សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 11, 2014

អ្នកបើក​រថយន្ត​ក្រុងនៅ​៧​រាជធានី​-​ខេត្ត​ធ្វើ​កូដកម្ម​ជំរុញ​ឲ្យ​ថៅកែ​គោរព​ច្បាប់​ការងារ​​

អ្នកបើករថយន្តក្រុងភ្នំពេញសូរិយា ធ្វើកូដកម្មមិនចេញទៅដឹកភ្ញៀវ (រូបភាព៖ ញឹម សុខន)​

អ្នកបើក​រថយន្ត​ក្រុង របស់​ក្រុមហ៊ុន ភ្នំពេញ សូរិយា យ៉ាងតិច ក្នុង​ទីតាំង ៧​រាជធានី​-​ខេត្ត នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ធ្វើ​កូដកម្ម មិន​ចេញ​ទៅ​ដឹក​ភ្ញៀវ ដូច​ធម្មតា ដើម្បី​ដាក់​សម្ពាធ ឲ្យ​ភាគី​ថៅ​គោរព​ច្បាប់​ការងារ និង​យក​តំណាង​ពួកគេ​៣​នាក់​ចូល​ធ្វើការ​វិញ​។​
លោក សម្បត្តិ វន ឲ្យ​VOD​ដឹងថា ការផ្ទុះ​កូដកម្ម​ព្រម​គ្នា​នេះ ដោយសារ បង្ខំ​ឲ្យធ្វើ​ការលើស​ម៉ោង ធ្វើការ​ថ្ងៃ​បុណ្យ ឬ​ថ្ងៃ​ឈប់សម្រាក់ ដោយ​មិន​គិតលុយ​បន្ថែម ពេល​រថយន្ត​ខូច​តម្រូវឲ្យ អ្នកបើកបរ​ចេញ​លុយ​ជួសជុល ខ្លួនឯង​ជា​ដើម​។ លោក​ថា រឿង​មួយវិញទៀត ក្រុមហ៊ុន​បាន​បញ្ឈប់​តំណាង​សហជីព​៣​នាក់ ដោយ​រំលោភច្បាប់​ការងារ និង​រើសអើង​សហជីព​ «ពីដំបូងឡើយ គេហៅខ្ញុំមកគំរាមតែម្តង គំរាមឲ្យខ្ញុំលុបឈ្មោះចេញពីសហជីព គេនឹងឲ្យធ្វើការធម្មតា ពេលបន្ទាប់មកទៀត គេលួងពួកខ្ញុំ លួងថា ឥឡូវបើឯងមិនពេញចិត្តធ្វើការនៅសូរិយាទេ ឯងឈប់ទៅ ឯងដក់ឈ្មោះពីសហជីពទៅ អញបើកប្រាក់ខែឲ្យឯងពីរខែ ហើយនឹងគុណឆ្នាំ ឲ្យលុយកក់វិញ ហើយខ្ញុំអត់ព្រម គេដកឡានបណ្តោយ»។

លោក សម្បត្តិ វន ឲ្យដឹងទៀតថា កូដកម្ម​នៅ​ថ្ងៃនេះ បាន​ធ្វើឡើង​នៅ​ក្រុងព្រះសីហនុ ខេត្តកោះកុង ឧត្តរមានជ័យ មណ្ឌល​គី​រី ក្រចេះ បាត់ដំបង សៀម​រាម និង​ខេត្ត​មួយចំនួនទៀត​។​
​លោក ពេជ្យ គឹមហួន អ្នកបើកបរ​ឲ្យ​ក្រុម​នេះ នៅ​ខេត្ត​សៀមរាប ឲ្យដឹងថា កូដកម្ម​ព្រឹក​នេះ​មាន រថយន្ត​៦​គ្រឿង​មិន​ចេញ​ដឹក​ភ្ញៀវ ទៅ​រាជធានី​ភ្នំពេញ​ដូច​កា​គ្រោងទុក​ទេ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ក្រុមហ៊ុន ភ្នំពេញ សូរិយា​នេះ គោរព​ច្បាប់​ការងារ និង​យក​តំណាង​ពួកគេ​៣​នាក់​ចូល​ធ្វើការ​វិញ «ខ្ញុំចង់ឲ្យមានភាពយុត្តិធម៌ មួយនៅក្នុងក្រុមហ៊ុន ហើយច្បាប់ការងារត្រឹមត្រូវ មិនអាចមានឈប់ពេលណាបានទេ ក្នុងសមាជិកតៃកុងឡានទាំងអស់»។
​នាយក​ក្រុមហ៊ុន ភ្នំពេញ សូរិយា លោក ចាន់ សុផាន់​ណា បាន​ច្រានចោល​នូវ​ការចោទប្រកាន់​នេះ  ដោយ​អះអាង​ថា ការបញ្ឈប់​បុគ្គលិក​ទាំង​៣​នាក់​នោះ ដោយសារ​ពួកគេ​បាន​ជាប់ កិច្ចសន្យា​។ លោក​ថា​ករណី​នេះ ក្រុមហ៊ុន​កំពុង​ទូទាត់​ប្រាក់ ជូន​បុគ្គលិក​ទាំងនោះ​តាម​ច្បាប់​ស្តីពី​ការងារ «តៃកុងដែលខ្ញុំបញ្ឈប់នេះ សុទ្ធតែយើងហៅមកនិយាយ គាត់និយាយលែងបាន ដោយសារគាត់មានកំហុសពីកន្លងឡើយ វាច្រើន យើងមានព្រមានជាលើកទី១ ទី២ អ្នកខ្លះមានលើសពី៣ដងទៀត»។​
លោក ចាន់ សុផាន់​ណា យល់ថា បើ​មិន​ចាត់​វិធានការ​នេះ​ទេ មនុស្ស​៤០០​នាក់​ផ្សេង​ទៀត​នឹង​បាត់បង់​ការងារ​តាមរយៈ កូដកម្ម​នេះ។​
មន្ត្រី​ចងក្រង​សមាគម និង​ដោះស្រាយ​វិវាទ​នៅ​សហភាព​ការងារ​កម្ពុជា លោក ហៀ​ង គឹមហ៊ុន ដែល​តាមដាន​ករណីនេះ យល់ថា ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​មួយ​នេះ បាន​រំលោភ​ច្បាប់​ការងារ​ស្តីពី​ការបង្កើត​សហជីព​។ លោក​អំពាវនាវ​ឲ្យ អង្គការ​ដៃគូរ និង​ក្រសួង​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ជួយ​អន្តរាគមន៍ ដើម្បី​ធានា​ថា​ច្បាប់​ស្តីពី​ការងារ​ត្រូវបាន​គោរព ។​
​អ្នក​តវ៉ា ឲ្យដឹងថា បុគ្គលិក​ផ្នែក​បើ​បបរ ៣​នាក់​ដែល​ក្រុម​បញ្ឈប់​នោះ មាន​លោក សម្បត្តិ វន លោក ញឹម គុយបា និង លោក ឃុន សៅ​នី ពួកគេ​មាន​តួនាទី​ជា​ប្រធាន និង​អនុប្រធាន សហជីព​ដែល​ទើប​បង្កើត​ថ្មី ក្រោយ​ធ្វើ​កូដកម្ម កាលពី​ថ្ងៃ​ទី​៣​ខែ​មេសា​ឆ្នាំ​២០១៤៕

No comments:

Post a Comment

yes