សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 19, 2014

មន្ទីរ​ពេទ្យ​កាល់ម៉ែត្រពិនិត្យរក​មេរោគ​បង្ក​ជំងឺ​មហារីក​មាត់​ស្បូន​ដោយ​ឥត​គិត​ថ្លៃសម្រាប់​ស្ដ្រី​៤០០​នាក់​ដំបូង

ខិត្តបណ្ណ​របស់​មន្ទីរ​ពេទ្យកាល់ម៉ែត ផ្សព្វផ្សាយ​ពី​ការ​ពិនិត្យ​
រក​មេរោគ HPV ដែល​បង្ក​ជំងឺ​មហារីក​មាត់​ស្បូន

ចាប់​ពី​ ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១​មេសា​នេះ ស្ដ្រី​ដែល​មាន​អាយុ​ចាប់​ពី​៣០ ទៅ​៦០​ឆ្នាំ អាច​អញ្ជើញ​ទៅ​ពិនិត្យ​រក​មេរោគ HPV ដែល​បង្ក​ជំងឺ​មហារីក​មាត់​ស្បូន នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​។ ហើយ​ប្រសិន​បើ​នាង​កញ្ញា​ស្ថិត​ក្នុង​ចំណោម​ស្ដ្រី​៤០០​នាក់​ដំបូង នោះ​ការ​ពិនិត្យ​នឹង​ត្រូវ​ផ្ដល់​ជូន​ដោយ​ឥត​គិត​ថ្លៃ​។ វេជ្ជបណ្ឌិត បាន​លើក​ទឹក​ចិត្ត​ដល់​​ស្ដ្រី ឲ្យ​ចូល​រួម​ក្នុង​ការ​ពិនិត្យ​រក​មេរោគ​បង្ក​ជំងឺ​មហារីក​មាត់​ស្បូន​នេះ ព្រោះ​ថា ជំងឺ​នេះ កំពុង​តែ​ប្រឈម​ខ្លាំង​នៅ​ក្នុង​សង្គម​កម្ពុជា​។

​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ បើក​យុទ្ធនាការ​ពិនិត្យ​រក​មេរោគ​បង្ក​ជំងឺ​មហារីក​មាត់​ស្បូន​ដោយ​ឥត​គិត​ ថ្លៃ ចាប់​ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​២១​មេសា។ សូម​បញ្ជាក់​ផង​ដែរ​ថា ​ការ​ពិនិត្យ​​ឥត​គិត​ថ្លៃ​នេះ នឹង​ត្រូវ​ផ្ដល់​ជូនដល់​ស្ដ្រី​​​អាយុ​​ពី​៣០ ទៅ​៦០​ឆ្នាំ​ ចំនួន​៤០០​នាក់​ដំបូង ដែល​អញ្ជើញ​ទៅ​ពិនិត្យ​តែ​ប៉ុណ្ណោះ​​។

ប្រធាន​វិភាគ​កោសិកា​មហារីក នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត លោក​ស្រី​វេជ្ជបណ្ឌិត​ហាវ មុន្នីរ័ត្ន បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា ស្ដ្រី​កម្ពុជា​ប្រឈម​មុខ​ខ្ពស់​ជាមួយ​នឹង​ការ​កើត​ជំងឺ​មហារីក​មាត់​ស្បូន​ ។ បើ​តាម​ការ​សិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក ជំងឺ​​មហារីក​មាត់​ស្បូន​នៅ​កម្ពុជា កើត​ឡើង​ទៅ​លើ​ស្ដ្រី​ជាង​១​ពាន់​៥​រយ​នាក់ ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​ក្នុង​នោះ អ្នក​ជំងឺ​ជាង​៦០​ភាគ​រយ បាន​ស្លាប់​បាត់​បង់​ជីវិត​។ ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​តែ​អ្នក​ជំងឺ បាន​មក​មន្ទីរ​ពេទ្យ នៅ​ពេល​ដែល​មេរោគ​ជំងឺ​មហារីក​នេះ វិវត្ត​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ ពិបាក​ព្យាបាល។


​លោក​ស្រី​វេជ្ជ​បណ្ឌិតហាវ មុន្នីរ័ត្ន​ បាន​ជម្រុញ​ឲ្យ​ស្ដ្រី​លុប​បំបាត់​ភាពស្ទាក់ស្ទើរ ឬ​​ខ្មាស​អៀន​ហើយ​​អញ្ជើញ​មក​មន្ទីរ​ពេទ្យ ដើម្បី​ពិនិត្យរក​មេរោក HPV ដែល​ជា​មេរោគ​បង្ក​ជំងឺ​មហារីក​មាត់​ស្បូន​។ ព្រោះ​វា​ជា​ជំងឺ​ដែល​ប្រឈម​ខ្លាំង ទាំង​នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភព​លោក។ នៅ​ទូទាំង​ពិភពលោក រៀង​រាល់​១​នាទី​ម្ដង មាន​ស្ដ្រី​ម្នាក់​កើត​ជំងឺ​មហារីក​មាត់​ស្បូន និង​ជា​រៀង​រាល់​២​នាទី​ម្ដង មាន​ស្ដ្រី​ម្នាក់​ស្លាប់​ដោយ​សារ​ជំងឺ​នេះ។

ការ​ពិនិត្យ​រក​​មេរោគ​បង្ក​ជំងឺ​មហារីក​មាត់​ស្បូន នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​២១​មេសា ចាប់​ផ្ដើម​ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៤​ល្ងាច។ នាង​កញ្ញា លោក​ស្រី ដែល​មាន​បំណង​អញ្ជើញ​ទៅ​ពិនិត្យ ត្រូវ​មាន​អាយុ​ពី​៣០ ដល់​៦០​ឆ្នាំ និង​ត្រូវ​ភ្ជាប់​អត្តសញ្ញាណបណ្ណ​ទៅ​​ជា​មួយ ដើម្បី​ផ្ទៀង​ផ្ទាត់​អាយុ​។ គួរ​ដឹង​ដែរ​ថា ស្ដ្រី​ដែល​កំពុង​មក​រដូវ មិន​ត្រូវ​ពិនិត្យ​ជូន​ទេ​៕

No comments:

Post a Comment

yes