សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 10, 2014

ខុម​ហ្វ្រែល​៖ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ធ្លាក់​ចុះខណៈ​ដែល​អំពើ​ហិង្សា​តែង​កើតមាន​ក្រោយ​ការបោះឆ្នោត​​

គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុម​ហ្វ្រែល បាន​ចេញ​របាយការណ៍​មួយ​បញ្ជាក់​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នៅក្នុង​ឆ្នាំ​២០១៣​នេះ មាន​ការធ្លាក់ចុះ​ជា​ង​ឆ្នាំ​ចាស់ បន្ទាប់ពី​មាន​ការប្រើ​ហិង្សា និង​ការ​បំបិទ​សិទ្ធិសេរីភាព​មួយចំនួន​លើ​ពលរដ្ឋ ក្រោយពី​ការបោះឆ្នោត​ថ្ងៃ​២៨​កក្កដា ឆ្នាំ​២០១៣​។​
​របាយការណ៍​ប្រចាំឆ្នាំ​២០១៣ របស់​ខុម​ហ្វ្រែល ស្តី​ពី​ប្រជាធិបតេយ្យ ការបោះឆ្នោត និង​ការកែទម្រង់​នៅ​កម្ពុជា ដែល​ចេញ​នៅ​ថ្ងៃ​ទី​០៧ ខែ​មេសា​នេះ បញ្ជាក់ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី​៥​នេះ មានការ​ធាក់​ថយក្រោយ បើ​ប្រៀបធៀប​នឹង​អាណត្តិ​មុនៗ ដោយសារតែ​ឃើញ​មានការ​ប្រើ​ហិង្សា និង​បំបិទ​សិទ្ធិ​សេរីភាព​នៃ​ការជួបជុំ និង​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​របស់​ពល​រដ្ឋ​។
របាយការណ៍​ដដែល​បន្តថា ចាប់តាំងពី​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ រហូតមកដល់​បច្ចុប្បន្ន ទើបតែ​នៅ​អាណត្តិ​ទី​៥​នេះ មាន​ការកើតឡើង​នូវ​អំពើហិង្សា និង​ការបិទ​សិទ្ធិសេរីភាព​ពលរដ្ឋ​ក្នុង​ការប្រមូលផ្តុំ​។

របាយការណ៍ បន្តទៀតថា សភា​អាណត្តិ​ថ្មី​នេះ បាន​បង្កើតឡើង​ដោយ​ឯក​បក្ស ជា​ហេតុ​ធ្វើឲ្យ​ការអនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ និង​ផ្ទុយ​នឹង​ច្បាប់​ជាតិ និង​អន្តរជាតិ ដែល​តម្រូវ​ឱ្យ​មាន​ការ​អនុលោម​តាម​ច្បាប់​លទ្ធិប្រជាធិបតេយ្យ ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ របស់​កម្ពុជា​។​
​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍​បន្ថែម​លើ​របាយការណ៍ ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ធ្វើការ​កែទម្រង់​លើ​ការបោះឆ្នោត និង​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យមាន​ភាពត្រឹមត្រូវ ដើម្បី​ដោះស្រាយ​ទំនាស់​នយោបាយ​នេះ ឲ្យបាន​ប្រសើរ​ឡើង​វិញ​ «ដែលពីមុខមកវាអត់មាន ឥឡូវនេះមានការបង្ក្រាប ការបិទមិនមានដំណើរការសេរីភាព លើសពី១០នាក់ ដែលវាមានការខុសច្បាប់ អ៊ីចឹងបានន័យថារដ្ឋាភិបាល អាជ្ញាធរមិនបានអនុវត្ត តាមច្បាប់ បើយើងធៀបពីមុនអត់មានទេ ដែលយើងឃើញបច្ចុប្បន្នគួរឲ្យព្រួយបារម្ភ ដែលមិនឲ្យមានសេរីភាពក្នុងការធ្វើការប្រមូលផ្តុំ បាតុកម្មដោយសន្តិវិធី ជាពិសេសរដ្ឋសភាតែម្តង គឺឯកបក្ស ដែលពីមុនមកយ៉ាងហោចណាស់ក៏មាន បក្សផ្សេងៗនៅក្នុងរដ្ឋសភា»។
ពាក់ព័ន្ធ​នឹង​របាយការណ៍​នេះ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន យល់ថា ការលើកឡើង​របស់​ខុម​ហ្វ្រែល គ្រាន់តែ​ជា​របកគំហើញ​របស់​អង្គការ​នេះ​ប៉ុណ្ណោះ​។ លោក​ថា រដ្ឋាភិបាល​បាន​វាយតម្លៃ​ខ្ពស់​លើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ដោយ​គោរព​ទៅតាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ក្នុង​ការដឹកនាំ​ប្រទេស​ «ហើយបរិបទថា ធាក់ថយពី លទ្ធិប្រជាធិបតេយ្យ ខ្ញុំមិនដឹងថាគេយកកន្លែងណាជាមូលដ្ឋាន នៃបន្ទាត់គ្រឹះក្នុងការវាយតម្លៃនោះទេ ពីព្រោះយើងជាប្រជាជាតិកំពុងតែរៀនសូត្រ កំពុងតែធ្វើយ៉ាងដូចម្តេច ដើម្បីឲ្យមានភាពសុខដុមរមនាជាមួយគ្នា។ ដូច្នេះ អ្នកដែលសុបិន្តឃើញខ្មែរឲ្យទៅដូចជាអាមេរិក ឬអ្នកសុបិន្តថា អាមេរិកឲ្យដូចជាខ្មែរ ជាការគិតមួយខុសដោយគ្មានការពិចារណាត្រឹមត្រូវ»។
កាលពី​ថ្ងៃ​ទី​០៨​ខែ​មេសា ម្សិលមិញ​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ក៏​បាន​ចេញ​កំណត់​សង្ខេប​មួយ ដោយ​បង្ហាញ​ថា សេរីភាព​ខាង​ការជួបប្រជុំ កំពុងតែ​ត្រូវបាន​ព្យួរ នៅ​ប្រទេស​កម្ពុជា នៅក្នុង​បរិបទ​នៃ​ការជាប់គាំង​នយោបាយ ដែល​កំពុងតែ​កើត​មាន​បន្ត ចាប់តាំងពី​ការបោះឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ​នៅ ខែកក្កដា ឆ្នាំ​២០១៣ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពហិកា​ចូល​រដ្ឋ​សភា ដោយ​ទាញហេតុផល​ថា ការបោះឆ្នោត​មាន​ភាពមិនប្រក្រតី​ច្រើន ហើយ​បាន​ធ្វើ​បាតុកម្ម​ជាប្រចាំ​៕

No comments:

Post a Comment

yes