សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

សូមទស្សនាការផ្សាយផ្ទាល់ពីសកម្មភាពថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ



Thursday, December 27, 2012

លោក សុក សំអឿន និង​លោក ប៊ន សំណាង ត្រូវ​ជាប់​គុក​២០​ឆ្នាំ​ឡើង​វិញ

ក្រុម​នគរ​បាល​ចាប់​ខ្លួន​លោក សុក សំអឿន (អាវ​ស) និង​លោក ប៊ន សំណាង (អាវ​ផ្ទៃ​មេឃ)
 នៅ​សាលា​ឧទ្ធរណ៍ ក្រោយ​ប្រកាស​សាល​ដីកា នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២

សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២ បាន​ប្រកាស​សាល​ដីកា​ផ្ដន្ទាទោស​ជា​ថ្មី​ឲ្យ​លោក សុក សំអឿន និង​លោក ប៊ន សំណាង ឲ្យ​ជាប់​គុក​ម្នាក់ៗ​ចំនួន ២០​ឆ្នាំ ក្រោម​បទ​ចោទ​ថា​បាន​បាញ់​សម្លាប់​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា វិជ្ជា ដោយ​ចេតនា កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០០៤ កន្លង​ទៅ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។
បន្ថែម​លើ​នេះ​ទៀត សាលា​ឧទ្ធរណ៍​បាន​បង្គាប់​ឲ្យ​លោក សុក សំអឿន និង​លោក ប៊ន សំណាង រួម​គ្នា​សង​ជំងឺ​ចិត្ត​ជូន​លោក ជា មុន្នី ប្អូន​ប្រុស​របស់​លោក ជា វិជ្ជា ចំនួន ៤០​លាន​រៀល ស្មើ​នឹង ១​ម៉ឺន​ដុល្លារ​អាមេរិក។
ចៅក្រម​ជម្រះ​ក្តី​លោក ជួន ស៊ុនឡេង បាន​ប្រកាស​សាល​ដីកា​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ចំនួន​ប្រមាណ ១០​នាក់​ចាប់​គ្រៀក​លោក សុក សំអឿន និង​លោក ប៊ន សំណាង ទៅ​ផ្ដិត​មេ​ដៃ​ទទួល​ស្គាល់​សាល​ដីកា​នេះ ហើយ​កម្លាំង​នគរបាល​បាន​ចាប់​ខ្លួន​ភ្លាមៗ​ចូល​ក្នុង​រថយន្ត ដើម្បី​នាំ​ទៅ​ឃុំ​ខ្លួន​នៅ​គុក​ព្រៃស។

មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ជា​ថ្មី​នេះ គឺ​ចៅក្រម​បាន​សម្អាង​ថា ទី១ ការ​សម្រេច​ផ្ដន្ទាទោស​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០០៥ កន្លង​ទៅ​ចាត់​ទុក​ជា​បាន​ការ។ ទី២ ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​នគរបាល​លើ​សំណុំ​រឿង​ឃាតកម្ម​នេះ គឺ​បាន​ធ្វើ​ឡើង​ដោយ​ម៉ត់ចត់ និង ទី៣ គំនូស​ព្រាង​ជន​សង្ស័យ​ទាំង​ពីរ​នាក់​កន្លង​មក គឺ​មាន​គណៈកម្មការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ។
ជន​ជាប់​ចោទ​លោក សុក សំអឿន អាយុ ៣២​ឆ្នាំ និង​លោក ប៊ន សំណាង អាយុ ២៤​ឆ្នាំ បាន​ស្រែក​យំ​អង្វរ​សុំ​ឲ្យ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ជួយ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ៖ «ធ្វើ​បាប​ត​ទៀត​ហើយ។ យល់​ទេ​ថា​វា​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ។ ខ្ញុំ​មិន​មែន​ជា​ឃាតករ​ទេ។ សម្ដេច​តា អង្គ​ព្រះ​មហាក្សត្រ សម្ដេច​តេជោ និង​លោក​ជំទាវ​ជួយ​ដោះ​លែង កូន​ចៅ​មិន​ដឹង​អី​ទេ»
ភរិយា​របស់​លោក សុក សំអឿន អ្នកស្រី នាង ថេន អាយុ ៣០​ឆ្នាំ ដែល​កំពុង​តែ​ពរ​កូន​ស្រី​អាយុ ២​ឆ្នាំ បាន​និយាយ​ទាំង​សម្រក់​ទឹក​ភ្នែក​ប្រាប់​អ្នក​កាសែត​ថា អ្នកស្រី​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សាល​ដីកា​យ៉ាង​អយុត្តិធម៌​នេះ៖ «ស្វាមី​ខ្ញុំ​មនុស្ស​ល្អ ស្លូត​ត្រង់​ណាស់ រស់នៅ​ជាមួយ​គ្នា​មិន​ដែល​ធ្វើ​បាប​ប្រពន្ធ មិន​ដែល​ធ្វើ​បាប​អ្នក​ជិត​ខាង​ទេ។ មនុស្ស​គាត់​ស្លូត​ត្រង់​ណាស់ សុំ​ឲ្យ​ព្រះមហាក្សត្រ​ជួយ​ប្ដី​ខ្ញុំ»
ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ដែល​បាន​តាម​ដាន​សំណុំ​រឿង​នេះ​កន្លង​មក បាន​មាន​ប្រសាសន៍​នៅ​សាលា​ឧទ្ធរណ៍​ថា នេះ​ជា​សាល​ក្រម​អាក្រក់​មួយ​សម្រាប់​លោក សុក សំអឿន និង​លោក ប៊ន សំណាង៖ «សង្គម​ស៊ីវិល យើង​ចាត់​ទុក​ថា​ជន​ទាំង​ពីរ​នាក់​នេះ គឺ​ជា​ឃាតក​សិប្បនិមិត្ត​ដដែល ហើយ​ជា​អ្នក​ដែល​មិន​បាន​ប្រព្រឹត្ត​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ។ នេះ​ជា​ភាព​អយុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា និង​ក្រុម​គ្រួសារ​នៅ​តែ​រក​ការ​ពិត និង​ឃាតក​ពិត​ប្រាកដ​នៅ​តែ​មិន​ទាន់​ឃើញ»
ទាក់​ទង​នឹង​បញ្ហា​នេះ មេធាវី​របស់​លោក សុក សំអឿន លោក ជុំ សុវណ្ណលី បាន​មាន​ប្រសាសន៍​ថា លោក​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ជា​ថ្មី​ឆាប់ៗ​នេះ ជំទាស់​នឹង​សាល​ដីកា​នេះ៖ «បាទ ប្ដឹង ២​ចំណុច​ទាក់​ទង​ដីកា​សម្រេច​ឃុំ ហើយ​និង​សាល​ដីកា​សាលា​ឧទ្ធរណ៍»
លោក សុក សំអឿន និង​លោក ប៊ន សំណាង ត្រូវ​បាន​សាលា​ដំបូង​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​ម្តង​ហើយ​កាល​ពី​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០០៥ កន្លង​ទៅ ឲ្យ​ជាប់​គុក​ម្នាក់ៗ ២០​ឆ្នាំ ក្រោម​បទ​ចោទ​ថា បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០០៤ កន្លង​ទៅ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ក្រោយ​មក សាលា​ឧទ្ធរណ៍​ធ្លាប់​បាន​តម្កល់​សាល​ក្រម​នេះ​ថា​ជា​បាន​ការ​ម្តង​ហើយ ក៏ប៉ុន្តែ​តុលាការ​កំពូល​បាន​សម្រេច​ដោះ​លែង​លោក សុក សំអឿន និង​លោក ប៊ន សំណាង ឲ្យ​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន កាល​ពី​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០០៨ កន្លង​ទៅ។
នៅ​ពេល​នោះ តុលាការ​កំពូល​ក៏​បាន​សម្រេច​ចាត់​របៀប​ជា​ថ្មី ដើម្បី​ឲ្យ​សាលា​ឧទ្ធរណ៍​ស៊ើប​អង្កេត​បន្ថែម ដោយ​សារ​តែ​ការ​ស៊ើប​អង្កេត​របស់​នគរបាល​កន្លង​មក​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន។
កន្លង​មក សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រាប់​ទាំង​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ចាត់​ទុក​ថា លោក សុក សំអឿន និង​លោក ប៊ន សំណាង គឺ​ជា​ឃាតក​សិប្បនិម្មិត៕