សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 10, 2014

មន្ត្រី​CNRP៖រាល់​ការសម្រេច​របស់​បក្សគឺ​មាន​ការឯកភាព​ពី​លោកកឹមសុខា​​

 លោក អេង ឆៃអ៊ាង

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ឆ្លើយតប​នឹង​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ថា មានបំណង​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស ដោយ​បញ្ជាក់​ថា រាល់​ការសម្រេច​ទាំងឡាយ​ណា​របស់​គណបក្ស ទាល់តែ​មាន​ការឯកភាព​ពី​លោក កឹម សុខា អនុប្រធាន​គណបក្ស​។​
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ពន្យល់ថា លោក សម រង្ស៊ី និង​លោក កឹម សុខា មិនទាន់​បាន​ឯកភាពគ្នា​ចំណុច​ព្រមព្រៀង​រវាង​លោក សម រង្ស៊ី និង​រូបលោក​ក្នុង​ការសន្ទនា​កាលពី​ថ្ងៃ​ពុធ​។​លោក ហ៊ុន សែន ឲ្យដឹងថា លោក បាន​និយាយ​ត្រូវ​គ្នា​ជាមួយ​លោក សម រង្ស៊ី ត្រង់​ចំណុច​ថា ការបោះឆ្នោត​ឃុំ​សង្កាត់​ត្រូវ​ធ្វើឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​រដ្ឋសភា​នៅ​ខែ​កុម្ភៈ​ដដែល​ឆ្នាំ​២០១៨​។ លោក​បញ្ជាក់ថា លោក សម រង្ស៊ី បាន​ស្នើ​សុំ​ពេល​ពិភាក្សា​ជាមួយ​អនុប្រធាន​គណបក្ស លោក កឹម សុខា តែ​លោក​ហ៊ុន សែន ស្នើថា លោក​ជា​ប្រធាន ហេតុអ្វី​បានជា​មិន​អាច​សម្រេច​។ លោក​ស្នើ​ឲ្យ​លោក សម រង្ស៊ី​ប្រាប់​ទៅ​លោក កឹម សុខា​ថា «​កុំឲ្យ​លោក កឹម សុខា រឹង​ពេក​»​។​
​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍​តំណាង​ឲ្យ​លោក សម រង្ស៊ី ថា ការដែល​នាយករដ្ឋមន្ត្រី​យក​ខ្សែអាត់ មកចាក់​ជា​សាធារណៈ​បែបនេះ​គឺ ចំណុច​មួយ​ដែល​មិន​ត្រឹមត្រូវ ហើយ​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រទេសជាតិ​។ លោក​បញ្ជាក់ថា ការចាក់ផ្សាយ​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​បំបែកបំបាក់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បន្តថា នឹង​មិន​មាន​ជំនួប​កំពូល​អ្វី​ទេ ប្រសិនបើ​ការចរចា​ក្រៅផ្លូវការ​នៅ​មិនទាន់​បាន​ព្រមព្រៀង​ដោយ​មាន​ការឯកភាព​ពី​លោក កឹម សុខា​។ 
​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​អប់រំ លោក ហ៊ុន សែន បាន​ចាក់​ផ្សាយ​សំឡេង​សន្ទនា​រយៈពេល​៤៤​នាទី​រវាង​លោក និង​លោក សម រង្ស៊ី ជា​ភ័ស្តុតាង ដែល​លោក​បាន​ថត​ទុក​។​លោក បញ្ជាក់​ថា​ចំណុច​ដែល​លោក​បាន​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី គឺ​មាន​កំណែទម្រង់​ស្ថាប័ន​ការបោះឆ្នោត កំណែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ភាគី​ទាំងពីរ បាន​ឯកភាព​។ លោក​បន្តថា ចំណុច​មួយទៀត​ដែល​សំខាន់ តែ​នៅ​ជា​បញ្ហា គឺ​កាលបរិច្ឆេត​នៃ​ការបោះឆ្នោត​រដ្ឋសភា និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។ 

​នៅថ្ងៃនេះ លោក ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើ​មិនមាន​ការឯកភាព​គ្នា ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ការចរចា នេះ​មិនមែន​ជា​កំហុស​របស់​លោក និង​លោក សម រង្ស៊ី​ទេ គឺ​កំហុស​របស់​លោក កឹម សុខា​។​
​លោក កឹម សុខា កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ក្រៅប្រទេស​។ លោក នឹង​ត្រឡប់​កម្ពុជា​វិញ នៅក្រោយ​ពិធី​បុណ្យចូលឆ្នាំ​វិញ​។​
​បន្ទាប់​ពី​ការសន្ទនា​របស់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដឹង​ពី​ការសន្ទនា​នេះ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ការពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ផ្តោត​ទៅ​លើ​ទី​១ ពេលវេលា​នៃ​ការបោះឆ្នោត​ឡើងវិញ សម្រាប់​ការបោះឆ្នោត​ជាតិ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ទី​២ កំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. និង​ការកែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​៕

No comments:

Post a Comment

yes