សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 10, 2014

ព្រឹត្តិការណ៍​នយោបាយ​សំខាន់ៗ​នៅ​ក្នុង​ឆ្នាំ​ម្សាញ់

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​បាតុកម្ម​នៅ​ទីលាន​ប្រជា
ធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​១៥ ធ្នូ ឆ្នាំ​២០១៣

ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ​ឆ្នាំ​មមី សង្ក្រាន្ត​ចំ​ថ្ងៃ ១៥​កើត ថ្ងៃ​ពេញបូរមី ១​រោច និង ២​រោច ខែ​ចែត្រ ពុទ្ធ​សករាជ ២៥៥៨ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​១៤ ១៥ និង ១៦ ខែ​មេសា ឆ្នាំ​២០១៤ ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ជួបជុំ​ក្រុម​គ្រួសារ ដើម្បី​អំណរ​ទេវតា​ឆ្នាំ​ថ្មី។
ឆ្នាំ​ថ្មី​ចូល​មក​ក៏​ពិត​មែន ប៉ុន្តែ​ព្រឹត្តិការណ៍​នានា​ក្នុង​ឆ្នាំ​ចាស់ បាន​ដិត​ដាម​ក្នុង​អារម្មណ៍​ពលរដ្ឋ​ខ្មែរ​នៅ​ឡើយ។ រឿងរ៉ាវ​មួយ​ចំនួន​មិន​ទាន់​ត្រូវ​បាន​អ្នក​នយោបាយ​ដោះស្រាយ​បញ្ចប់ ដើម្បី​ជា​ជំនូន​ឆ្នាំ​ថ្មី​ជូន​រាស្ត្រ​ខ្មែរ​នោះ​ទេ។
ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ទៀត​នេះ ឆ្នាំ​ម្សាញ់ នឹង​ក្លាយ​ជា​ឆ្នាំ​ចាស់។ ឆ្នាំ​នេះ​មាន​ព្រឹត្តិការណ៍​ស្វាគមន៍​ដំបូង​នោះ គឺ​សមាជ និង​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ចេញ​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៉ី និង​គណបក្ស​សិទ្ធិ​មនុស្ស។ គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​បាន​ជាង ១​ខែ​ប៉ុណ្ណោះ អនុ​ប្រធាន​គណបក្ស​លោក កឹម សុខា បាន​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ ការ​បោះ​ឆ្នោត​កែ​ទម្រង់​ការ​បោះ​ឆ្នោត និង​ទាមទារ​ឲ្យ​លោក សម រង្ស៉ី បាន​ចូល​ស្រុក​វិញ បន្ទាប់​ពី​គេច​ខ្លួន​អស់​រយៈ​ពេល​ជាង ៣​ឆ្នាំ ក្នុង​សំណុំ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន។ រដ្ឋាភិបាល​មិន​ព្រម​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ទេ ហើយ​ព្រឹត្តិការណ៍​មួយ​ចំនួន​បាន​ដាក់​សម្ពាធ​លើ​អនុ​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា ទៀត​ផង។

ព្រឹត្តិការណ៍​ទាំង​នោះ​រួម​មាន៖ បាតុកម្ម​របស់​អតីត​អ្នក​ទោស​គុក​ទួលស្លែង លោក ជុំ ម៉ី ស្ត្រី​ម្នាក់​ចេញ​មុខ​ប្រកាស​ថា ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា និង​ការ​បង្កើត​ច្បាប់​ដាក់​ទោស​អ្នក​មិន​ទទួល​ស្គាល់​របប​ខ្មែរ​ក្រហម​ជាដើម។
ព្រឹត្តិការណ៍​ឃោសនា​បោះ​ឆ្នោត​អាណត្តិ​ទី​៥ ជា​ប្រវត្តិសាស្ត្រ​បាន​ចូល​មក​ដល់ គំនាប​ពី​បរទេស​ក៏​កាន់​តែ​បន្ថែម​លើ​រដ្ឋាភិបាល​ក្នុង​បំណង​បើក​ផ្លូវ​ឲ្យ​លោក សម រង្ស៉ី ចូល​ស្រុក។ 
រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ស្នើ​សូម​ព្រះរាជទាន​ទោស​ជូន​លោក សម រង្ស៉ី ដើម្បី​ឲ្យ​មេ​បក្ស​ប្រឆាំង​មាន​ឱកាស​ត្រឡប់​ចូល​ស្រុក ហើយ​ភ្លាមៗ​នោះ សន្ទុះ​គាំទ្រ​បក្ស​ប្រឆាំង​កាន់តែ​ផុសផុល​ឡើង។
មាត់​ចាប​មាត់​ព្រាប​ប្រាប់​ពី​លទ្ធផល​បោះ​ឆ្នោត ក៏​ជា​ព្រឹត្តិការណ៍​មិន​អាច​ភ្លេច​បាន​ដែរ។ មនុស្សម្នា​ជា​ច្រើន​នាក់​ទូរស័ព្ទ​ប្រាប់​សាច់ញាតិ​ថា បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត។ សភាពការណ៍​នៅ​ភ្នំពេញ ស្រាប់​តែ​ភាព​តានតឹង​ដោយ​មាន​រថក្រោះ​កម្លាំង​ប្រដាប់​អាវុធ​បាន​ចល័ត​ចូល​ក្រុង ខណៈ​ដែល​មី​កញ្ចប់ សាំង និង​អង្ករ បាន​ឡើង​ថ្លៃ​កប់​ពពក​ក្នុង​រយៈពេល​តែ​កន្លះ​ម៉ោង។
ស្ថានីយ​ទូរទស្សន៍​ជាតិ​ចាប់​ផ្ដើម​ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​បណ្ដោះអាសន្ន និង​ប្រកាស​ដូរ​ម៉ោង​ផ្សាយ​លទ្ធផល​ឆ្នោត។ រឿង​មួយ​ដែល​អ្នក​ស្រុក​ផ្អើល​ពេញ​ប្រទេស​នោះ គឺ​លោក សម រង្ស៉ី ប្រកាស​ឈ្នះ​ឆ្នោត​តាម​ហ្វេសប៊ុក (Facebook)។
យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៉ី ពន្យល់​តាម​រលក​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​ថា រឿង​នេះ​ជា​ជោគជ័យ​របស់​គណបក្ស​ប្រឆាំង​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ទូរស័ព្ទ​របស់​លោក​ក៏​ស្រាប់​តែ​ដាច់​ពី​រលក​ផ្សាយ​ផ្ទាល់​តែម្ដង។ ប្រហែល ៥​នាទី​ក្រោយ​មក អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បាន​ប្រកាស​តាម​ហ្វេសប៊ុក​ថា គណបក្ស​ប្រជាជន ៦៨​អាសនៈ និង​បក្ស​ប្រឆាំង ៥៥​អាសនៈ ហើយ​លទ្ធផល​នេះ​គ្មាន​ការ​កែប្រែ។ បន្ទាប់​ពី​នោះ សភាពការណ៍​ទូទៅ​បាន​ក្លាយ​ជា​ធម្មតា​វិញ។ លទ្ធផល​ឆ្នោត​ក៏​ចេញ​ជា​ហូរហែ និង​ត្រូវ​ដូច​នឹង​ការ​ប្រកាស​របស់​លោក ខៀវ កាញារីទ្ធ បេះ​បិទ​តែម្ដង។ បក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សមាជ​ធ្វើ​យុទ្ធនាការ​ការទូត​រហូត​ធ្វើ​បាតុកម្ម​ដើម្បី​ជំទាស់​នឹង​លទ្ធផល​បោះ​ឆ្នោត និង​ទាមទារ​ឲ្យ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។
ក្នុង​ឆ្នាំ​ម្សាញ់​វស្សា​នេះ ភ្លៀង​ធ្លាក់​ខ្លាំង បង្ក​ទឹក​ជំនន់​ជន់​លិច​ភូមិឋាន​អ្នក​ស្រុក​ស្ទើរ​ទូទាំង​ប្រទេស។ខុស​ស្រឡះ​ពី​ឆ្នាំ​រោង ដែល​ទឹក​តែងតែ​ធំ បែរ​ជា​ខ្សត់​ទឹក​នៅ​តំបន់​ខ្លះ​ជួប​គ្រោះ​រាំង​ស្ងួត។ ទឹក​ជន់​ខុស​ទំនាយ​បែប​នេះ ក៏​កើត​ឡើង​ស្របាល​គ្នា​នឹង​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា​ដែរ។ ទឹក​ជំនន់​នេះ បាន​សម្លាប់​មនុស្ស​ជាង ១០០​នាក់ និង​ធ្វើ​ឲ្យ​អ្នក​ស្រុក​ជាង ១​លាន​នាក់​រង​ផល​ប៉ះពាល់។
ទន្ទឹម​នឹង​ស្ថានភាព​ប្រកាស​អាសន្ន​ពី​គ្រោះ​ធម្មជាតិ​នេះ សប្បុរសជន​ស្ថាប័ន​មនុស្ស សង្គម​ស៊ីវិល អង្គភាព​រដ្ឋ និង​គណបក្ស​នយោបាយ បាន​ចុះ​ចែក​អំណោយ​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​ហូរហែ​ជាប់​គ្នា​រដឹក។
ភ័យ​នឹង​ទឹក​លិច​មិន​ទាន់​បាត់​ផង អ្នក​នយោបាយ​ក៏​បន្ថែម​ភ្លើង​មួយ​ជាន់​ទៀត។ គណបក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឯ​បក្ស​កាន់​អំណាច​បាន​រឹត​បន្តឹង​សន្តិសុខ រហូត​ដល់​ក្លាយ​ជា​អំពើ​ហិង្សា​ប៉ះ​គ្នា​មួយ​ប្រាវ​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់។ ពលរដ្ឋ​គប់​ដុំ​ថ្ម​សមត្ថកិច្ច​បាញ់​កាំភ្លើង​គ្រាប់​ពិត​សម្លាប់​យុវជន​ម្នាក់ និង​បង្ក​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​រង​របួស។ ដើម្បី​សម្រាល​ស្ថានការណ៍ លោក ហ៊ុន សែន និង​លោក សម រង្ស៉ី ក៏​សម្រេច​ចិត្ត​ពិភាក្សា​គ្នា ប៉ុន្តែ​សមិទ្ធផល​ដុំ​កំភួន​មិន​មាន​នៅ​ពេល​នោះ​ឡើយ។
ថ្ងៃ​បើក​កិច្ច​ប្រជុំ​សភា​ជា​លើក​ដំបូង​ក៏​ជា​ថ្ងៃ​បិទ​ចំ​ថ្ងៃ​បិណ្ឌ ៣ គឺ ៣​រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​២៣ កញ្ញា អាជ្ញាធរ​រដ្ឋាភិបាល​បាន​ដាក់​ទ័ព ដាក់​របាំង​លួស​បន្លា​ព័ទ្ធ​ជិតជុំ​ស្ទើរ​មួយ​ចំហៀង​ក្រុង​ភ្នំពេញ។ ព្រះ​បរម​រាជវាំង មាត់​ទន្លេ​ដែល​ធ្លាប់​មាន​មនុស្ស​អ៊ូអរ​ទៅ​កម្សាន្ត​ទៅ​បន់ស្រន់ បាន​ក្លាយ​ជា​ទី​ស្ងាត់​ជ្រងំ លាយ​ឡំ​នឹង​តំណក់​ភ្លៀង​ធ្លាក់​ស្រិចៗ ក្រោម​ក្រសែ​ភ្នែក​កងទ័ព​កាន់​អាវុធ​ស្វ័យប្រវត្តិ​គ្រប់​ដៃ។ មួយ​ថ្ងៃ​ក្រោយ លោក ហ៊ុន សែន ប្រកាស​ពី​គោលនយោបាយ​កំណែ​ទម្រង់​បោសសំអាត​អំពើ​បក្ស​ពួក​និយម​ក្នុង​ក្រសួង​និមួយៗ ប៉ុន្តែ​កូន​អ្នក​ធំ​ក៏​កាន់​តំណែង​ធំ​ក្នុង​ជួរ​រដ្ឋាភិបាល​ដដែល។
ចុង​វស្សា​ឆ្នាំ​នេះ ក៏​ជា​ពេល​ដែល​បក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​ដែរ។ បាតុកម្ម​រយៈពេល ៣​អាទិត្យ​ជាប់ៗ​គ្នា បាន​បង្រៀន​ក្មេង​តូចៗ​ឲ្យ​ចេះ​ពាក្យ "ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅ" ជំនួស​ពាក្យ​ថា "ដូរៗ" ដែល​បក្ស​ប្រឆាំង​បង្កើត​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត។ បន្ថែម​ពី​នោះ​កម្មករ ក៏​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​ដំណាល​គ្នា​ដែរ។
នៅ​ចុង​ខែ​មិគសិរ ឆ្នាំ​ម្សាញ់ ត្រូវ​នឹង​ខែ​ធ្នូ ឆ្នាំ​២០១៣ លោក ហ៊ុន សែន បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ចំ​ពេល​បាតុកម្ម​បក្ស​ប្រឆាំង​មាន​អ្នក​ចូលរួម​ជិត​កន្លះ​លាន​នាក់។ នាយករដ្ឋមន្ត្រី​ត្រឡប់​ពី​វៀតណាម​វិញ ក៏​មាន​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​កម្មករ​រោងចក្រ នៅ​កំបូល​បាញ់​សម្លាប់​កម្មករ​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង និង​ចាប់​ខ្លួន​មនុស្ស​ជាង ២០​នាក់ យក​ទៅ​ដាក់​គុក​មក​ទល់​សព្វថ្ងៃ។ រួច​ក៏​ចាត់ការ​បំបែក​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថែម​ទៀត។ បំបែក​រួច រដ្ឋាភិបាល​ចេញ​បម្រាម​មួយ​ហាម​មិន​ឲ្យ​មាន​ការ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ឡើយ។
ហេតុការណ៍​បាញ់​សម្លាប់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង និង​បម្រាម​ហាម​ជួប​ជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្លាយ​ជា​ប្រធានបទ​មួយ​ដែល​ទាក់ទាញ​មន្ត្រី​ទូត ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​មួយ​ចំនួន​ឲ្យ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ ក្នុង​នោះ​មាន​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចក្រភព​អង់គ្លេស ប្រតិភូ​សហគមន៍​អឺរ៉ុប សុទ្ធតែ​យក​រឿង​នេះ​ជជែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។
នៅ​រយៈពេល​មួយ​ខែ​ចុង​ក្រោយ​នេះ អ្នក​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​បង្ហាញ​ជំហរ​ចង់​ជជែក​ពិភាក្សា​គ្នា ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា ឆ្នាំ​មមី​នេះ​នឹង​នាំ​លាភ​សំណាង​ឲ្យ​ពលរដ្ឋ ឬ​នាំ​អំណាច​ចែក​គ្នា​ឲ្យ​អ្នក​នយោបាយ​នោះ​ទេ៕

No comments:

Post a Comment

yes