សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 22, 2014

បក្សប្រឆាំង​៖សេរីភាព​បញ្ចេញមតិត្រូវ​បក្ស​កាន់អំណាចរំលោភបំពាន​ជា​លក្ខណៈប្រព័ន្ធ​​​

លោកស្រី មូរ សុខហួរ ក្នុងសន្និសីទសារព័ត៌មាន របស់គណបក្ស
សង្គ្រោះជាតិ កាលពីព្រឹកមិញ (រូបថត៖ ញឹម សុខន)

បក្សប្រឆាំង នៅ​ថ្ងៃ​អង្គារ​នេះ អះអាងថាបក្ស​កាន់​អំណាចកំពុង​ប្រើ​វិធានការ​បង្ក្រាប ទៅលើ​សេរីភាព​បញ្ចេញមតិ​ដោយ​សន្តិវិធី ក្នុង​លក្ខណ​ជា​ប្រព័ន្ធ ដើម្បី​ពង្រឹង​អំណាច របស់ខ្លួន ខណៈ​ស្ថានការណ៍​នយោបាយ កំពុង​ជាប់​គាំង ក្រោយ​ការបោះឆ្នោត​។​
 
​ប្រតិកម្ម​នេះ ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ស្នាក់ការ​កណ្តាល របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​២២​ខែ​មេសា​នេះ​។​

ម្យ៉ាងវិញទៀត សន្និសីទ​សារព័ត៌មាន​នេះ បាន​ធ្វើឡើង បន្ទាប់​ពី​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ដូនពេញ បាន​បង្ក្រាប​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ឲ្យ រងរបួស​ប្រមាណ ១០​នាក់ ក្នុងនោះ​មាន​ទាំង បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​ម្នាក់​ផងដែរ​។​


បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ស្រី មូរ សុខ​ហួរ មានប្រសាសន៍ថា សេរីភាព​បញ្ចេញមតិ និង​ការប្រើប្រាស់​ទីលាន​ប្រជាធិបតេយ្យ ត្រូវបាន​ធានា​ដោយ​ច្បាប់ ប៉ុន្តែ​លោកស្រី​ថា ពលរដ្ឋ​ភាគច្រើន​ដែល​ប្រើ​សិទ្ធិ​នេះ ត្រូវបាន​សន្តិសុខ​បង្ក្រាប​យ៉ាង​ចាស់ដៃ ដោយ​ស្ថាប័ន​ពាក់ព័ន្ធ របស់​រដ្ឋាភិបាល ដូច​ជា​សាលា​រា​ធានី និង​ក្រសួង​មហាផ្ទៃ​ជាដើម ធ្វើ​មិនដឹងមិនឮ​។​

​តំណាងរាស្ត្រ​ជាប់ឆ្នោត​រូបនោះ​បន្ត​ថា អាជ្ញាធរ​ដែនដី​ដែល​មាន​តួនាទី​ថែរក្សា​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ ពេលនេះ បែរ​ជា​ប្រើ​អំណាច​បញ្ជា​ឲ្យកម្លាំង​សន្តិសុខ វាយ​បង្ក្រាប​ពលរដ្ឋ​ដែល​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​នេះ​ទៅវិញ «គម្រោងនេះ គឺដើម្បីបំបាក់ស្មារតី ដើម្បីបង្ក្រាបអ្នកឲ្យបញ្ជា ហើយនិយាយតែបង្ក្រាបទៅ វ៉ៃទៅ ទាត់ទៅ ធាក់ទៅ រុញទៅ ច្រានទៅ បោសចេញទៅ ទាំងភាសា ទាំងគំនិត ទាំងឧបករណ៍ គឺដើម្បីតែម្យ៉ាងទេ ដើម្បីរក្សាអ្វីដែលជាអំណាចរបស់ខ្លួន»។​

លោកស្រី​មូរ សុខ​ហួរ បន្តថា ការបង្ក្រាប​ដោយ​ហិង្សា​នោះ ភាគច្រើន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នកបញ្ជា ពិសេស អភិបាលរង​ខណ្ឌ​ដូនពេញ លោក សុខ ពេញវុ​ធ បាន​បញ្ជា​កម្លាំង បង្ក្រាប​នៅ​ជិត​ទីលាន​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ដែល​បណ្តាលឲ្យ​មនុស្ស​រងរ​ បួស​នោះ ក្នុង​ន​ភ​ភាគច្រើន​មាន​របួស​ត្រង់​ក្បាល ដែល​អាច​ពិការ​អស់​មួយ​ជីវិត ឬ​អាច​បាត់បង់​ជីវិត​បាន​។​

​លោក​ស្រី​ ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដាក់ពាក្យ​ប្តឹង​ឲ្យ​ស្ថាប័ន ពាក់ព័ន្ធ ព្យួរ​ការងារ​លោក​សុខ ពេញវុ​ធ នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ដើម្បី​ចាត់វិធានការ​ ទប់ស្កាត់ ការ​គំរាម​សេរីភាព​បញ្ចេញមតិ ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ​។​

VOD ​មិនអាច​សុំ​ប្រតិកម្ម​ពី អភិបាលរង​ខណ្ឌ​ដូនពេញ លោក សុខ​ពេញវុ​ធ បានទេ ដោយ​អ្នក​លើក​ទូរស័ព្ទ​អះអាងថា លោក សុខ ពេញវុ​ធ​កំពុង​ជាប់រវល់ ។

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ក៏​មិន​អាច​ទាក់ទង​បាន​។
ប៉ុន្តែ ​កន្លងទៅ​ក្រសួង​នេះ ធ្លាប់​ចេញ​សេចក្តីណែនាំ ហាម​ជួបជុំ សម្តែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មិន​កំណត់ពេល សំអាង​ពី​ហេតុផល​សន្តិសុខ សណ្តាប់ធ្នាប់ ខណៈ​បក្សប្រឆាំង​នៅ​បន្ត​ធ្វើ​ពហិការ​មិន​ចូលប្រជុំ​សភា ប្រឆាំង​នឹង​លទ្ធិ​ផល​បោះឆ្នោត​។​

មន្ត្រី​ឃ្លាំមើល​ការរំលោភ​ សិទ្ធិមនុស្ស​នៅ​អង្គកា​លីដូ លោក អំ សំអាត យល់ថា ការផ្តន្ទាទោស​មន្ត្រី​ដែល​រំលោភច្បាប់ អាច​ជា​ការស្តារ​មុខមាត់​រដ្ឋាភិបាល​ឡើងវិញ ពី​ការ រំលោភ​សិទ្ធិមនុស្ស «ម្សិលមិញ មានមន្ត្រីនគរបាលជាច្រើន ដែលនៅទីនោះ ហើយមិនបានអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន ទី១ ឃើញកើតមាននូវអំពើហិង្សា យើងមិនបានធ្វើការទប់ស្កាត់ ទី២ នៅពេលដែលមានបទល្មើសជាក់ស្តែង កើតឡើងហើយ យើងឈរមើល ដោយពុំបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន និងអនុវត្តទៅតាមផ្លូវច្បាប់ ដើម្បីការពារសុវត្ថិភាព និងសិទ្ធិសេរីភាពរបស់ពលរដ្ឋ។ នេះវាជារឿងមួយដែលសោកស្តាយ ជាទីបំផុត ហើយបើយើងគេមើលទៅ វាហាក់បីដូចជា មានការរៀបចំជារចនាសម្ព័ន្ធ ដើម្បីបង្កឲ្យមានជាអំពើហិង្សា»។​

យ៉ាងណាក៏ដោយ លោកស្រី​មួរ សុខ​ហួរ អះអាងថា លោក ស្រី​នឹង​យក​ឯកសារ​បង្ក្រាប​នេះ ទៅ​ប្រគល់ឲ្យ​ប្រទេស​មហាអំណាច​ដែល​ប្រកាន់​លិទ្ធិប្រជាធិបតេ​យ្យ ដូច​ជា​មន្ត្រី​ស្ថានទូត​អាមេរិក និង​សហភាព​អឺរុប ដើម្បី​ជួយ​អន្តរាគមន៍​បន្ថែមទៀត ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល ធានា​ពី​សេរីភាព​បញ្ចេញមតិឡើងវិញ​។​ ហើយ​ម្យាងវិញទៀត​លោក​ស្រីក៏​នៅតែ ព្យាយាម ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ បើ​ទោះបី​ជួប​ឧបសគ្គ​យ៉ាងណាក៏ដោយ។

No comments:

Post a Comment

yes