សិស្សថ្នាក់ទី៣ កំពុងរៀននៅសាលាបឋមសិក្សាកំពង់អួរ នៅភូមិកំពង់អួរ ឃុំខុនរ៉ង
ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២
នៅឯភូមិកំពង់អួរ មាតាបិតាសិស្ស និងអាជ្ញាធរដែនដីចោទគ្រូបង្រៀននៃសាលាបឋមសិក្សាកំពង់អួរ នេះថាមកបង្រៀនមិនទៀងទាត់ធ្វើឲ្យសិស្សរៀននៅសាលានេះមិនមានគុណភាព។
នាយកសាលាបឋមសិក្សានេះទទួលស្គាល់ពីបញ្ហានេះ តែលោកបន្ទោសថា មកពីជីវភាពគ្រូមានការខ្វះខាត ទើបមានបញ្ហាបង្រៀនមិនទៀងទាត់កើតមាន។
មាតាបិតាសិស្ស និងអាជ្ញាធរដែនដីបានឲ្យដឹងដូចៗគ្នាថា សិស្សដែលរៀនថ្នាក់ទី៤ ឬទី៥ នៅសាលាបឋមសិក្សាកំពង់អួរ ភាគច្រើនមិនអាចអានអក្សរដាច់ទេ។
ស្ត្រីអ្នកភូមិឈ្មោះ លី ឡាង ជាប្រជាពលរដ្ឋនៅភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ធ្នូ ថា កូនគាត់បានមករៀននៅសាលាបឋមសិក្សាកំពង់អួរ នេះជិត ៤ឆ្នាំហើយ តែកូនគាត់មិនអាចអានអក្សរដាច់ទេ។ លុះគាត់សួរពីមូលហេតុ កូនគាត់ប្រាប់ថាមិនសូវបានរៀនទេ ព្រោះគ្មានគ្រូមកបង្រៀន។ គាត់សំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជួយធ្វើយ៉ាងណាឲ្យគ្រូនៃសាលានេះមកបង្រៀនសិស្សឲ្យបានទៀងទាត់ពេលវេលាផង៖ «ជួនកាលថ្ងៃខ្លះគ្រូមកបង្រៀន ថ្ងៃខ្លះអត់មកអ៊ីចឹងទៅ កូនសិស្សរៀនអត់ចេះទេ។ ខ្ញុំចង់សំណូមពរឲ្យគ្រូមកបង្រៀនឲ្យជាប់លាប់ និងបង្រៀនឲ្យដិតដល់»។
មេភូមិកំពង់អួរ គឺលោក ហេង ហម មានប្រសាសន៍ថា ក្នុងនាមជាអាជ្ញាធរដែនដី លោកបានខិតខំគ្រប់បែបយ៉ាង ទម្រាំសុំបានសាលារៀនមួយខ្នងនេះ។ ប៉ុន្តែ អ្វីដែលលោកខកចិត្តនោះ គឺលោកគ្រូដែលទទួលបន្ទុកថ្នាក់និមួយៗ ហាក់មិនមានការទទួលខុសត្រូវក្នុងការងាររបស់ខ្លួន។ លោកថា បើគ្រូគ្មានវិន័យហើយនោះ តើសិស្សសង្ឃឹមលើអ្នកណា?៖ «ខកពេលច្រើនពេក ពេលកូនសិស្សមកគ្រូអត់មក។ ដល់តែសិស្សមកពីរបីដងអត់ឃើញគ្រូ វាលែងមកទៀត។ គ្រូនៅនេះច្រើនតែឈប់អត់ប្រាប់កូនសិស្ស។ ប្រាប់ទៅគ្នាដឹង គ្នាអត់មកព្រោះផ្ទះនៅឆ្ងាយ ត្រូវឆ្លងកាត់ទឹកទម្រាំមកដល់សាលារៀន វាលំបាកដែរ។ ឯគ្រូអាចជិះម៉ូតូមកដល់ស្រួល តែគាត់ឈប់គាត់អត់ដែលប្រាប់សិស្ស»។
ឆ្លើយតបចំពោះបញ្ហាខាងលើ នាយកសាលាបឋមសិក្សាកំពង់អួរ គឺលោក ជុំ ហៃ ទទួលស្គាល់ថាពិតជាមានបញ្ហានេះកើតមានមែន។ យ៉ាងនេះក្ដី លោកថាការអាក់ខានក្នុងការមកបង្រៀនម្ដងម្កាលនេះ គឺមកពីកត្តាជីវភាពរបស់លោកគ្រូទាំងនោះមានការខ្វះខាត ដែលតម្រូវឲ្យពួកគាត់ត្រូវស្វះស្វែងរកបន្ថែមដើម្បីបង្គ្រប់៖«អត់បានមកបង្រៀនហ្នឹង គឺមកពីជីវភាពគាត់ៗរវល់ជួយគ្រួសារ គ្រូខ្លះឈប់ដើម្បីជួយច្រូតស្រូវ។ ហើយបើខែវស្សាវិញ ជួនកាលមានការយឺតយ៉ាវ ព្រោះទម្រាំចែវទូកទៅដល់ ព្រោះខ្វះមធ្យោបាយធ្វើដំណើរ»។
យ៉ាងណាក៏ដោយ ប្រធានការិយាល័យអប់រំស្រុកបរិបូណ៌ លោកស្រី ម៉ី ហួរ មានប្រសាសន៍ថា លោកស្រីបានដឹងបញ្ហានេះហើយ ហើយលោកស្រីបានហៅលោកគ្រូ ព្រមទាំងនាយកសាលាមកពិភាក្សារកដំណោះស្រាយរួចហើយ ហើយលោកស្រីសង្ឃឹមថាបញ្ហានេះនឹងមិនកើតឡើងទៀតទេនៅសាលាបឋមសិក្សាកំពង់អួរ នេះ។
យ៉ាងនេះក្ដី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជប្រចាំខេត្តកំពង់ឆ្នាំង គឺលោក កែវ ថៃ មានប្រសាសន៍ថា បៀវត្សរ៍គ្រូបង្រៀន គឺជាកត្តាសំខាន់ក្នុងការពង្រឹងគុណភាពវិស័យអប់រំសិក្សាធិការ។ លោកថានៅពេលដែលជីវភាពមានការខ្វះខាត គ្រូបង្រៀនមិនអាចមានអារម្មណ៍ល្អក្នុងការបង្រៀនសិស្សនោះឡើយ៕
No comments:
Post a Comment
yes