សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 27, 2012

លោក សម រង្ស៊ី ជឿជាក់ថា​នឹងមាន​ដំណោះស្រាយ​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​បើកផ្លូវ​ឱ្យ​លោក​វិល​ចូល​ស្រុក​វិញ​


លោ​ក​ សម​ រ​ង្ស៊ី ប្រ​ធា​ន​​គ​ណ​ប​ក្ស​​ស​ង្គ្រោះ​​ជា​តិ​​ដែ​ល​​កំ​ពុ​ង​​ស្ថិ​ត​នៅ​​ក្នុ​ង​ប្រ​​ទេ​ស​​បា​រាំ​ង​​បា​ន​​មា​ន​ប្រ​សា​ស​ន៍​​កា​ល​ពី​​ថ្ងៃ​​ច​ន្ទ ទី​​២​៤ ខែ​ធ្នូ ថា​​លោ​ក​​ជឿ​ជា​ក់​ថា​​នឹ​ង​មា​ន​​កា​រ​ដោះ​ស្រា​យ​​​នៅ​​​នា​​ទី​​ចុ​ង​ក្រោ​យសម្រាប់​រូបលោក​វិលត្រឡប់​ចូល​ស្រុក​វិញ​។ លោក សម រង្ស៊ី ដែលជា​មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​ល្បីល្បាញ​ក្នុងប្រទេស កម្ពុជា​បាន​បញ្ជាក់ថា​លោក​ត្រូវតែ​មានឱកាស​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោតជាតិ​ឆ្នាំ​២០១៣​ខាងមុខ​ហើយ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​លើ​រដ្ឋាភិបាល លោក ហ៊ុន សែន គឺជា​ដំណោះ ស្រាយ​ដ៏​សំខាន់បំផុត​។ ជាមួយគ្នានេះ​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការបោះឆ្នោត​ក្នុងប្រទេស​កម្ពុជា​បាន​លើកឡើងថា ការបោះឆ្នោតជាតិ​អាណត្តិ​ទី ៥ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០១៣​ខាងមុខ​មិនអាច​អវត្តមាន​លោក​សម រង្ស៊ី ដែលជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​ល្បីល្បាញ​បានឡើយ​។​

        ​លោក​សម រង្ស៊ី បានរស់នៅ​ក្នុង ភាព​និរទេស​តាំងពី​ចុងឆ្នាំ​២០០៩ បន្ទាប់ពី​តុលាការ​ក្រោម​ឥទ្ធិពល រដ្ឋាភិបាល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទប្រកាន់​និង​កាត់ទោស​លោក​ក្នុង​សំណុំរឿង​ដក​តម្រុយ​បង្គោល​ព្រំដែន ព្រមទាំង​សំណុំរឿង​ក្លែង​ឯកសារ​សាធារណៈ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​។ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១២ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែលមាន​លោក អឹ​ុ​ុ​ម សួស្តី ជា​ប្រធាន និង​លោក ទេព នីថា អគ្គលេខាធិការ​បានសម្រេច​លុបឈ្មោះ​លោក សម រង្ស៊ី​ចេញពី​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដើម្បី​រារាំង​កុំឱ្យ​លោក​សម រង្ស៊ី​អាច ចូលរួម​បោះឆ្នោត​បាន​។ ទង្វើ​របស់ គ​.​ជ​.​ប ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា ធ្វើឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​គណបក្សកាន់អំណាច​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​ព្រោះ គ​.​ជ​.​ប មិន​លុបឈ្មោះ​ជនជាតិ​យួន ចេញពី​បញ្ជី​បោះឆ្នោត ហើយ​បែរ ជា​លុបឈ្មោះ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មហាជន​ស្គាល់​ច្បាស់​ទៅវិញ​។​
        ​លោក សម រង្ស៊ី បាន​លាឈប់​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សម រង្ស៊ី ហើយ​ទទួលយក​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី ចូលរួម​ក្នុងការ​បោះឆ្នោតជាតិ​ឆ្នាំ​២០១៣​ខាងមុខ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​ក្លាយទៅជា​គូប្រជែង​យ៉ាងខ្លាំង​ក្លា​ជាមួយ​គណបក្ស​ប្រជាជន​របស់លោក ហ៊ុន សែន​។ គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​ការរួម​កម្លាំង​គ្នា​រវាង​គណបក្ស​សមរ​ង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​មាន​គោលដៅ​បញ្ចប់​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន ដែល​គ្រប់គ្រង​អំណាច​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកហើយ​។ ទាក់ ទង​នឹង​បញ្ហា​នេះ​ក្រុម​វិភាគ​នយោបាយ​មួយចំនួន​បាន​វាយតម្លៃថា​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​ក្លាយទៅជា​ជម្រើស​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​ឆន្ទៈ​ផ្លាស់ប្តូរ​មេដឹកនាំ​នៅ​ឆ្នាំ ២០១៣ ខាងមុខ​ហើយ​ប្រសិនបើ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នកទទួលបាន​ជ័យជំនះ​លើ​គណបក្ស​ប្រជាជន​ជាមិនខាន​។​
        ​លោក សម រង្ស៊ី ដែល​កំពុង​បំពេញបេសកកម្ម​ស្វែងរក​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ និង​ពី​ជនរួមជាតិ​ខ្មែរ​នៅក្រៅ​ប្រទេស​បាន​មានប្រសាសន៍ថា​លោក​ទទួលបាន​ការគាំទ្រ​ពី​ព្រឹទ្ធសភា​ហ្វីលីពីន ព្រឹទ្ធសភា​អូស្ត្រាលី ព្រឹទ្ធសភា​អឺរ៉ុប ក៏ដូចជា​សមាជិក​ព្រឹទ្ធសភា និង​សមាជិកសភា​អាមេរិក​ក្នុងការ​គាំទ្រ​ឱ្យ​រូបលោក​មាន​វត្ត​មាននៅ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៣​។ លោក សម រង្ស៊ី មានប្រសាសន៍​ទៀតថា សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​គឺជា​ដំណោះស្រាយ​តែមួយគត់​ដែល​អាចជួយ​រូបលោក​វិលត្រឡប់​ចូល​ស្រុក​វិញ​បាន ប្រកបដោយ​សុវត្ថិភាព​។ លោក សម រង្ស៊ី បាន​គូសបញ្ជាក់ថា "​ខ្ញុំ​គិតថា​អ្វីដែល​សំខាន់ គឺ​ការគាបសង្កត់​មកលើ​ជន​ផ្តាច់ការ ក្នុងប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​ដូច្នេះ​ខ្ញុំ​នៅតែ​ជឿជាក់​ដូច​មុនៗ យើង​ឃើញ ហើយ​ថា នៅពេល​មាន​សម្ពាធ​អន្តរ ជាតិ​ខ្លាំង គឺ​គេ​បញ្ចប់​ដោយ​បន្ទន់​ជំហរ​ឱ្យមាន​ដំណោះស្រាយ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​"​។​
        ​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល ក៏​រំពឹង​ដែរ​ថា លោក សម រង្ស៊ី នៅមាន​ឱកាស​ក្នុង​ការវិល​ត្រឡប់មក​ចូលរួម​ក្នុងការ​បោះឆ្នោត​ដ៏​សំខាន់​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខ​។ លោក គល់ បញ្ញា បាន​បញ្ជាក់ថា  ច្រក​សម្រាប់​ដំណោះស្រាយ​មាន​ច្រើន​គឺ​ច្រក​សហគមន៍​អន្តរជាតិ និង​ច្រក​អ្នកនយោបាយ​ក្នុងប្រទេស​កម្ពុជា​ត្រូវ​ជជែក​គ្នា​ហើយ​ប្រជាពលរដ្ឋ​ចង់ឱ្យ​អ្នកនយោបាយ​ខ្មែរ​ជជែក​គ្នា​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​។ ជាមួយគ្នានេះ​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​និង​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ក្នុងប្រទេស​កម្ពុជា​ចង់ឱ្យ​អ្នកនយោបាយ​ទាំង​នៅក្នុង​ជួរ​រដ្ឋាភិបាល និង​គណបក្សប្រឆាំង​អង្គុយ​ចុះ​ដើម្បី​ជជែក​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ​ជាជាង​ការប្រឈមមុខ​ដាក់គ្នា​ដើម្បី​អំណាច​។ ក្នុងនោះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​មេដឹកនាំ គណបក្ស​ប្រជាជន​ត្រូវ​បន្ទន់​ជំហរ​តាម​អនុសាសន៍ របស់​អង្គការសហប្រជាជាតិ​និង​សហគមន៍​អន្តរជាតិ​ដើម្បី​ចៀសវាង​កុំឱ្យ​ប្រឈម​នឹង​ការរិះគន់​ជុំ​ទិស​តទៅទៀត​។​
        ​ក្រុម​អ្នកសង្កេតការណ៍​មួយចំនួន​បាន​សម្តែង​សេចក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការ​លុបឈ្មោះ​លោក សម រង្ស៊ី ចេញពី​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ព្រោះ ករណីនេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ ហើយ​ជា​ចេតនា​របស់​គណបក្សកាន់អំណាច​ក្នុងការ​រារាំង​មិនឱ្យ​លោក សម រង្ស៊ី ចូលរួម​ប្រកួតប្រជែង​។ ដូច្នេះ​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​គួរតែ​ពិនិត្យមើល​ឱ្យបាន​ដិតដល់​ចំពោះ​ទង្វើ​របស់​គណបក្សកាន់អំណាច​ក្នុងការ​រារាំង​លោក សម រង្ស៊ី មិនឱ្យ​ចូលរួម​បោះឆ្នោត​ព្រោះ​ជា​ទង្វើ​ដែល​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​យ៉ាង​គឃ្លើន​។ ជាពិសេស​អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ត្រូវ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​និង​ផ្លាស់ប្តូរ​សមាសភាព​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀប​ចំការ​បោះឆ្នោតឱ្យ ខាងតែបាន បើ​មិន​ដូច្នេះ​ទេ​ការបោះឆ្នោត​មិនអាច​ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​បានឡើយ​។​ដោយហេតុថា គ​.​ជ​.​ប ដែលមាន​លោក អុ​ឹ​ម សួស្តី ជា​ប្រធាន និង​លោក ទេព នីថា ជា​អគ្គលេខាធិការ​គឺជា​ឧបករណ៍​របស់​គណបក្ស​កាន់អំណាច​ហើយ​ធ្វើ​អ្វីៗ​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​គណ​បក្ស​កាន់អំណាច​ដោយ​មិន​ខ្វល់​ទៅនឹង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ​ឡើយ​។​
        ​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​និង​បញ្ហា​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​បានកត់សម្គាល់​ថាស​កម្ម​ភាព​របស់លោក សម រង្ស៊ី នៅលើ​ឆាក​អន្តរជាតិ​បានទទួល​នូវ​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ និង​ពី​អង្គការសហប្រជាជាតិ​កាន់តែខ្លាំង​ឡើងៗ​ដែលជា​ការជួយជ្រោមជ្រែង​ឱ្យ​លោក​អាច​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នាពេល​ឆាប់​ខាងមុខ​។ តាមរយៈ​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ​លើ​រដ្ឋាភិបាល​កម្ពុជា គឺអាច​ធ្វើឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ច្រក​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ដើម្បី​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ប្រកបដោយ​តម្លាភាព និង​ស្របទៅតាម​ឆន្ទៈ​ប្រជាពលរដ្ឋ​។ រដ្ឋាភិបាល​លោក ហ៊ុន សែន មិនអាច​ច្រានចោល​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ​និង​សហគមន៍ អន្តរជាតិ​បានទេ​ព្រោះ​ចាប់តាំងពី ក្រោយពេល​បោះឆ្នោត​អាណត្តិ​ទី​ពីរ ឆ្នាំ​១៩៩៨ រួចមក​កម្ពុជារ​ស់បាន​ដោយសារ​ពឹង​ផ្អែកលើ​ជំនួយ​និង​ប្រាក់កម្ចី​ពី​បរទេស​រាប់ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ​។ រដ្ឋាភិបាល​កម្ពុជា​មិនអាច​អាង​លើ​ជំនួយ​និង​ប្រាក់កម្ចី​ពី​រដ្ឋាភិបាល​ចិន ហើយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​អនុសាសន៍​របស់​សហគម​ន៍​អន្តរជាតិ​នោះទេ ព្រោះ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​។
        ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​បាន​លើកឡើងថា​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៥ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ គឺជា​ការប្រកួតប្រជែង​ផ្តាច់ព្រ័ត្រ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​ហ៊ុន សែន និង​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​លោក​សម រង្ស៊ី ជា​ប្រធាន​។ បើ​ពិនិត្យ​ទៅលើ​ស្ថានការណ៍​ជាក់ស្តែង​គណបក្ស​ប្រជាជន​កំពុងមាន​សេចក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សន្ទុះ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​ច្បាស់លាស់​ក្នុង​បញ្ហា​បម្រើ និង​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។​ដូច្នេះ​អង្គការសហប្រជាជាតិ​និង​សហគមន៍​អន្តរជាតិ​ត្រូវតែ​ជួយ​ជ្រោមជ្រែង​ធ្វើយ៉ាងណា​ឱ្យ​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៥ ក្នុងប្រទេស​កម្ពុជា​ដែល​ឈាន​មកដល់​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ​និង យុត្តិធម៌​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​និង​ស្របតាម​ឆន្ទៈ​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ចង់ឱ្យមាន​ការផ្លាស់ប្តូរ​មេដឹកនាំ​៕

No comments:

Post a Comment

yes