លោក​​


ខណៈ​ដែល​អង្គការ​ ការពា​រ​ធនធានធម្មជាតិ ​(NRPG) នឹង​ប្រារព្ធ​ខួប​ ២​ឆ្នាំ​នៃ​ការ​ធ្វើឃាត​លោក ឈុត វុទ្ធី នៅ​កន្លែង​ដែល​លោក​ត្រូវបាន​គេ​បាញ់សម្លាប់ នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា​ខាង​មុខ​នេះ ក្រុមគ្រួសារ​របស់​លោក ឲ្យដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​នឹង​ដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ឲ្យ​ស៊ើបអង្កេត និង​ចាប់​ឃាតករ​ពិត ដែល​បាន​បាញ់សម្លាប់​លោក ឈុត វុទ្ធី មក​ផ្តន្ទាទោស​តាមច្បាប់។​
​កូនប្រុស​លោក ឈុត វុទ្ធី អតីត​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​ជា​សកម្មជន​ការពារ​ព្រៃឈើ លោក ឈើ​យ ឧត្តម​រស្មី ប្រាប់​VOD នៅ​រសៀល​ថ្ងៃ​អង្គារ ទៅ​២២ ខែ​មេសា​នេះ​ថា ឪពុក​របស់​លោក​ត្រូវបាន​គេ​បាញ់​ស្លាប់​ អស់​រយៈពេល​ពីរ​ឆ្នាំ​ទៅ​ហើយ នៅតែ​មិន​ទាន់​ចាប់​ជនដៃដល់​ពិតប្រាកដ មក​ផ្តន្ទាទោស​តាមច្បាប់ ផ្ទុយទៅវិញ​តុលាការ​ក៏​ដូច​ជា​រដ្ឋាភិបាល បាន​ចោទ​កូន​ទាហាន​ម្នាក់​ថា ជា​ឃាតករ​សម្លាប់​លោក ឈុត វុទ្ធី​ទៅវិញ​។ លោក​រិះគន់ថា តុលាការ​កម្ពុជា​មិន​ឯករាជ្យ ស្ថិតក្រោម​ឥទ្ធិពល​អ្នកមានអំណាច។

​នាយក​ប្រតិបត្តិ​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ​(NRPG) លោក ឈឹម សាវុធ មានប្រសាសន៍ថា ការដែល​តុលាការ​កាត់​សេចក្តី​ថា លោក ឈុត វុទ្ធី​ត្រូវបាន​លោក​អ៊ិន រតនា​ជា​អ្នក​បាញ់សម្លាប់​នោះ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ការស្លាប់​រវាង​អ្នក​ទាំង​ពីរ​មាន​លក្ខណៈ​ខុស​គ្នា​ស្រឡះ ហើយ​លោក​ក៏​អស់ជំនឿ​នឹង​តុលាការ​នៅ​កម្ពុជា​ដែរ​។ លោក​បន្តថា អ្នក​ដែល​បញ្ជា​ឲ្យ​សម្លាប់​លោក​ឈុត វុទ្ធី នោះ​មិនមែន​ជា​កូនទាហាន​តូចតាច​នេះ​ទេ គឺជា​ក្រុមមនុស្ស​មួយចំនួន​ដែល​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល។
លោក ឈុត វុទ្ធី ជា​សកម្មជន​ការពារ​ព្រៃឈើ ត្រូវ​បាន​ជនសង្ស័យ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ ឈ្មោះ អ៊ិន រតនា បាញ់សម្លាប់នៅ​ចំណុច​វា​លបី ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅពេល​ដែល​រូបលោក និង​អ្នកកាសែត The Cambodia Daily ពីរ​នាក់​ចូល​ទៅ​ថត​គំនរ​ឈើ នៅ​ក្រុមហ៊ុន Timber Green។
ក្នុង​ហេតុការណ៍​នោះដែរ មន្ត្រី​កងរាជអាវុធហត្ថ​ឈ្មោះ អ៊ិន រតនា នោះ​ក៏​ត្រូវ​គេ​បាញ់​ស្លាប់​ផងដែរ​។ សំណុំរឿង​នេះ ត្រូវបាន​តុលាការ​សាលាដំបូង​ខេត្តកោះកុង សម្រេច​តម្កល់​រឿង​មិន​ចាត់ការ ពោល​គឺ​សំណុំរឿង​ក្តី​នោះ ត្រូវបាន​តុលាការ​អះអាងថា ឃាតករ​ដែល​សម្លាប់​លោក ឈុត វុទ្ធី គឺ​ឈ្មោះ អ៊ិន រតនា ហើយ​ឈ្មោះ អ៊ិន រតនា ក៏​ត្រូវបាន​សម្លាប់​ដែរ ដូច្នេះ​បណ្តឹងអាជ្ញា​ក៏​រលត់​។​
​ប៉ុន្តែ តុលាការ​បាន​ចោទប្រកាន់​លើ ប៉េអឹម​ម្នាក់​ទៀត ឈ្មោះ រ៉ា​ន់ បូ​រ័ត្ន ថា​ជា​អ្នក​សម្លាប់​ឈ្មោះ អ៊ិន រតនា ដោយ​អ​ចេតនា ដោយ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ២​ឆ្នាំ​។ ក៏ប៉ុន្តែ​សាលក្រម នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៣ ចៅក្រម​តុលាការ​ខេត្ត​កោះកុង លោក ខាន់ សុ​ផា​រី បាន​តម្រូវឲ្យ​បុរស​ជាប់ចោទ រ៉ា​ន់ បូ​រ័ត្ន ជាប់​ពន្ធនាគារ​ត្រឹមតែ ៦​ខែ​ប៉ុណ្ណោះ រីឯ​ទោស​នៅសល់ ១​ឆ្នាំ និង៦​ខែ​ទៀត ត្រូវ​ព្យួរទោស​៕

No comments:

Post a Comment

yes