ខេត្ដកំពត ៖ ឈើគ្រប់ប្រភេទនៅសួនឧទ្យានជាតិបូកគោ កំពុងត្រូវកាប់បំផ្លាញយ៉ាងអណាធិបតេយ្យ ហើយយកមកលក់ឱ្យក្រុមឈ្មួញ ដែលក្នុង១ថ្ងៃៗមានប្រជាពលរដ្ឋស៊ីឈ្នួលដឹកតាមរទេះគោ មិនតិចជាង ១០០ រទេះនោះទេ ហើយរទេះនីមួយៗអាចដឹកឈើបាន ១ ដើម មានមុខកាត់ប្រហែល ១ ម៉ែត្រ ប្រវែងចាប់ពី ១០ ម៉ែត្រឡើង បើឈើត្រឹមមុខកាត់កន្លះម៉ែត្រដឹកបាន២ដើម។
ប្រជាពលរដ្ឋដែលរកស៊ីដឹកឈើ ចេញពីសួនឧទ្យានជាតិមុនីវង្សបូកគោខាងលើនេះ បានរៀបរាប់ឱ្យដឹងថា ពួកគាត់គ្រាន់តែស៊ីឈ្នួលដឹកឈើឱ្យគេតែប៉ុណ្ណោះ ពោលគឺដឹកឈើចេញពី តំបន់ព្រៃអភិរក្សសួនឧទ្យានជាតិមុនីវង្សបូកគោ។ ពួកគាត់បន្ដថា ការដឹកជញ្ជូនរាល់ថ្ងៃមានអ្នករត់ការរួចហើយ ដោយមិនចាំបាច់ព្រួយបារម្ភពីអាជ្ញាធរបង្ក្រាប និងជំនាញនោះទេ។ នៅពេលពួកគាត់ចូលទៅដឹក គឺមិនបាច់រង់ចាំទេ ព្រោះឈើគេកាត់រួចស្រេចតំរៀបនៅក្នុងព្រៃរូចហើយ។ ក្រុមប្រជាពលរដ្ឋខាងលើរៀបរាប់ឱ្យដឹងទៀតថា ការដឹកជញ្ជូនឈើចេញពីព្រៃខាងលើនេះ ពួកគាត់ដឹកចេញពីតំបន់អភិរក្ស ឆ្លងកាត់ភូមិពង្រក់ជ្រៃ បាក់ ត្រពាំងរុន តាមសាលាឃុំតាកែន កោះស្លា ក្នុងស្រុកឈូក មកស្រុកបសេដ្ឋ (ខេត្ដកំពង់ស្ពឺ) ឃុំនិព្វាន ទម្លាក់ នៅផ្ទះឈ្មោះ តាថោ និង តាអឿន ព្រោះផ្ទះអ្នកទាំងពីរមានម៉ាស៊ីនសម្រាប់ជ្រៀកឈើលក់បន្ដតាមដេប៉ូ។
បើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋខាងលើបានឱ្យដឹងថា ពួកគាត់ទទួលបានកម្រៃ ១០ ម៉ឺនរៀល ក្នុង ១ ជើង។ ចំណែការចំណាយតាមផ្លូវ គឺមានអ្នករត់ការរួចជាស្រេច ដោយពួកគាត់មិនចាំបាច់ព្រួយបារម្ភរឿងសមត្ថកិច្ចស្ទាក់ចាប់ ឬបង់លុយនោះទេ ប៉ុន្ដែចំពោះតម្លៃឈើលក់ថ្លៃប៉ុន្មាននោះ គឺមិនដឹងឡើយ គ្រាន់តែដឹងថា ដឹកចេញពីព្រៃអភិរក្សសួនឧទ្យានជាតិមុនីវង្សបូកគោតែប៉ុណ្ណោះ។ ពួកគាត់បន្ដថា តាមដឹងឈើដែលពួកគាត់ដឹកសព្វថ្ងៃនេះ គឺជារបស់លោក ទឹម សឿយ មានតួនាទីជាមន្ដ្រីបរិស្ថានការពារអភិរក្សតំបន់សួនឧទ្យានជាតិមុនីវង្សបូកគោ មានស្នាក់ការនៅក្នុងភូមិអន្លង់ក្មេងលេង។
លោក ទឹម សឿយ គឺមានក្រុមរណាយន្ដ តាមអារឈើគ្រប់ប្រភេទក្នុងព្រៃខាងលើនៅពេលដែលមានឈ្មួញកុម្ម៉ង់ទិញហើយ គឺគាត់ជួលពួកអ្នកស្រុកឱ្យដឹកចេញ។ មូលហេតុដែលលោក ទឹម សឿយ អាចអនុញ្ញាតឱ្យគេកាប់ឈើគ្រប់ប្រភេទ នៅក្នុងសួនឧទ្យានជាតិមុនីវង្សបូកគោ លក់ទៅឱ្យក្រុមឈ្មួញដោយសេរីបែបនេះ ត្រូវបានប្រភពច្បាស់ការណ៍មួយបង្ហើបឱ្យអ្នកកាសែតដឹងថា គឺមានភ្លើងខៀវពីលោក ស៊ុយធា ប្រធានមន្ទីបរិស្ថានគ្រប់គ្រងតំបន់ខាងលើនេះ។ ខាងកាសែតយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺ ពីលោក ទឹម សឿយ បានទេ ដោយទូរស័ព្ទហៅមិនចូល។ ចំណែកលោក ស៊ុយធា ប្រធានមន្ទីបរិស្ថានគ្រប់គ្រងតំបន់អភិរក្សមុនីវង្សបូកគោក៏មិនអាចសុំកាបំភ្លឺបានដែរ។ ជុំវិញករណីខាងលើនេះ លោក ខឹម ហម អភិបាលស្រុកឈូក បានឱ្យដឹងតាមទូរស័ព្ទថា លោកធ្លាប់ទទួលបានព័ត៌មាននេះ ហើយក៏បានរាយការណ៍ទៅថ្នាក់លើរួចរាល់ដែរ ហើយបើចង់ដឹងរឿងលម្អិតនោះ អាចសួរលោក តុង សែ មេព្រៃប្រចាំនៅស្រុកឈូក។ លោក តុង សែ មានប្រសាសន៍ថា លោកកំពុងជាប់រវល់ជួយក្រុមនិស្សិចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ។ ប៉ុន្ដែលោកទទួលស្គាល់ថា ពិតជាមានបទល្មើសខាងលើប្រាកដមែន តែឈើទាំងអស់នោះ គឺដឹកចេញមកពីសួនឧទ្យានជាតិមុនីវង្សបូកគោដែលជាដែនអភិរក្សរបស់លោក យ៉ង ភារម្យ ។
បើតាមការបញ្ជាក់របស់ក្រុមប្រជាពលរដ្ឋដែលរកស៊ីដឹកឈើចេញពីព្រៃអភិរក្សឧទ្យានជាតិមុនីវង្សបូកគោ បានឱ្យដឹងថា កន្លងមកនៅពេលដែលពួកគាត់ដឹកឈើចេញពីព្រៃ គឺមានអាជ្ញាធរពាក់ព័ន្ធស្ទាក់ចាប់ដែរ ប៉ុន្ដែពួកគេគ្រាន់តែចាប់យកលុយតែប៉ុណ្ណោះ ជាក់ស្ដែងដូចជាលោកមេប៉ុសិ៍្ដឃុំតា កែនកោះស្លោ គឺចាប់យកក្នុង១រទេះ ៥ ម៉ឺនរៀល។ គេនៅមិនទាន់ដឹងថា តើអាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការបង្ក្រាបទៅលើក្រុមឈ្មួញ និងក្រុមមន្ដ្រីខិលខូចមួយចំនួន ដែលកំពុងរួមដៃគ្នាកាប់បំផ្លាញព្រៃឈើគ្រប់ប្រភេទនេះយ៉ាងណានោះទេ ខណៈប្រជាពលរដ្ឋដែលរស់នៅក្បែរៗតំបន់នោះបានសម្ដែងការព្រួយបារម្ភថា បើសិនជាអាជ្ញាធរថ្នាក់លើមិនបង្ក្រាបទៅថ្ងៃអនាគតព្រៃអភិរក្សសួន ឧទ្យានជាតិមុនីវង្សបូកគោ នឹងត្រូវអស់គ្មានសល់មិនខាន ពីព្រោះក្នុង១ថ្ងៃៗ ឈើទាំងនោះត្រូវបានកាប់ និងដឹកចេញរាប់រយដើម។ ពួកគាត់បានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែចាត់វិធានការបង្ក្រាបជាបន្ទាន់ ទៅលើក្រុមមន្ដ្រីខិលខូចដែលយកអំណាចទៅរកស៊ីកាប់បំផ្លាញព្រៃឈើខាងលើនេះ ទៅលក់ឱ្យក្រុមឈ្មួញ ៕
No comments:
Post a Comment
yes