១១-វិច្ឆិកា-២០១២៖ លោក ស៊ឹង យន់ ពលរដ្ឋនៅភូមិលាជលើ ឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម
អះអាងថាដីរបស់គាត់ជាង ៣ហិកតារ ត្រូវវៀតណាម ចូលកាន់កាប់អស់រយៈពេលជាង ៥ឆ្នាំកន្លងមកហើយ
ពលរដ្ឋនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកមេមត់ អះអាងថា គោលនយោបាយតាមរូបមន្តបែបធ្មេញរណាដែលនាយករដ្ឋមន្ត្រីខ្មែរចាត់ទុកថានឹងមិនធ្វើឲ្យកម្ពុជា ត្រូវបាត់បង់ដីបន្ថែមទៅប្រទេសវៀតណាម នោះ គឺមិនមែនជាការពិតនោះឡើយ។
ការប្រតិកម្មរបស់ពលរដ្ឋម្ចាស់ដីនៅឃុំជាំ ស្រុកមេមត់ នៅពេលនេះ កើតឡើងក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់នៅរដ្ឋសភាថា ការកំណត់ព្រំដែនតាមរូបមន្តធ្មេញរណា នឹងមិនធ្វើឲ្យប្រទេសទាំងពីរត្រូវខាតបង់ទឹកដីចូលទៅប្រទេសណាមួយនោះទេ។
លោក ស៊ឹង យន់ រស់នៅភូមិលាជលើ ឃុំជាំ មានប្រសាសន៍នៅថ្ងៃទី១១ ខែវិច្ឆិកា ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងនេះមិនបានឆ្លុះបញ្ចាំងទៅនឹងអ្វីដែលបានកើតឡើងនៅតាមខ្សែបន្ទាត់ព្រំដែននោះឡើយ។ លោកបន្តថា គោលនយោបាយបែបធ្មេញរណារបស់លោក ហ៊ុន សែន នេះ មិនបានធ្វើឲ្យកម្ពុជា ត្រូវចំណេញដីណាមួយពីប្រទេសវៀតណាម នោះទេ តែផ្ទុយទៅវិញ មធ្យោបាយនេះរឹតតែធ្វើឲ្យកម្ពុជា ត្រូវខាតបង់ទឹកដីបន្តទៀតទៅប្រទេសវៀតណាម។
លោក ស៊ឹង យន់៖ «ទេ! អាហ្នឹងស្ដាប់ទៅនិយាយហ្នឹងក៏វានៅតែបាត់ហ្នឹងរឿងដីនោះ។ មិនដើរមើលសោះ ចេះតែថាចំណេញៗតឹងណា ខ្ញុំមិនដឹងដែរ ទាល់តែដើរមើលបានដឹងថាចំណេញ បាត់ ខាតបង់អី តឹងណាតឹងណី។ អានេះបើកាត់តម្រង់កាត់តម្រង់ៗទៅ វាតម្រង់តែវាចុះធ្វើតែវា ខ្មែរយើងមានចុះធ្វើឯណា កាត់អស់រលីង ខ្មែរយើងមានចំណេញណា បាត់ទៅវាហើយនោះ។ អាពយៗទៅវាអស់ទៅហើយ វាកាត់តម្រង់យកអស់ហើយ មាននៅអីណាអត់ពើខ្មែរយើង»។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបានទេលើបញ្ហានេះពីលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២។
ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅរដ្ឋសភា កាលពីថ្ងៃទី៩ ខែសីហា ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះថា ពលរដ្ឋពុំគួរព្រួយបារម្ភចំពោះការបាត់បង់ទឹកដីច្រើននោះទេ។ លោកពន្យល់ថា ព្រោះគោលនយោបាយតាមរូបមន្តធ្មេញរណារបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយលោកផ្ទាល់នេះ នឹងមិនកាត់ដីភូមិពីវៀតណាម មកឲ្យខ្មែរ ឬកាត់ដីខ្មែរឲ្យទៅវៀតណាម ដែលកំពុងកាន់កាប់ជាក់ស្ដែងរបស់ពលរដ្ឋនោះទេ។ បើតាមលោក ហ៊ុន សែន គោលនយោបាយនេះនឹងរុះរើតែខ្សែបន្ទាត់ព្រំដែនផ្អែកតាមការកាន់កាប់របស់ពលរដ្ឋប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ខេត្តកំពង់ចាម កម្ពុជា បើផ្អែកលើផែនទីៗផ្អែកលើផែនទីដែលយើងមិនអាចកែប្រែបាន គេហៅថាព្រំដែនមិនកែប្រែ។ កម្ពុជា ចូលទៅវៀតណាម ស្មើនឹង ៣៨៥ហិកតារ អាហ្នឹងគឺកម្ពុជា ចូលទៅវៀតណាម។ ឯវៀតណាម ចូលមកកម្ពុជា ៨២៥ហិកតារ ភាគីទាំងពីរបានឯកភាពគ្នារួចហើយហ្នឹងនៅខាងវៀតណាម។ អ៊ីចឹង រឿងនៅឃុំចាន់មូល នៅបឹងជ្រោង បឹងស្អីៗរង់ចាំតែការដោះដូរទេ អត់ឲ្យបងប្អូនត្រូវបាត់ដីទេ កុំទៅព្រួយពេក»។
យ៉ាងណាក៏ដោយ លោក ប៊ិន សាន ពលរដ្ឋរស់នៅឃុំជាំ ច្រានចោលដោយចាត់ទុកថា អ្វីដែលនាយករដ្ឋមន្ត្រីថ្លែងនោះ គឺគ្រាន់តែជាសារផ្នែកបច្ចេកទេសប៉ុណ្ណោះ។ លោកបន្តថា ភាពពិត ដីស្រែចម្ការរបស់លោក និងពលរដ្ឋមួយចំនួនទៀត នៅតាមព្រំដែនត្រូវបានអាជ្ញាធរវៀតណាម នៅតែបន្តរំកិលចូលអស់ជាច្រើនហិកតារ ក្រោយឆ្នាំ២០០៧៖ «អាកន្លែងហ្នឹង សុទ្ធតែដីដូចថាចម្ការយើង ដីហ្នឹងដីខ្មែរទាំងអស់ មិនមែនដីយួនទេ។ អាហ្នឹងមិនដឹងធ្វើម៉េច ស្រេចលើវា វាគិតរបស់វា វាថារបស់វា យើងមានគិតជាមួយណារបស់យួនហ្នឹង បានថាអាដំឡូងហ្នឹង ដីខ្ញុំ ប៉ុន្តែវាព្យួរយកដាំ ឃើញទេ ឃើញច្បាស់ភ្នែកនោះដំឡូងនោះ»។
បើតាមលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ការកំណត់ព្រំដែនដែលបានរកឃើញនៃប្រទេសទាំងពីរក្នុងពេលកន្លងទៅ វៀតណាម ត្រូវសងដីមកកម្ពុជា ដែលបានគ្រប់គ្រងចូលប្រមាណជាង ១២ពាន់ហិកតារ។
កសិករឃុំជាំ ប្ដឹងអាជ្ញាធរឲ្យជួយយកដីកសិកម្មដែលវៀតណាម រំលោភយក
ប្រជាកសិករខ្មែររស់នៅតាមបន្ទាត់ព្រំដែន ស្រុកមេមត់ ខេត្តកំពង់ចាម បានចោទអាជ្ញាធរវៀតណាម បានរំលោភយកដីធ្លី និងមិនអនុញ្ញាតឲ្យពួកគាត់ធ្វើស្រែចម្ការនៅលើដីកសិកម្មជាកេរដំណែលដូនតាទៀតទេ ទោះគណៈកម្មាធិការព្រំដែនប្រទេសទាំងពីរបានបោះកំណត់បង្គោលព្រំដែនគោកនៅតំបន់នោះរួចក្តី។
កង្វល់នេះ ពលរដ្ឋរងគ្រោះបានអះអាងថា បានដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរខេត្តកំពង់ចាម ឲ្យជួយអន្តរាគមន៍ ដែលមានរយៈពេលកន្លះឆ្នាំទៅហើយ មិនទាន់មានការឆ្លើយតបទេ ហើយជនជាតិវៀតណាម ក៏បានមកដាំដំណាំលើដីកសិកម្មរបស់ខ្លួនថែមទៀត។
No comments:
Post a Comment
yes