សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 1, 2012

ការចូលរួមរបស់ប្រជាពលរដ្ឋ និង អ្នកនយោបាយមកពីគ្រប់គណបក្សជាមួយនិង គណបក្ស សង្គ្រោះជាតិ ជាសញ្ញាបង្ហាញពីជ័យជំនះនៅឆ្ន២០១៣ដ៏ត្រចះត្រចង់


គណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សថ្មីបង្កើតឡើងដោយអ្នកប្រជាធិបតេយ្យ និងអ្នកស្រ​លាញ់ជាតិ មាតុភូមិ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ បានទទួលការអនុញ្ញាតពីក្រសួងមហា ផ្ទៃឲ្យបង្កើតគណបក្សប្រជាធិបតេយ្យមួយនេះជាផ្លូវការហើយ ។

ការយល់ព្រមឲ្យបង្កើតគណបក្ស សង្គ្រោះជាតិ និងការអញ្ជើញចូលរួមពីសំណាក់ប្រជាពលរដ្ឋពី គ្រប់មជ្ឈដ្ឋាន និងអ្នកនយោបាយពីគ្រប់គណបក្ស មកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ដ៏ច្រើនលើសលប់បែបនេះគឺជាសញ្ញាបង្ហាញឲ្យឃើញថា ជ័យជំនះរបស់គណបក្ស សង្គ្រោះជាតិ នឹងទទួលបានដ៏ត្រចះត្រចង់នៅឆ្នាំ២០១៣ខាងមុខនេះ ដើម្បីសង្គ្រោះប្រជាពលរដ្ឋរបស់យើង ក៏ ដូចជាប្រទេសជាតិរបស់យើងទាំងមូលផងដែរ ដែលរងគ្រោះយ៉ាងគ្រាំគ្រាក្រោមអំណាចរបស់ គណបក្សប្រជាជន ដែលដឹកនាំប្រទេសអស់រយៈពេលជាង៣០មកនេះ ។

មានប្រសាសន៏ទៅកាន់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ លោក គង់ គាំ ដែលជាប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី បានមានប្រសាសន៏ឲ្យដឹងថា « ការយល់ព្រមរបស់ ក្រសួងមហាផ្ទៃដែលបានអនុញ្ញាតឲ្យបង្កើតគណបក្ស សង្គ្រោះជាតិ មិនមែនដោយសារឆន្ទះ​របស់​គណ​បក្សកាន់អំណាចនោះទេ បញ្ហានេះគឺដោយសារឆន្ទះរបស់ប្រជាពលរដ្ឋខ្មែរ និងដោយ សារឆន្ទះរបស់អន្តរជាតិ មានការចាប់បង្ខំឲ្យក្រសួងមហាផ្ទៃត្រូវតែសម្រេចអនុញ្ញាតឲ្យគណបក្ស សង្គ្រោះជាតិ បង្កើតឡើងតាមសំណូមពររបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ » ។

លោក គង់ គាំ បានមានប្រសាសន៏បន្តថា « ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ មានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន ហើយគណបក្សថ្មី សង្គ្រោះជាតិ នេះក៏មាន លោក សម រង្ស៊ី ជាប្រជាធាន និងលោក កឹម សុខា ជាអនុប្រធានផងដែរ ។ លោក គង់ គាំ បាន មានប្រសាសន៏បន្តថា អ្វីដែលជាការគួរឲ្យកត់សម្គាល់គឺលោកមិននឹកស្មានដល់ទាល់តែសោះថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលទើបតែបង្កើតឡើងមិនទាន់ដល់ពីរខែផងនោះ តែ​សន្ទុះ​​បងប្អូនប្រជាពលរដ្ឋ និងអ្នកនយោបាយផ្សេងៗមកពីគ្រប់គណបក្ស បានសម្រេចចិត្ត​ចូល​មករួមរស់ជាមួយនិង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ ដែលទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ នឹងអ្វីដែលសំខាន់មួយទៀតនោះ​ ដូចជានៅ​ពេល​នេះ ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ក្នុងនោះ​គឺរួម​មានទាំងអតីតសមាជិក​គណ​បក្ស នរោត្តម រនឬទ្ធិ ដែលប្តូរឈ្មោះមកជាគណបក្ស ជាតិនិយម សមាជិករបស់គណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនជាដើម ។ លោក គង់ គាំ បាន​បន្ត​ថា ទាំងអស់នេះគឺជាសញ្ញា​បង្ហាញពីភាពជោគជ័យរបស់គណបក្ស សង្គ្រោះជាតិ ក្នុងការចូល​រួម​ប្រគួតប្រជែងនៅពេលបោះឆ្នោត ជាមួយនិងគណបក្សប្រជាជនរបស់លោក ហ៊ុន សែន នៅឆ្នាំ​២០១៣ខាងមុខនេះ ។ ជាមួយគ្នានោះលោកបានបន្តថា ហើយជោគជ័យទាំងអស់នេះ​មិនមែនជា​ជោគជ័យរបស់គណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះទេ តែជាជោគជ័យរបស់ប្រជាពល​រដ្ឋ​ខ្មែរ​ទាំងអស់គ្នា ក៏ដូចជាប្រ​ទេសជាតិរបស់យើងផងដែរ » ។

ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី លោក គង់ គាំ បានមានប្រសាសន៏ជំរាបជូនទៅកាន់ប្រ​ជា​ពលរដ្ឋដែលជាអ្នកគាំទ្រ ក៏ដូចជាអតីតសមាជិកគណបក្ស នរោត្តម រឬទ្ធិ គណបក្ស ហ៊្វុនស៊ិន​ប៉ិច និង សមាជិករបស់គណបក្សប្រជាជន ដែលបានមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះ​ជាតិ​ថា « បើទោះបីជាគណបក្ស សង្គ្រោះជាតិ បានបង្កើតឡើងដោយការរួមសម្លេងគ្នា​ជាកម្លាំងតែ​មួយ​​រវាគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក៏ដោយ ក៏ប៉ុន្តែគណបក្សទាំងពីរនេះគឺ​មិន​ទាន់រំលាយនោះទេ គឺនៅបន្តតំណែងសមាជិកព្រឹទ្ធសភា-ក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុមប្រឹក្សា​ស្រុក-ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សទាំងពីររហូតដល់ឆ្នាំ២០១៧ ទើប​គណ​បក្ស​ទាំងពីរនេះរំលាយចូលមករួមរស់ជាមួយនិងគណបក្ស សង្គ្រោះជាតិ តែមួយ​ជាមួយ​គ្នា​តែ​ម្តង ។ លោក គង់ គាំ ក៏បានមានប្រសាសន៏ជាការផ្តាំផ្ញើរទៅដល់ប្រជាពលរដ្ឋ​ដែលជាអ្នក​គាំទ្រ​គណ​បក្ស សង្គ្រោះជាតិ ទាំងអស់នៅទូទាំងប្រទេសថា នៅថ្ងៃបោះឆ្នោតថ្ងៃអាទិត្យ ទី២៨ ខែកក្ក​ដា ឆ្នាំ២០១៣ សូមបងប្អូនកុំចាប់អារម្ភចំពោះគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស អី គឺផ្តោតអារម្ភតែមួយគឺបោះឆ្នោតឲ្យតែគណបក្ស សង្គ្រោះជាតិ ដែលមានរូបសញ្ញា ព្រះអាទិត្យរះ បាន​ហើយ ព្រោះគណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី មិនមានអ្នកឈរ​ឈ្មោះនោះ​ឡើយ » ។

លោក គង់ គាំ បានមានប្រសាសន៏ជំរាបជូនទៅអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ ជាបន្តថា « ការ​ដែលក្រសួងមហាផ្ទៃអនុញ្ញាតឲ្យបង្កើតគណបក្ស សង្គ្រោះជាតិ គឺជារឿងមួយដែលឆាប់បំផុត​ដែលយើងមិននឹងស្មានដល់ទាល់តែសោះ ព្រោះតាមច្បាប់គឺមានរយៈពេលរហូតដល់ទៅ១៥ថ្ងៃ ឯណោះ ។ លោក គង់ គាំ បានបន្តថា​នៅមុនពេលដែលក្រសួងមហាផ្ទៃយល់ព្រមឲ្យគណបក្ស សង្គ្រោះជាតិ បង្កើតគឺរូបលោក និងលោក ស៊ឺន ស៊ូប៊ែរ តំណាងឲ្យគណបក្ស សិទ្ធិមនុស្ស ក៏បាន ចុះហត្ថលេខាដោយស្នើសុំឲ្យក្រសួងមហាផ្ទៃធ្វើការប្តូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ ដែលឥឡូវលោកបានផ្ញើរទៅក្រសួងមហាផ្ទៃហើយ » ។

ប្រធានស្តីទីគណបក្ស សម រង្ស៊ី បានបន្តទៀតថា​ « អ្វីដែលជាគោលបំណងរបស់យើងចង់បាន គឺគណបក្ស សង្គ្រោះជាតិ ឥឡូវបានដូចចិត្តរបស់យើងហើយ និងយើងចង់បានគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតថ្មី និងការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី ។ លោកបន្តថា​ឥឡូវ​នៅ​អង្គការសហប្រជាជាតិគេបង្ខំថា ត្រូវតែមានវត្តមានរបស់លោក សម រង្ស៊ី នៅក្នុងប្រទេស កម្ពុជា ដើម្បីចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៣ និងត្រូវតែមានការប្តូរគណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោតថ្មីជាបន្ទាន់ ទាំងអស់នេះគឺបង្ហាញថាអង្គការសហប្រជាជាតិ និងប្រទេសម្ចាស់​ហត្ថ​លេខី​នៃកិច្ចព្រម​ព្រៀងទីក្រុងប៉ារីសទាំងអស់ គឺគេមិនចង់ឲ្យលោក ហ៊ុន សែន នៅបន្តកាន់ អំណាចជាបន្តទៀតនោះទេ » ។

លោក គង់ គាំ បានបន្តថា « សូមបងប្អូនមានសង្ឃឹមចុះលោក សម រង្ស៊ី និងវិលត្រឡប់ចូលមក ក្នុងប្រទេសកម្ពុជាវិញ នៅពេលឆាប់ៗខាងមុខនេះ ព្រោះគណបក្ស សង្គ្រោះជាតិ ត្រូវបានក្រ​សួងមហាផ្ទៃ​យល់ព្រមឲ្យបង្កើតហើយ ដោយលោក សម រង្ស៊ី គឺជាប្រធានគណបក្ស សង្គ្រោះ​ជាតិ នេះផ្ទាល់តែម្តង មានន័យថាការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី វិញគឺគ្មានបញ្ហាអ្វីនោះឡើយ » ។

លោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី បានមានប្រសាសន៏ឲ្យដឹងបន្តថា « សូមបង ប្អូនជ្រាបចុះគណបក្សប្រជាជន កំពុងតែកាន់អំណាចគឺគេមានល្បិច៤ដែលជំនាញបំផុតគឺ លុយ លុប លួច និង លក់ ដែលគេបានអនុវត្តន៏ជារៀងរាល់ថ្ងៃនេះ ។​ ជាមួយគ្នានោះលោក គង់ គាំ ក៏​បានធ្វើការផ្តាំ​ផ្ញើរជូនទៅដល់ប្រជាពលរដ្ឋទាំងអស់សូមឲ្យបងប្អូនអញ្ជើញទៅពិនិត្យមើលបញ្ជី​ឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ​បោះ​ឆ្នោត និងចូលមកដល់​នៅថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ។ ជាមួយគ្នា​នោះក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្ស សម រង្ស៊ី ក៏ដូចជាក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណ​បក្ស សិទ្ធិមនុស្ស ត្រូវតែចេញមុខក្នុងការជួយសម្រួលការងារមួយចំនួនដែលចាំបាច់ជូនប្រជា​ពល​​រដ្ឋ ដែលលោកមានកង្វះខាតមិនអាចចុះឈ្មោះបាន ត្រូវតែជួយបំពេញសុំណុំបែបបទ​ឯក​សារ​ជូនប្រជាពលរដ្ឋ ដើម្បីឲ្យលោកមានសិទ្ធិចុះឈ្មោះបោះឆ្នោត ហើយបងប្អូនណាដែល​មាន​ឈ្មោះហើយនោះត្រូវតែអញ្ជើញទៅពិនិត្យមើលម្តងទៀត ខ្លាចក្រែងមានការខុស​ឆ្គងដោយប្រ​ការ​ណាមួយ ដូចជាទី​លំនៅ ឈ្មោះ និងថ្ងៃខែឆ្នាំកំណើតជាដើម ។ ជាមួយគ្នានោះលោក គង់ គាំ ក៏បានសម្តែងការ​កោតសរសើរជូនប្រជាពលរដ្ឋទាំងអស់ដែលស្រលាញ់ជាតិ មាតុភូមិ បាន​អញ្ជើញ​មកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ហើយលោកមានជំនឿថា នៅឆ្នាំ២០​១៣​ខាងមុខនេះគណបក្ស សង្គ្រោះជាតិ និងទទួលជ័យជំនះលើការបោះឆ្នោតមួយរយភាគរយ » ។

ជាការពិតកម្លាំងសាមគ្គីរបស់អ្នកប្រជាធិបតេយ្យ ហើយនិងទង្វើល្អរបស់អ្នកស្រលាញ់ជាតិ ទឹកដី និងអាចយកឈ្នះលើភាពអយុត្តិធម៌ និងអំពើអាក្រក់របស់គណបក្សកាន់អំណាចសព្វថ្ងៃដែល​បានធ្វើដាក់មកលើប្រជាពលរដ្ឋ និងប្រទេសជាតិ របស់ខ្លួននោះ ហើយថ្ងៃអវស្សារបស់គណបក្ស​កាន់អំណាចសព្វថ្ងៃ និងចូលមកដល់នៅថ្ងៃអាទិត្យ ទី២៨​ ខែកក្កដា ឆ្នាំ២០១៣ ដោយជៀស​មិន​ផុត​នោះឡើយ ៕


No comments:

Post a Comment

yes