សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 25, 2012

២០១២​ជា​ឆ្នាំ​ដែល​រួម​រឹត​ទៅ​ដោយ​អំពើ​ហិង្សា​ដីធ្លី​ទាំង​នៅ​ទី​ក្រុង​និង​ជន​បទ

ភ្នំពេញៈ បន្ទាប់​ពី​រស់​នៅ ២៨ ឆ្នាំ ក្នុង​រាជធានី​ភ្នំពេញ ដោយ​បរិភោគ​អាហារ​ដូច​ជា «ស្តេច» ​និង​បាន​ទៅ​រៀន​នៅ​សាលារៀន​ល្អ​បំផុត ការ​ធ្វើ​ដំណើរ​របស់​លោក សុផល (ឈ្មោះ​ត្រូវ​បាន​ដាក់​ដោយ​អ្នក​កាសែត) ​ទៅ​ជន​បទ គឺជា​បទ​ពិសោធ​ពិបាក​ផង និង​ជា​បទ​ពិសោធ​ថ្មី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ។
រហូតដល់ថ្ងៃមួយ ក្នុង​ខែ​មិថុនា នៅ​ពេល​គាត់​ដោះ​ដូរ​សម្លៀក​បំពាក់​ស្អាត ជាមួយ​នឹង​ភាព​នឿយ​ហត់ ដោយ​ចូល​រួម​ក្នុង​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​កំហឹង​លើ​បញ្ហា​ចាប់​យក​ដីធ្លី ដែល​កើត​មាន​នៅ​តំបន់​ដទៃ​ទៀត ក្នុង​ប្រទេស​កម្ពុជា ពុំ​ត្រូវ​បាន​យុវជន​មើល​ឃើញ​ឡើយ។
ជា​យុវជន ស្ម័គ្រ​ចិត្ត​ម្នាក់ នៃ​យុវជន​ស្ម័គ្រ​ចិត្ត​ប្រហែល ២០០០ នាក់ ដែល​បាន​ដាក់​ពង្រាយ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ជា​ផ្នែក​មួយ នៃ​គម្រោង​វាស់​វែង​ដីធ្លី ដែល​មាន​គោល​បំណង ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចាប់​យក​ដីធ្លី ដែល​រីក​រាល​ដាល​នៅ​កម្ពុជា លោក សុផល ចាប់​ផ្តើម​ដឹង​អំពី​ការ​លំបាក​យ៉ាង​ខ្លាំង ដែល​ប្រជាជន​នៅ​តាម​ជន​បទ ជួប​ប្រទះ ដោយ​សារ​ការ​ចាប់​យក​ដីធ្លី។

ប៉ុន្តែ​ក្នុង​ស្រុក​ថ្ពង ខេត្ត​កំពង់​ស្ពឺ ជា​កន្លែង​ដែល​លោក សុផល ស្ម័គ្រ​ចិត្ត​ចុះ​វាស់​ដី បញ្ហា​ធំ​បំផុត របស់​យុវជន​ស្ម័គ្រ​ចិត្ត មិន​មែន​ជា​ជំនាញ​វាស់​វែង​ដី​ក្មេង​ខ្ចី​របស់​ពួកគេ ឬ​ការ​ទាក់​ទង​ក្នុង​ភូមិ​ឡើយ ប៉ុន្តែ​គឺ​បញ្ហា​នយោបាយ នៅ​ពី​ក្រោយ​ជម្លោះ​ដ៏​ក្តៅ​គគុក​នេះ ដែល​ជា​ជម្លោះ ពាក់​ព័ន្ធ​រហូត​ដល់​ព្រឹទ្ធ​សភា​កម្ពុជា។
លោកព្រឹទ្ធសមាជិក​លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធ​សភា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​គេ​ហៅ​ថា «ស្តេច​កោះ​កុង» បាន​ទទួល​ដី​សម្បទាន ៩០០០ ហិកតា ក្នុង​ឃុំ​អម​លាំង ​ស្រុក​ថ្ពង ក្នុង​ឆ្នាំ ២០១០ ដែល​បណ្តាល​ឲ្យ​កើត​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ក្តៅ​គគុក ជាមួយ​នឹង​ប្រជា​ជន​ប្រហែល ២០០០ គ្រួសារ ដែល​ទទួល​រង​ផល​ប៉ះពាល់ ចាប់​តាំង​ពី​ការ​ផ្តល់​ដី​សម្បទាន។
ឃុំអម​លាំង ដែល​រួម​រឹត​ទៅ​ដោយ​បញ្ហា​ជម្លោះ​ដីធ្លី​មួយ​នេះ បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​គណបក្ស សម រង្ស៊ី ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​នេះ ដោយ​ស្រ្តី​អាយុ ២៨ ឆ្នាំ​ម្នាក់ ដែល​ផ្ទះ​របស់​ខ្លួន ត្រូវ​បាន​បំផ្លាញ ដើម្បី​ត្រួស​ត្រាយ​ផ្លូវ ដល់​ចំការ​អំពៅ​របស់​លោក ព្រឹទ្ធ​សមាជិក លី យ៉ុង​ផាត់ បាន​ឈ្នះ​តំណែង​មេឃុំ។
ជម្លោះដីធ្លី ដូច​នៅ​ឃុំ​អម​លាំង គឺជា​បញ្ហា​ចាក់​ឫស នៅ​កម្ពុជា ហើយ​នៅ​ឆ្នាំ ២០១២ ជា​ឆ្នាំ​ដែល​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ប្រើ​ប្រាស់ ដោយ​ក្រុមហ៊ុន ក្នុង​ជម្លោះ​ដីធ្លី​ទាំង​នេះ។
ដោយ​មាន​ការ​បោះឆ្នោត​ជាតិ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ ព្រម​ទាំង​យុទ្ធនា​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​កាន់​តែ​ខ្លាំង​ក្លា រៀប​ចំ​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល ប្រជាជន ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ដី​របស់​ខ្លួននៅ​ឆ្នាំ ២០១​២ នេះ រដ្ឋាភិបាល ទី​បំផុត ​បាន​ចាប់​ផ្តើម អនុម័ត​គោល​នយោបាយ​ទូលំ​ទូលាយ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី។
ចាប់ពីដើមឆ្នាំ ២០១២ ​នៅ​ពេល​ទាហាន​ ធ្វើ​ការ​បន្ថែម​ជា​សន្តិ​សុខ​របស់​ក្រុម​ហ៊ុន TTY បាន​បាញ់​អ្នក​ភូមិ​ដែល​តវ៉ា​ប្រឆាំង​ការ​យក​ដីធ្លី​របស់​ពួកគេ ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​យ៉ាង​ឃោរ​ឃៅ ប្រឆាំង​ប្រជាជន​ពលរដ្ឋ​នេះ បាន​ចិញ្ចឹម​ការ​តទល់​ដ៏​អាក្រក់​នេះ ម្តង​ហើយ​ម្តង​ទៀត។ ឧទាហរណ៍​អាក្រក់​បំផុត នៃ​អំពើ​ហិង្សា​នេះ គឺ​ការ​បាញ់​សម្លាប់​ក្មេង​ស្រី​អាយុ ១៤ ឆ្នាំ​ម្នាក់​ឈ្មោះ ហេង ចន្ថា ដោយ​កម្លាំង​រដ្ឋាភិបាល នៅ​ពេល​កម្លាំង​រដ្ឋាភិបាល បាន​ចុះ​ទៅ​ភូមិ​តូច​មួយ ក្នុង​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ​កាល​ពី​ខែ​ឧសភា។
រដ្ឋាភិបាលបាន​ថ្លែង​ថា កង​កម្លាំង​ដ៏​ច្រើន ដែល​មាន​កាំ​ភ្លើង​ស្វ័យ​ប្រវតិ្ត និង​ឧទ្ធម្ភាគចក្រ បាន​ចុះ​បង្ក្រាប​លើ​ចលនា​អបគមន៍ ប៉ុន្តែ​អ្នក​ភូមិ អ្នក​ឃ្លាំ​មើល​សិទិ្ធ​ដីធ្លី ក្រុម​សិទិ្ធ​មនុស្ស និង​សាធារណៈ​ជន បាន​បដិសេធ​ការ​លើក​ឡើង​បែប​នោះ ដោយ​មនុស្ស​ជា​ច្រើន​នាក់ បាន​អះអាង​ថា ជា​ការ​បិទ​បាំង​ដើម្បី​បណ្តេញ​អ្នកភូមិ ក្នុង​ជម្លោះ​ដីធ្លី​ដ៏​យូរ​អង្វែង ជាមួយ​នឹង​ក្រុម​ហ៊ុន​សម្បទាន​ចំការ​កៅស៊ូ។
បើទោះបីមាន​ការ​រិះគន់​យ៉ាង​ខ្លាំង និង​កំពុង​បន្ត​លើ​ករណី​នេះ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​រដ្ឋាភិបាល បាន​បដិសេធ​មិន​ស៊ើប​អង្កេត លើ​ករណី​បាញ់​សម្លាប់​នោះ ឬ​បដិសេធ​មិន​ប្តូរ​ជំហរ​របស់​ខ្លួន​ឡើយ។ ផ្ទុយ​ទៅ​វិញ ចលនា​អបគមន៍​នេះ ត្រូវ​បាន​យក​មក​ប្រើ​ជា​មូល​ដ្ឋាន ដើម្បី​ចាប់​ខ្លួន​មនុស្ស​ប្រាំ​នាក់។
លោក ម៉ម សូណង់ដូ ម្ចាស់​វិទ្យុ​សំបុក​ឃ្មុំ ត្រូវ​បាន​ផ្តន្ទា​ទោស ឲ្យ​ជាប់​ពន្ធនា​គារ​រយៈ​ពេល ២០ ឆ្នាំ ក្នុង​តួនាទី​របស់​លោក ចំពោះ​អ្វី​ដែល​គេ​ហៅ​ថា ការ​បង្កើត​ចលនា​ផ្តាច់​ខ្លួន​នេះ ចំណែក​ឯ​លោក ចាន់ សុវ៉េត អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់ នៃ​អង្គ​ការ​អាដហុក ត្រូវ​ហៅ​ទៅ​សួរ​ចម្លើយ កាល​ពី​ម្សិល​មិញ ពី​បទ​ជួយ​ជន​ល្មើស​ម្នាក់។ បទ​ចោទ​ប្រកាន់​លើ​បុរស​ទាំង​ពីរ​នេះ​ ត្រូវបាន​រិះ​គន់​ជា​ទូទៅ​ថា គឺ​ដោយ​សារ​មូល​ហេតុ​នយោបាយ។
ក្នុង​រាជ​ ធានីភ្នំពេញ​វិញ ជម្លោះ​ដីធ្លី​ដ៏យូរ​អង្វែង​ នៅ​បុរី​កីឡា និង​បឹង​កក់ បាន​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​ជា​ញឹក​ញាប់ ហើយ​ផ្លាស់​ប្តូរ​គួរ​ឲ្យ​សង្ស័យ ខណៈ​ដែល​អាជ្ញាធរ ជ្រើស​រើស​វិធី​សាស្រ្ត​ខ្លាំង​ៗ ចំពោះ​អ្នក​ទាំង​ឡាយ ដែល​បដិសេធ​មិន​ព្រម​គោរព​តាម​បញ្ជា​ផ្លាស់​ទី​លំនៅ។
អ្នកភូមិបុរីកីឡា​រាប់​រយ​នាក់ ដែល​បាន​បដិសេធ​កញ្ចប់​សំណង​ថ្មី​បន្តិច​បន្តួច​ឲ្យ​ពួកគេ​ទៅ​រស់​នៅ ក្នុង​តំបន់​នៅ​ជាយ​ក្រុង​ភ្នំពេញ ជា​ជាង​សំណង់​ច្រើន​ជាន់​ថ្មី ដែល​បាន​សន្យា​នោះ ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ ពី​ផ្ទះ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ ៣ ខែ​មករា។ ក្រុម​ហ៊ុន ផាន អ៊ីម៉ិច របស់​អ្នក​ស្រី​ស៊ុយ សុផាន ដែល​គាំទ្រ​ដោយ​កង​កម្លាំង​រាជធានី​ភ្នំពេញ បាន​បំផ្លាញ​ផ្ទះ​របស់​ប្រជាជន​ប្រហែល ៣០០ គ្រួសារ នៅ​បុរីកីឡា ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ហិង្សា ​រវាង​អ្នក​ត្រូវ​បណ្តេញ​ចេញ និង​នគរបាល រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន និង​ជាប់​ពន្ធនាគារ​ព្រៃស​ជា​ច្រើន​សប្តាហ៍​ចំពោះ​អ្នក​ភូមិ​មួយ​ចំនួន។
ខណៈដែល​អ្នក​ត្រូវ​បណ្តេញ​ចេញ ស្ថិត​នៅ​ក្រោម​ជណ្តើរ នៅ​បុរីកីឡា ស្រ្តី និង​កុមារ​ជាង ២០ នាក់ ដែល​តវ៉ា​ ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​ដ៏​ធំ​នេះ ត្រូវ​បាន​ចាប់​ឃុំ ក្នុង​ទី​ក្រុង អស់ ​រយៈ​ពេល ៨ ថ្ងៃ​ និង​ជាប់​ឃុំ នៅ​មជ្ឈមណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ ជា​កន្លែង​ដែល​ពួកគេ​ជាប់​ឃុំមួយ​សប្តាហ៍ ដោយ​គ្មាន​ការ​ចោទ​ប្រកាន់ បន្ទាប់​មក ពួកគេ​បាន​ផ្លោះ​របង ហើយ​រត់​ដើម្បី​សេរីភាព តាម​ម៉ូតូកង់បី។
នៅ​បឹង​កក់​ ដែល​ត្រូវ​បាន​បូម​ខ្សាច់​កប់​ពន្លិច​រួច​ហើយ​ ការ​រួម​គ្នា​តវ៉ា ជាមួយ​ស្រ្តី​បុរីកីឡា បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ ប្រឆាំង​នឹង​អាជ្ញាធរ​ក្រុង​ ដែល​គ្មាន​ឆន្ទៈ​ កំណត់​ព្រំ​ដី​ទំហំ ១២,៤៤ ហិកតា​ ដែល​បាន​សន្យា​ផ្តល់​ឲ្យ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន​។
ក្នុង​ទង្វើ​មួយ ដែល​ត្រូវ​បាន​ថ្កោល​ទោស ដោយ​សហគមន៍​អន្តរជាតិ​ថា អយុតិ្តធម៌ និង​ខុស​ច្បាប់ អាជ្ញាធរ​បាន​ចាប់​ខ្លួន​ស្រ្តី​បឹង​កក់ ១៣ នាក់ នៅ​ថ្ងៃ​ទី ២២ ខែ​ឧសភា ផ្តន្ទា​ទោស​ពួកគេ​ ក្នុង​រយៈ​ពេល​តែ​៣ ម៉ោង ពី​បទ​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ទ្រព្យ​សាធារណៈ និង​ប្រឆាំង​នឹង​អាជ្ញាធរ ឲ្យ​ជាប់​ពន្ធនាគារ ២ ឆ្នាំ​កន្លះ។
សាមសិបបី​ថ្ងៃ​ក្រោយ​មក បន្ទាប់​ពី​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង ទាំង​ក្នុងនិង​ពី​ក្រៅ​ប្រទេស សាលា​ឧទ្ធរណ៍ បាន​បន្ថយ​ទោស​ពួកគេ ប៉ុន្តែ​តម្កល់​ការ​ផ្តន្ទា​ទោស ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​សេរីភាព។
ទោះជាយ៉ាងណា គេ​គិតថា ជម្លោះ​ដីធ្លី​ទាំង​ពីរ​កន្លែង​ នឹងស្ងប់​ស្ងាត់​នៅ​ចុង​ឆ្នាំ ប៉ុន្តែ​បែរ​ជា​មាន​ការ​ចាប់​ខ្លួន​ស្រ្តី​បឹងកក់​ម្នាក់​ឈ្មោះ យ៉ោម បុប្ផា អាយុ ២៩ ឆ្នាំ និង​ស្ត្រី​ចំណាស់ ទឹម សាក់​មុនី អាយុ​៦៥ ឆ្នាំ​ពី​បុរីកីឡា ក្នុង​រយៈ​ពេល​ចន្លោះ​ពី​គ្នា​តែ ២៤ ម៉ោង នៅ​ដើម​ខែ​កញ្ញា ​ចំពោះ​បទ​ចោទ ដែល​រដ្ឋាភិបាល​ថា មិន​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​ញឹក​ញាប់ របស់​ពួកគេ​ឡើយ។​លទ្ធ​ផល​នៃ​ការ​ជំនុំ​ជម្រះ​ ពួកគេ​ប្រាកដ​ជា​កំណត់​ទិស​ដៅ នៃ​ជម្លោះ​ទាំង​ពីរ​នេះ ក្នុង​ឆ្នាំ ២០១៣ ជា​មិន​ខាន។
តាមទស្សនៈ ​សិទិ្ធ​ដីធ្លី ដែល​អង្គការ​សិទិ្ធ​មនុស្ស​ជា​ច្រើន បាន​កត់​សម្គាល់ គឺ​ករណី​ខេត្ត​ក្រចេះ ជាករណី​កម្រិត​ទាប​បំផុត នៃ​កា​រចាប់​យក​ដីធ្លី និង​សិទិ្ធ​ដីធ្លី​គ្មាន​សុវត្ថិភាព។ ការ​ទទួល​ស្គាល់​បញ្ហា​អាក្រក់​នេះ គឺ​ជា​ការ​ប្រកាស​ជា​សាធារណៈ នៅ​ដើម​ខែ​ឧសភា​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នឹង​ផ្អាក​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី (​បើ​ទោះ​បី​ជា​សេចក្តី​ប្រកាស​នោះ ​បាន​ដាក់​បញ្ចូល​ប្រការ​រិះ​គន់​យ៉ាង​ខ្លាំង ដល់​ការ​​អនុញ្ញាត​ឲ្យ​អនុម័ត​ផ្តល់​ដី​សម្បទាន ដែល​កំពុង​ចរចា) ហើយ​ទើប​តែ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ប្រកាស​គម្រោង​វាស់​វែង​ចេញ​កម្មសិទិ្ធ​ដីធ្លី។
មូលហេតុដែល​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចាត់​វិធានការ​នោះ នៅ​តែ​ជា​មូល​ហេតុ​មិន​ច្បាស់​លាស់។ អ្នក​សង្កេត​ការណ៍​នយោបាយ​មួយ​ចំនួន បាន​លើក​ឡើង​ថា នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ​នេះ គណបក្ស​ប្រជាជន​កម្ពុជា ខ្វាយ​ខ្វល់ ដោយ​សារ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី ៣ ខែ​មិថុនា កន្លង​មក ដែល​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ឈ្នះ​មិន​ដាច់ និង​ប្រជាជន​កម្ពុជា​តែ ៦០ ភាគរយ បាន​ទៅ​បោះ​ឆ្នោត និង​ការ​ចាញ់​ឆ្នោត​នៅ​តំបន់ ដែល​មាន​ជម្លោះ​ដីធ្លី​យូរ​អង្វែង។
អ្នកផ្សេងទៀត​គិតថា ការ​ប្រៀប​ធៀប​ទៅនឹង​ប្រទេស​មីយ៉ាន់ម៉ារ និង​ការ​និយាយ​អំពី Arab Spring បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន មួម៉ៅ​យ៉ាង​ខ្លាំង ដែល​មើល​ឃើញ​ឱកាស ដើម្បី​ច្រាន​ចោល​ការ​រិះគន់​បែប​នេះ។ វា​អាច​ថា លោក​នាយក​រដ្ឋ​មន្រ្តី ណឿយ​ហត់ ចំពោះ​ការ​ភ្ញាក់​ផ្អើល ដោយ​សារ​ឧកញ៉ា និង​ឯក​ឧត្តម ក្នុង​គណបក្ស​ប្រជាជន​របស់​លោក ក្នុង​ចំណោម​អ្នក​ទាំង​ឡាយ ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី គឺ​ព្រឹទ្ធ​សមាជិក​ជាន់​ខ្ពស់ នៃ​គណបក្ស​កាន់​អំណាច ឬ​បុគ្គល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។ អ្វី​ក៏​ដោយ ដែល​ជំរុញ​លោក​នាយក​រដ្ឋ​មន្រ្តី ចាប់​ផ្តើម​គោល​នយោបាយ​ដីធ្លី​ថ្មី និង​ទោះ​បី​គំនិត​ផ្តួច​ផ្តើម​នេះ អនុវត្ត​ដោយ​ផ្ចិត​ផ្ចង់​យ៉ាង​ណាក្តី វា​នៅ​តែ​ច្បាស់​ថា នេះ​ជា​ការ​វិវត្ត​នយោបាយ​ដ៏​សំខាន់​បំផុត​មួយ នៅក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ការ​ដួល​រលំ​របស់​ខ្មែរ​ក្រហម។
ក្នុង​រយៈ​ពេល​ជិត​មួយ ទស្សវត្សរ៍ អង្គការ​ហ្វាំង​ឡង់ Finmap បាន​ជួយ​ប្រជាជន នៅ​ទូទាំង​ប្រទេស​ម្ពុជា ចុះ​បញ្ជី​កម្មសិទ្ធិ​ដីធ្លី​របស់​ខ្លួន​ តាម​រយៈ​កម្មវិធី​អនុផ្នែក​រដ្ឋបាល​ដីធ្លី ហើយ​បាន​ដោះ​ស្រាយ​ចេញ​ប័ណ្ណ​កម្មសិទិ្ធ​ដីធ្លី ជាង ១,៥ លាន​សន្លឹក។ ប៉ុន្តែ​កម្មវិធី​នេះ ពុំ​ដែល​ដោះ​ស្រាយ​តំបន់​វិវាទ​ឡើយ។ អង្គការ​សិទិ្ធ​មនុស្ស បាន​ចោទ​សួរ​ថា​ តើ​មូល​ហេតុ កម្មវិធី​ផ្តល់​កម្ម​សិទិ្ធ​ដីធ្លី របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហាក់​ដូច​ជា​ចៀស​វាង​តំបន់​វិវាទ​ធំៗ ប៉ុន្តែ​នៅ​តែ​ស្ទាក់​ស្ទើរ មិន​វាយ​តម្លៃ​ជោគ​ជ័យ នៃ​គម្រោង​នេះ​ឡើយ ដែល​បាន​អនុវត្ត ៨ ខែ​មក​ហើយ រហូត​ទាល់​តែ​គម្រោង​នេះ​បាន​បញ្ចប់។ ចំពោះ​អង្គការ​អាដហុក ដែល​ជា​អង្គការ​សិទិ្ធ​មនុស្ស​ចំណាស់​បំផុត​នៅ​កម្ពុជា ដែល​ផ្តោត​សំខាន់​លើ​បញ្ហា​ចាប់​យក​ដីធ្លី បញ្ហា​កង្វល់​ទី ១ គឺ​ថា យុវជន​ស្ម័គ្រ​ចិត្ត និង​អ្នក​ត្រួត​ពិនិត្យ​ពួកគេ កំពុង​ចៀស​ពី​ទី​កន្លែង​មាន​ជម្លោះ ឬ​មាន​ទី​លំនៅ​ក្រៅ​ផ្លូវ​ការ​បាន​បង្កើត​ឡើង។ លោក​នាយក​រដ្ឋ​មន្រ្តី បាន​ទទួច​ថា និស្សិត មិន​ប៉ះ​ពាល់​តំបន់​វិវាទ​ឡើយ ហើយ​វា​មិន​ច្បាស់​ទេ​ថា តើពេល​ណា អាជ្ញាធរ​មូល​ដ្ឋាន និង​មន្រ្តី​សុរិយោ​ដី ដែល​ត្រួត​ពិនិត្យ​គម្រោង នឹង​ដោះ​ស្រាយ​តំបន់​រសើប​បំផុត​នោះ។
លោក Nicolas Agostini អ្នក​ជំនាញ​ដីធ្លី​ នៅ​អង្គការ​អាដហុក បាន​ថ្លែង​ថា៖ «ក្តី​កង្វល់​គឺ​ថា ប្រជាជន ដែល​ត្រូវ​ការ​ប័ណ្ណ​កម្ម​សិទិ្ធ​បំផុត នឹង​មិន​ទទួល​បាន​ប័ណ្ណ​កម្ម​សិទិ្ធ​ឡើយ ព្រោះ​ពួកគេ​រស់​នៅ​តំបន់​វិវាទ ឬ​ជា​លំនៅ​ដ្ឋាន​ក្រៅ​ផ្លូវ​ការ ហើយ​គម្រោង​នេះ មិន​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ឡើយ»។ «ក្តី​កង្វល់​ទី ២ គឺ ជន​ជាតិ​ដើម យើង​មាន​របាយ​ការណ៍​មួយ​ចំនួន​ថា ពួកគេ កំពុង​ស្ថិត​ក្រោម​សម្ពាធ ពី​អាជ្ញាធរ ​មូល​ហេតុ​ឲ្យ​ទទួល​យក​ប័ណ្ណ​កម្មសិទិ្ធ​ដីធ្លី​ឯកជន ជា​ជាង​ដី​រួម ហើយ​នេះ ​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ ព្រោះ​វា​ប្រឆាំង​នឹង​ស្មារតី និង​ខ្លឹម​សារ នៃ​ច្បាប់​ភូមិ​បាល»។ ប៉ុន្តែ នោះ​មិន​ឆ្លុះ​បញ្ចាំង​នូវ​បទ​ពិសោធន៍​របស់​លោក សុផល ឡើយ ដែល​និយាយ​ថា អាជ្ញាធរ​មូល​ដ្ឋាន ខ្លាច​អំណាច​យុវជន​ស្ម័គ្រ​ចិត្ត និង​គោរព​ពួកគេ។ លោក សុផល ដែល​ទទួល​បាន​ប្រាក់​ខែ​មធ្យម ២២៥​ ដុល្លារ​មួយ​ខែ បូក​នឹង​អំណោយ​ពី​ម្ចាស់​ជំនួយ​នានា​ដែល ចង់​ឲ្យ​គម្រោង​ផ្តល់​កម្ម​សិទិ្ធ​ដីធ្លី បន្ត​ទៅ​មុខ​ទៀត។ លោក​បាន​ថ្លែង​ថា៖ «យើង​ថ្លែង​អំណរ​គុណ ​សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន របស់​យើង ដែល​បាន​យក​ចិត្ត​ទុក​ដាក់​យើង ហើយ​សម្តេច​ក៏​បាន​ឧបត្ថម្ភ​យើង»៕

No comments:

Post a Comment

yes