សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 23, 2014

ស្វាមី​អាមេរិក​គាំទ្រមូរសុខហួរ១រយ​ភាគរយ

លោក​ស្រី មូរ សុខ​ហួរ​ ពេល​​ធ្វើ​ការ​តវ៉ា​នៅ​ទីលាន​ប្រជា​ធិប​
តេយ្យ​កន្លង​​​​មក​។ រូបថត លីណា

ខណៈ​ដែល​គូ​ស្វាមី​ភរិយា​ខ្មែរ​ជាច្រើន​នៅ​តែ​មាន​និន្នាការ​នយោបាយ​ខុស​ គ្នា រហូត​ដល់​គូ​ស្វាមី​ភរិយា​ខ្លះ​កើត​មាន​ជម្លោះ​ហិង្សា ដោយ​សារ​តែ​និន្នាការ​នយោបាយ​ខុស​គ្នា​នេះ អ្នក​នយោបាយ​ស្ត្រី​ដ៏​សកម្ម​ម្នាក់​របស់​គណបក្ស​ប្រឆាំង បែរ​ជា​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ស្វាមី​ជនជាតិ អាមេរិកាំង ក្នុង​ការ​ធ្វើ​នយោបាយ។ នយោបាយ​ដែល​ស្ត្រី​រូប​នេះ តែង​តែ​ធ្វើ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ជាច្រើន​រួម​ទាំង​លោក​នាយក​ រដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ ក្តៅ​ស្លឹក​ត្រចៀក​មិន​តិច​ឡើយ។

កើត​ក្នុង​គ្រួសារ​មាន​ឪពុក ជា​ខ្មែរ​កម្ពុជា​ក្រោម ម្តាយ​កាត់ ចិន មាន​ស្រុក​កំណើត​នៅ​ក្នុង ខេត្ត​តាកែវ ប៉ុន្តែ​បាន​ប្រសូត​ឡើង និង​ធំ​ដឹង​ក្តី នៅ​ម្តុំ​ផ្សារ​ថ្មី​ក្នុង ក្រុង​ភ្នំពេញ លោក​ស្រី មូរ សុខហួរ ចង់​ឲ្យ​ឆាក​ជីវិត​របស់​លោក​ស្រី​មាន​ន័យ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ តាម​រយៈ​ការ​ធ្វើ​នយោបាយ​ដើម្បី​ការពារ​ទឹក​ដី ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​ពី​បរទេស។ លោក​ស្រី មូរ សុខហួរ កើត​នៅ​ក្នុង ឆ្នាំ​១៩៥៤ នៅ​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​ធូរធារ​មួយ​ដោយ​ឪពុក​របស់​លោក​ស្រី​ជា​ អ្នក​ជំនួញ​ធំ​ម្នាក់។ 


លោក​ស្រី​មាន​បង​ប្អូន ៤ នាក់ ស្រី​ពីរ​នាក់​បច្ចុប្បន្ន​រស់​នៅ​ស្រុក​ខ្មែរ និង​បង​ប្រុស​ម្នាក់​នៅ អាមេរិក ប្អូន​ប្រុស​ម្នាក់​នៅ ប្រទេស​បារាំង។ លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «ឪពុក​ម្តាយ​ខ្ញុំ គឺជា​អ្នក​រក​ទទួល​ទាន។ នៅ​ក្នុង ឆ្នាំ​១៩៧០ បន្ទាប់​ពី​មាន​សង្គ្រាម​ហើយ ឪពុក​របស់​ខ្ញុំ មាន​ក្រុមហ៊ុន​កប៉ាល់​ហោះ​មួយ​ហៅ​ថា ខេមរា។ ប៉ុន្តែ​ឪពុក ម្តាយ​ខ្ញុំ គាត់​បាន​ស្លាប់​នៅ​ក្នុង​សម័យ ប៉ុល ពត»។ កុមារី សុខហួរ ដែល​បាន​រៀន​ភាសា បារាំង ចាប់​តាំង​ពី​អាយុ ៥​ឆ្នាំ រហូត​ដល់​អាយុ ១៨​ឆ្នាំ នៅ​សាលា​មួយ​ក្នុង ក្រុង​ភ្នំពេញ មិន​បាន​រស់​នៅ​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម ដ៏​សែន​ខ្លោច​ផ្សា ដែល​បាន​សម្លាប់​មនុស្ស​ជិត​ពីរ​លាន​នាក់​នោះ​ទេ ដោយ​សារ​លោក​ស្រី បាន​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ ប្រទេស​បារាំង ក្នុង ឆ្នាំ​១៩៧២ បន្ទាប់​ពី​បាន​ប្រឡង​ជាប់​សញ្ញាបត្រ បាក់ឌុប។

លោក​ស្រី​បន្ត​ថា៖ «ខ្ញុំ​បាន​រស់​នៅ​ក្នុង ប្រទេស​បារាំង ពី ឆ្នាំ​១៩៧២ ដល់ ឆ្នាំ​១៩៧៤ ហើយ​ពី ៧៤ ទៅ​ខ្ញុំ​បាន​រស់​នៅ សហរដ្ឋ​អាមេរិក រហូត​ដល់ ឆ្នាំ​១៩៨១។ នៅ អាមេរិក ខ្ញុំ​រៀន​បាន​បរិញ្ញាបត្រ​ខាង​ចិត្តសាស្ត្រ ហើយ​អនុ​បណ្ឌិត ខ្ញុំ​បាន​រៀន​ខាង​សង្គមវិទ្យា​នៅ​សាកល​វិទ្យាល័យ​ដ៏​ល្បី​ល្បាញ​មួយ​នៅ អាមេរិក»។ ពី ឆ្នាំ​១៩៨១ ដល់ ឆ្នាំ​១៩៨៦ លោក​ស្រី មូរ សុខហួរ មក​ធ្វើ​ការ​នៅ​ជំរំ​ជន​ភៀស​ខ្លួន​តាម​ព្រំដែន ខ្មែរ ថៃ ក្នុង​នាម​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ជួយ​ដល់​ជន​ភៀស​ខ្លួន​ខ្មែរ។ ពេល​នោះ​ហើយ គឺ​ក្នុង ឆ្នាំ​១៩៨៤ ដែល​លោក​ស្រី បាន​រៀបការ​ជាមួយ​ស្វាមី​ជនជាតិ អាមេរិកាំង។ «ខ្ញុំ​និង​ស្វាមី អាមេរិក មាន​កូន​ស្រី​បី​នាក់ កូន​ស្រី​ពីរ​នាក់​មាន​អាយុ ២២ និង ២៤ ឆ្នាំ រស់​នៅ​ស្រុក​ខ្មែរ។ ចំណែក​កូន​ស្រី​ច្បង​មាន​អាយុ ២៧ ឆ្នាំ នៅ​ឯ​សហរដ្ឋ​អាមេរិក»។

បើ​ទោះ​បី​ជា​បាន​រៀបការ​ជាមួយ​ស្វាមី​ជនជាតិ អាមេរិក អស់​រយៈ​ពេល​ប្រមាណ ៣០​ឆ្នាំ មក​ហើយ​ក៏​ដោយ ក៏​ស្រ្តី​ដែល​មាន​សំណាង​បាន​ទៅ​រៀនសូត្រ និង​រស់​នៅ​ឯ​ក្រៅ​ប្រទេស​រូប​នេះ ហាក់​បី​ដូច​ជា​អ្នក​ដែល​អភិរក្ស​បាន​យ៉ាង​ល្អ នូវ​ប្រពៃណី​ទំនៀម​ទម្លាប់ និង​វប្បធម៌​ខ្មែរ ព្រម​ទាំង​ភាព​រុង​រឿង​នៃ​អតីតកាល​របស់​ចក្រភព​ខ្មែរ។

 ស្ត្រី​វ័យ ៦០​ឆ្នាំ ដែល​មាន​សក់​ល្បាយ​អាចម៍​ខ្លា​រូប​នេះ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ភូមិ​គ្រឹះ​តូច​ច្រឡឹង​មួយ​ដែល​មាន​រុក្ខជាតិ​ ចម្រុះ ដុះ​ព័ទ្ធ​ពេន​គ្រប​ពី​ខាង​លើ​ច្រក​ទ្វារ​របង​ចូល​ផ្ទះ​នៅ​ក្នុង សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការមន។ នៅ​ពេល​ចូល​ទៅ​ដល់​ក្នុង​ផ្ទះ ដែល​ក្រាល​ឈើ​ជំនួស​ឥដ្ឋ​ការ៉ូ បើ​គ្រាន់​តែ​មើល​ពី​បន្ទប់​ទទួល​ភ្ញៀវ គេ​ឃើញ​មាន​ដាក់​តាំង​រូប​ពុទ្ធ​បដិមា​យ៉ាង​ហោច​ណាស់ ៦ អង្គ នៅ​តាម​ទី​កន្លែង​ផ្សេងៗ​គ្នា រូប​ចម្លាក់​ព្រះបាទ​ជ័យ​វរ្ម័ន ទី៧ ចំនួន ១ រូប​ចម្លាក់​មនុស្ស​សត្វ តុ ទូ និង​វត្ថុ​បែប​បុរាណ​របស់​ខ្មែរ​ជាច្រើន​ផ្សេង​ទៀត​នៃ​អតីតកាល​ដ៏​រុងរឿង​ របស់​ចក្រភព​ខ្មែរ។

លោក​ស្រី មូរ សុខហួរ បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ជាមួយ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ដែល​ដឹក​នាំ​ដោយ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ក្នុង ឆ្នាំ​១៩៩៥ ហើយ​បាន​ជាប់​ជា​តំណាង​រាស្ត្រ នៅ​មណ្ឌល បាត់ដំបង ក្នុង ឆ្នាំ​១៩៩៨។ ជាមួយ​គ្នា​នោះ លោក​ស្រី ក៏​បាន​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ក្រសួង កិច្ចការ​នារី ពី ឆ្នាំ​១៩៩៨ ដល់​ដើម ឆ្នាំ​២០០៤ ផង​ដែរ។ «ខ្ញុំ​បាន​ទៅ​ចូល​រួម​ជាមួយ​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ ទី​២២ ខែ​មករា ឆ្នាំ​២០០៤ ជា​ថ្ងៃ​ដែល​គេ​បាញ់​សម្លាប់​លោក ជា វិជ្ជា នៅ​ហូរ​ឈាម​សស្រាក់ កូន​ប្រពន្ធ​នៅ​ស្រែក​យំ​ទាំង​អស់​គ្នា។ 

ពេល​នោះ ខ្ញុំ​សុំ​ទៅ​ជួប​លោក សម រង្ស៊ី និង​អ្នក​បង ជូឡុង ស៊ូមូរ៉ា ដើម្បី​ចូល​ជាមួយ​គណបក្ស សម រង្ស៊ី ពីព្រោះ​ខ្ញុំ​ឃើញ​ថា គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី មាន​ជំហរ​រឹងមាំ​ណាស់ ជំហរ​អ្នក​ការពារ​ព្រលឹង​ប្រជាធិបតេយ្យ»។ ការ​ចាក​ចេញ​នេះ គឺ​បន្ទាប់​ពី​លោក​ស្រី បាន​រួម​រស់​ជាមួយ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច អស់​រយៈ​ពេល ៩ ឆ្នាំ។

 ការ​សម្រេច​ចិត្ត​ទៅ​ចូល​រួម​ជាមួយ​គណបក្ស សម រង្ស៊ី គឺ​ដោយ​សារ​តែ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច «បាត់បង់​អស់​នូវ​ព្រលឹង​ប្រជាធិបតេយ្យ»។ ទោះ​យ៉ាង​ណា លោក​ស្រី មូរ សុខហួរ ដែល​កាល​ពី​នៅ​ក្មេង​មិន​ដែល​នឹក​ស្រមៃ ចង់​ធ្វើ​ជា​អ្នក​នយោបាយ​សូម្បី​តែ​បន្តិច​នោះ បាន​ឲ្យ​ដឹង​ថា៖ «ឪពុក​របស់​ខ្ញុំ គាត់​បាន​ហាម​ជា​ដាច់​ខាត​មិន​ឲ្យ​ខ្ញុំ​ចូល​ទៅ​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​ នយោបាយ​ទេ​ពីព្រោះ​ឪពុក ខ្ញុំ​គាត់​ចាស់​ហើយ គាត់​បាន​ឆ្លង​កាត់​ជាច្រើន​ជំនាន់​មក​ហើយ គាត់​បាន​ឆ្លង​កាត់​ភាព​ជូរចត់​មាន​សង្គ្រាម ដូច្នេះ​គាត់​ខ្លាច។ ប៉ុន្តែ​សម្រាប់​ខ្ញុំ នយោបាយ​ជា​អ្វី? នយោបាយ​គឺ​ការ​ដែល​យើង​ទៅ​រក​ដំណោះស្រាយ​ជូន​ជាតិ ហើយ​បើ​សិន​យើង​ជា​អ្នក​ល្អ យើង​មាន​គោល​ការណ៍​ប្រជាធិបតេយ្យ​យើង​ជា​អ្នក​ស្អាត​ស្អំ...នយោបាយ​ទៅ​ជា​ នយោបាយ​ស្អាត​ស្អំ ទៅ​ជា​នយោបាយ​ប្រជាធិបតេយ្យ»។

លោក​ស្រី មូរ សុខហួរ ដែល​នៅ​ពេល​នេះ ជា​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល បាត់ដំបង របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ដែល​កើត​ចេញ​ពី​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិ​មនុស្ស នោះ បាន​ផាត់​ចោល​មួយ​ឡែក​នូវ​ការ​ភ័យ​ខ្លាច​ចំពោះ​បញ្ហា​សន្តិសុខ​ផ្ទាល់​ ខ្លួន។ ប៉ុន្តែ​អ្វី​ដែល​លោក​ស្រី​ភ័យ​ខ្លាច​រហូត​ដល់​មិន​ព្រម​រស់​នៅ​សម្ងំ​សុខ​ យក​រួច​ខ្លួន​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​នោះ គឺ «ការ​បាត់បង់​ទឹក​ដី បាត់បង់​ធនធាន​ធម្មជាតិ ដែល​កើត​មាន​រាល់​ថ្ងៃ» របស់ ប្រទេស​កម្ពុជា ដែល​កាន់​តែ​រួម​តូច​ទៅៗ​នេះ។ លោក​ស្រី​បញ្ជាក់​ថា៖ «យើង​ដឹង​ហើយ​ដើម្បី​តស៊ូ​សម្រាប់​ជាតិ ជីវិត​យើង​បើ​ស្លាប់ គឺ​ស្លាប់​ឲ្យ​មាន​តម្លៃ ដូច្នេះ​បើ​ស្លាប់​ទៅ​ក៏​អត់​មាន​បញ្ហា​ដែរ។ 

ប៉ុន្តែ​យើង​មិន​មែន​រត់​ចូល​ក្នុង​រណ្តៅ​ស្លាប់​ទេ យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ឲ្យ​មាន​ល្បិច​ដែរ យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដែរ បើ​សិន​ជា​យើង​ឃើញ​កន្លែង​ហ្នឹង​គ្រោះថ្នាក់​ហើយ យើង​ត្រូវ​តែ​ចៀស»។ ស្ត្រី ដែល​ជា​អ្នក​នយោបាយ​ច្រើន​អាណត្តិ​រូប​នេះ​បាន​លើក​ឡើង​ថា៖ «ជំហរ​របស់​យើង​ជា​អ្នក​ប្រជាធិបតេយ្យ ដូច​ដែល​លោក​ប្រធាន សម រង្ស៊ី និង​លោក​អនុ​ប្រធាន កឹម សុខា បាន​មាន​ប្រសាសន៍ គឺជា​ជំហរ​អ្នក​ស្រឡាញ់​ជាតិ ហើយ​សន្តិភាព អហិង្សា»។

 ខណៈ​ដែល​ស្វាមី​របស់​លោក​ស្រី នៅ​តែ​បន្ត​ធ្វើ​ការ​ឲ្យ​កម្មវិធី​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ លោក​ស្រី សុខហួរ មិន​មាន​ពេល​វេលា ទៅ​ប្រកប​មុខ​របរ​អ្វី​ផ្សេង​ឡើយ ដោយ​លោក​ស្រី​បញ្ជាក់​ថា៖ «ទៅ​រក​ស៊ី​អី​កើត បើ​ធ្វើ​នយោបាយ​ស្ទើរ​តែ ២៤ ម៉ោង​ទៅ​ហើយ...ខ្ញុំ​នឹង​នៅ​តែ​ធ្វើ​នយោបាយ ដើម្បី​ជួយ​ជាតិ​រហូត​ហើយ​ប្តី​ខ្ញុំ​កូន​ខ្ញុំ​គាំទ្រ​ខ្ញុំ ១០០ ភាគរយ ប៉ុន្តែ​ប្តី​ខ្ញុំ​គាត់​សុំ​តែ​ម្យ៉ាង​ទេ គឺ​ពេល​ខ្លះ​សូម​ឲ្យ​ខ្ញុំ​មក​ផ្ទះ​ផង»។

សកម្មភាព​របស់​លោក​ស្រី មូរ សុខហួរ ដែល​កាល​ពី​អំឡុង ឆ្នាំ​២០០៩ រហូត​ដល់​ទៅ​ហ៊ាន​ចេញ​មុខ​ប្តឹង​ប្តល់​ប្រឆាំង​នឹង​លោក ហ៊ុន សែន ហើយ​នៅ​តែ​ប្តេជ្ញា​ធ្វើ​យ៉ាង​ណា​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​ឲ្យ​ទាល់​តែ​បាន​នោះ ចង់​មិន​ចង់ វា​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ស្រ្តី មិន​មែន​ជា​អ្នក «បង្វិល​ចង្ក្រាន​មិន​ជុំ» ដូច​ពាក្យ​ទំនៀម​បុរាណ​មួយ​ឃ្លា​នោះ​ទេ ដោយ​សារ​លោក​ស្រី បាន​ធ្វើ​ការងារ​ជាច្រើន ដែល​សូម្បី​តែ​បុរស​ជាច្រើន​មិន​ហ៊ាន​ធ្វើ៕

No comments:

Post a Comment

yes