សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 26, 2012

អង្គប្រជុំប្រចាំឆ្នាំរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា លើកផែនការណ៍ ជាយុទ្ធសាស្ត្រ សម្រាប់ឆ្នាំ ២០១៣


លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រារព្ធ​អង្គប្រជុំ​ប្រចាំឆ្នាំ និង​រៀបចំ​ផែនការ​ជា​យុទ្ធ​សម្រាប់​ឆ្នាំ ២០១៣ របស់ខ្លួន ប្រកបដោយ​លទ្ធផល​គួ​ជាទី​មោទនភាព នោះ​គឺជា​ផែនការ​តស៊ូ​ដោយ​សន្តិវិធី និង​អហិង្សា ដើម្បី​លើកស្ទួយ​ស្ថានភាព​រស់នៅ​របស់​ជន​រួម​ជាតិ​ខ្មែរក្រោម ។ អង្គ​ប្រជុំបាន​ប្រព្រឹត្តទៅ​អស់​រយៈ​មួយថ្ងៃ​គឺ​ថ្ងៃទី ២៥ ធ្នូ នេះ នៅ​សហគមន៍​បុរី​ព្រៃនគរ ក្នុង​សង្កាត់ ភ្នំពេញ​ថ្មី ខ័​ណ្ឌ សែន សុខ រាជធានី​ភ្នំពេញ ។ អង្គប្រជុំ​ដែល​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម​យន្ត ថា​រ៉ូ ជា​សមាជិកសភា​កម្ពុជា ជា​ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម និង​មាន​ដំណាង​អង្គការ សមាគម​ខ្មែរក្រោម ទាំង​ព្រះសង្ឃ​និង គ្រ​ហស្ត​ចូលរួម​ចំនួន ៥០​រូបនោះ ក៏ត្រូវ​បានការ អប់អរ​សា​ទ័​រ​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផងដែរ ។​

​អង្គប្រជុំ​ប្រចាំឆ្នាំ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា​នេះ ត្រូវបាន​ចែកចេញជា​ពីរ​ដំណាក់កាល គឺ​នៅពេល​ព្រឹក និង​ពេល​ល្ងាច ។ ចំពោះ​កម្មវិធី​ពេលព្រឹក គឺ​ប្រារព្ធ​បើក​កម្មវិធី​ដោយ ឯកឧត្តម​យន្ត ថា រ៉ូ ដែល​កម្មវិធី​ដូចតទៅ គឺ​ការ​ជម្រាប់ជូន​នូវ​របាយការណ៍​សង្ខេប ប្រចាំឆ្នាំ​របស់​លេ​ធិ​ការដ្ឋាន​ដោយ​លោក គឹម ស៊ីសំ​ណា ដោយបាន​សង្ខេប​នូវ​របាយការណ៍​សំខាន់ៗ​ចំនួន​បី គឺៈ ទី​១. បានធ្វើ​របាយការណ៍​ដាក់ជូន​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​កម្ពុជា និង​ផ្ញើ​ផ្ទាល់​តំណាង​ពិសេស​គឺ​អ្នកស្រី​ណាវី ភី​ឡាយ ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ២. បានធ្វើ​ទៅកាន់​លោក​អគ្គលេខាបក្ស​កុ​ម្មុនី​ស្ត​វៀតណាម និង​ផ្ញើ​ទៅកាន់​លោក ង្វៀង តឹង​យុង នាយករដ្ឋមន្ត្រី​វៀតណាម ដើម្បី​ស្នើ​អន្តរាគមន៍​ពី​បញ្ហា​ខ្មែរក្រោម​នៅ​វៀតណាម និង​៣. រៀបចំ​បុណ្យខួប​នានា​ទាក់ទង​និង​ទិវា​ប្រវត្តិសាស្ត្រ​របស់​ខ្មែរក្រោម និង​៤. បញ្ហា​របស់ ខ្មែរក្រោម​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​បណ្តាញ​ពត៌មាន​ជាតិ និង​អន្តរជាតិ​នានា ។​
​សកម្មភាព​សំខាន់ៗ នាពេល​ព្រឹក​នោះដែរ ក៏មាន​ការប្រកាស​ផ្ទេរតំណែង​ប្រធាន​លេខាធិការដ្ឋាន និង​សមាសភាព​គណកម្មការ​របស់​អង្គភាព​នេះ​ក្នុងនោះ​ក៏មាន​ប្រកាស​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​សមាជិក​គណកម្មកា​រ​នីមួយៗ ដោយ​ព្រះ​តេជគុណ កៀង សន​ប្រសិទ្ធ តំណាង​សម្ព័ន្ធ​សមណ​និស្សិត និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ។ សមាសភាព​គណកម្មកា​រ​នេះ​រួមមាន​៖ ១. លោក សឺ​ន យឿ​ង ដែលជា​នាយក​ប្រតិបត្តិ នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ត្រូវ​ទទួល​តំណែង​ជា​ប្រធាន​លេខាធិការដ្ឋាន​ថ្មី ២. លោក ថាច់ ង៉ុ​ក​សួង ជា​ប្រធានការិយាល័យ​កិច្ចការ​ធម៌​វិន័យ នៃ​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​ទទួល​តួនាទី​ជា​អនុប្រធាន លេខាធិការដ្ឋាន ៣. លោក គឹម ស៊ីសំ​ណា ជា​អនុប្រធាន​បណ្តាញ​យុ​ជន​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​ទទួល​តួនាទី​ជា​លេខាធិការ​ទទួលខុសត្រូវ​ផ្នែក​កិច្ចការរដ្ឋបាល និង​បេឡា ៤. លោក សឺ​ន សុធន ជា​មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ត្រូវ​ទទួល​តួនាទី​ជា​មន្ត្រី​ស៊ើបអង្កេត ៥. លោក ស៊ុន សុ​ផា ជា​អគ្គលេខាធិការ អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​ទទួល​តូ​នាទី​ជា​ជំនួយការ​កិច្ចកា​រដ្ឋបាល ៦. លោក ថាច់ ភឿន ជា​អនុប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​ទទួល​តួនាទី​ជា​ជំនួយការ​កិច្ចការរដ្ឋបាល  និង​៧. លោក ថាច់ យាំង​សេរី ជា​សមាជិក​សកម្ម​សហ​គម​ន៍​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​ទទួល​តួនាទី​ជំនួយការ​កិច្ចកា​រដ្ឋបាល ។​
​រីឯ​កម្មវិធី​អង្គប្រជុំ​ពេល​ល្ងាច គឺ​ប្រកាស​បើក​កម្មវិធី​ដោយ​លោក សឺ​ន យឿ​ង ប្រធាន​លេខាធិការដ្ឋាន​ថ្មី និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក សឺ​ន ជុំ​ជួន នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ និង​ជា​ប្រធាន​កម្មវិធី​បណ្តាញ​យុវជន​។ ដើម្បី​សមាជិក​អង្គប្រជុំ​ចូលរួម​ពិភាក្សា លោក សឺ​ន ជុំ​ជួន បាន​លើកយក​ចំណុច​ពីរ​សំខាន់ៗ​គឺ ១. ការកំណត់​បញ្ហា​ស្នូល បញ្ហា​ដែល​បណ្តាល និង​បញ្ហា​ដែលជា​ផលប៉ះពាល់ ដល់​ក្រុម​គោលដៅ​ជាពិសេស​ខ្មែរក្រោម​កំពុង​ប្រឈម និង​រិះរក​ផែនការ​យុទ្ធសាស្ត្រ​សំរាប់​ឆ្នាំ ២០១៣ និង​ឆ្នាំ​បន្តបន្ទាប់​។
ក្រោយពី​បាន​ពិភាក្សា​រួម​ដោយ​សមាជិក​អង្គប្រជុំ​បាន​រកឃើញ​នូវ​បញ្ហាសំខាន់​ដូចខាងក្រោម​៖
​បញ្ហា​ស្នូលៈ​
•  គឺ សិទ្ធិ និង​សេរីភាព​របស់​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ត្រូវបាន​រឹតបន្តឹង ។​
​បញ្ហា​បណ្តាល​ដែល​ពាក់ព័ន្ធ​ទៅនឹង​ចំណេះដឹង​របស់​ខ្មែរក្រោម​គឺៈ​

•    ខ្វះ​ចំណេះដឹង​ផ្នែក​សិទ្ធិមនុស្ស និង​ច្បាប់ ។ ពួកគាត់​មិនអាច​ទទួល​ពត៌មាន​បាន​គ្រប់​ជ្រុងជ្រោយ ដោយសារ​បណ្តាញ​ពត៌មាន​ចង្អៀត ។ ពួកគាត់​រស់នៅ​ប្រឈម​និង​ភាពក្រីក្រ ។ កំរិត​ការសិក្សា​រៀនសូត្រ​នូវមានកំរិត​ទាប ។ រស់នៅ​ដោយ​ពុំមាន​ឯកសារ​គ្រប់គ្រាន់​ដែល​អាច​បញ្ជាក់ថា​ពួកគាត់​ជា​ខ្មែរ ។​
​ពាក់ព័ន្ធ​ទៅនឹង​ផ្លូវច្បាប់​៖
•   សមត្ថកិច្ច​មិនបាន​អនុវត្ត​ច្បាប់ និង​មានការ​រំលោភ​ផ្លូវច្បាប់ ។ មានការ​ធ្វេសប្រហែស​ក្នុងការ​អនុវត្តន៍​រប​ស់​មន្ត្រី​អនុវត្ត​ច្បាប់ ។​
​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​អំណាចៈ​
•    មាន​អំពើពុករលួយ ។ គ្មាន​គុណធម៌ ខ្វះ​ការ​សម​គ្គី​គ្នា ។ មាន​ភាពលំអៀង និង​និន្នាការ​នយោបាយ​។  មានការ​អាង​អំណាច និង​មានការ​គម្រាម​គំហែង ។​
​ផលប៉ះពាល់ គឺ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​អាច​និង​ប្រឈម​ទៅនឹង​៖
•    បាត់បង់​សិទ្ធិ​ពលរដ្ឋ មានការ​រើសអើង ការបែងចែក​បក្សពួក​និយម ពួកគាត់​រស់​ដោយ​ឯកោ ពុំមាន​ការងារ​បំរើ​អាជីព​ប្រចាំថ្ងៃ គ្មាន​មុខរបរ និង​គ្មាន​លំនៅដ្ឋាន​ពិតប្រាកដ​។​
​ឆ្លើយតប​ទៅ​និង​ការរកឃើញ​បញ្ហា​ទាំងនេះ អង្គប្រជុំ​បាន​ឯកភាព​បង្កើត​នូវ​ផែនការ​មួយចំនួន​ដែលមាន​ដូចខាងក្រោម​នេះ​៖
១. ផ្សព្វផ្សាយ និង​អប់រំ​សន្តិភាព​សហគមន៍ ដោយ​រួមបញ្ចូល​នូវ​គន្លឹះ​សំខាន់ៗ​នៃ​ការ កសាង​សន្តិភាព​សហគមន៍ ។ ដែលមាន​ការផ្សព្វផ្សាយ សេចក្តីប្រកាស​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស សេចក្តីប្រកាស​ជាស​កល​ស្តី​សិទ្ធិ​ជនជាតិដើម​ភាគតិច និង​រួមមាន​ឯកសារ​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ​ខ្មែរ ។​
២. បង្កើត​ប​ញ្តា​ញ​ពត៌មាន ដើម្បី​ផ្សព្វផ្សាយ​តាមរយៈ​ព្រឹត្តិបត្រ សារពត៌មាន​ព្រៃនគរ គេហទំព័រ​នានា​របស់​ខ្មែរក្រោម និង​ប្រព័ន្ធ​ផ្សាយ​សម្លេង​ជាតិ និង​អន្តរជាតិ​។​
៣.​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ ប្រជាពលរដ្ឋ និង​អង្គការ​ជាតិ និង​អន្តរជាតិ​នានា និង​តស៊ូ​មតិ​តាមរយៈ សេចក្តីថ្លែងការណ៍ ញ​តិ្ត របាយការណ៍​អន្តរាគមន៍ និង​ក្បួន​ដង្ហែ​នានា ។​
៤. ផ្តល់​សេវាកម្ម​សង្គ្រោះបន្ទាន់ ដល់​សកម្មជនរ​ង្គ្រោះ​ដោយសារ​ការ​តវា​រឿង​ដីធ្លី វប្បធម៌ ប្រពៃណី ជំនឿ​សាសនា ។​ល​។​
៥. បង្កើត​បណ្តាញ​មូលនិធិ​គាំទ្រ​តាមរយៈ ហិប​មូលនិធិ សិល្បៈ​តន្ត្រី​កំសាន្ត និង​ពី​ធី​បុណ្យប្រពៃណី​ផ្សេងៗ​
​រី​ពេលវេលា​នៃ​ការអនុវត្តន៍​ផែនការ​ទាំង ៥ ដែល​បា​ដាក់ចេញ គឺ​អង្គប្រជុំ​បានសម្រេច​ថា នឹង​អនុវត្តន៍​ជា​បណ្ដើរ ៗ តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។​
​ជា​ចុងបញ្ចប់​នៃ​អង្គប្រជុំ​នៅក្នុង​សុន្ទរកថា សរុប​លទ្ធផល​និង​បិទ​កម្មវិធី លោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរក្រោម​ប្រចាំ​ព្រះរាជ​រា​ណា​ចក្រ​កម្ពុជា បាន​ពាំ​នាំនូវ​ពាក្យ​ផ្ដាំផ្ញើ និង​សា​ទ័​រ​ចំពោះ​អង្គប្រជុំ របស់លោក តោ គឹម ថុង ឧ​ត្ត​ម​ទីប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​។ ហើយ​លោក​តាំង សារៈ​ក៏បាន​ឈ្លៀត​ពេល​ផ្ដាំផ្ញើ​ឲ្យ​ថ្នាក់ដឹកនាំ និង​សកម្មជន នៃ​អង្គការ​សមាគម​ទាំងអស់​ខិតខំ​បំពេញ​តួនាទី​រៀងៗ ខ្លួន រៀង ៗ អង្គភាព កុំបី​ធ្វេសប្រហែស បន្ថែម​ពីលើ​នេះ​ទៀត​លោក​តាំង សារៈ បាន​ស្ងើចសរសើរ និង​ជូនពរ​ជា​អនេគ​កប្ប​ការ ដល់​ថ្នាក់ដឹកនាំ​លេខាធិការដ្ឋាន ថ្នាក់ដឹកនាំ និង​សកម្មជន នៃ​អង្គការ​សមាគម​ខ្មែរក្រោម​ទាំងអស់ ក្នុងការ​ខិតខំ​បំពេញការងារ​ដើម្បី​ប្រយោជន៍​ជាតិ ។​
​លទ្ធផល​អង្គ​ប្រជុំបាន​ឯកភាព និង​មាន​សុ​ឆន្ទៈ ប្តេជ្ញា​ចូលរួម​ធ្វើ​សកម្មភាព​ទៅតាម​ផែនការ​តាម​សមត្ថភាព​រៀង ៗ ខ្លួន រៀង ៗ អង្គភាព​៕​