សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 7, 2012

អតីត​កង​ទ័ព​តាម៉ុក​ព្រមាន​ពី​សង្គ្រាម​បើ​ចោទ​ចាប់​មនុស្ស​ថ្មី​ទៀត

120706_04a

ឧត្តរមានជ័យៈ ពលរដ្ឋ​ប្រមាណ​១០០​នាក់​ដែល​ភាគ​ច្រើន​ជា​អតីត​កង​ទ័ព​ខ្មែរ​ក្រហម​បាន​ចូល​រួម​នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​ស្តី​អំពី​ការ​វិវត្ត​ចុង​ក្រោយ​បង្អស់​នៃ​សាលាក្តី​កាត់​ទោស​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម នួន ជា ខៀវ សំផន អៀង សារី និង អៀង ធីរិទ្ធ នៅ​ស្រុក​អន្លង់​វែង​តាម​ផ្លូវ​ជាតិ​លេខ ៦៨ ចម្ងាយ​ប្រមាណ ១០០​គីឡូ​ម៉ែត្រ ខាង​កើត​ខេត្ត​ឧត្តរ​មាន​ជ័យ ខាង​ក្រៅ​ផ្ទះ​របស់​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​តាម៉ុក​មាន​រហស្ស​នាម​«ពេជ្ឈ​ឃាត»។
អ្នក​ចូល​រួម​ភាគ​ច្រើន​អំពាវ​នាវ​ឲ្យ​សាលា​ក្តី​ខ្មែរ​ក្រហម​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​នេះ​កុំ​នាំ​ជន​សង្ស័យ​ជា​អតីត​មេ​ខ្មែរ​ក្រហម​ផ្សេង​ទៀត មក​កាត់​ទោស ហើយ​ព្រមាន​ថា ការ​ប៉ុន​ប៉ង​ចាប់​ខ្លួន​អ្នក​ផ្សេង​យក​មក​កាត់​ទោស​នឹង​បង្ក​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល។
លោក សារឿន អតីត​កង​ទ័ព​ខ្មែរ​ក្រហម​វ័យ​៦០​ឆ្នាំ​ដែល​សង់​ផ្ទះ​ឲ្យ​តា​ម៉ុក តាំង​ពី​ឆ្នាំ​១៩៩៣ ដល់​ចុង​ឆ្នាំ​១៩៩៧ ថា សវនាការ​គួរ​តែ​បញ្ចប់ បន្ទាប់​ពី​កាត់​ទោស​ជន​ជាប់​ចោទ​ទាំង​៥​នាក់​រួច។
លោក​សារឿន​និយាយ​ថា៖ «ខ្ញុំ​គាំ​ទ្រ​សាលា​ក្តី ហើយ​ខ្ញុំ​មិន​ចង់​ឃើញ​ជន​សង្ស័យ​ជា​អតីត​ខ្មែរ​ក្រហម​ផ្សេង​ទៀត ត្រូវ​ចាប់​ខ្លួន​យក​ទៅ​កាត់​ទោស​ទេ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អតីត​ខ្មែរ​ក្រហម​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច មាន​ខ្លួន​ខ្ញុំ​ផ្ទាល់ និង​អ្នក​ដទៃទៀត​នឹង​រត់​គេច​ពី​ការ​ចាប់​ខ្លួន និង​ប្រមូល​គ្នា​ចូល​ព្រៃ ហើយ​យើង​នឹង​មិន​ព្រម​ឲ្យ​ចាប់​ខ្លួន​ទេ»។

លោក គួយ រ៉ា អតីត​ទាហាន​ខ្មែរ​ក្រហម​វ័យ ៥១ ឆ្នាំ​ដែល​តែង​តែ​ចូល​ប្រជុំ​ជាមួយ​តា ម៉ុក បាន​ថ្លែង​ថា គាត់​មិន​គាំ​ទ្រ​ឲ្យ​មាន​អ្នក​ផ្សេង​ទៀត ត្រូវ​នាំ​ទៅ​កាត់​ទោស​នៅ​សាលា​ក្តីខ្មែរ​ក្រហម​ទេ។
លោក រ៉ា និយាយ​ថា៖​«ខ្ញុំ​គាំ​ទ្រ​សាលា​ក្តី កាត់​ទោស​តែ​ជន​ជាប់​ចោទ​ទាំង ៥ រូប​ប៉ុណ្ណោះ ខ្ញុំ​បារម្ភ​ថា បើ​តុលាការ​ប៉ុន​ប៉ង​ចាប់​ខ្លួន​ថែម​ទៀត ទាំង​ខ្ញុំ​និង​អ្នក​ដទៃ​ទៀត​នឹង​មិន​នៅ​ឲ្យ​គេ​ចាប់​ខ្លួន​ទេ យើង​នឹង​រត់​ចូល​ព្រៃ សង្គ្រាម​ស៊ីវិល​នឹង​កើត​ឡើង​ជា​ថ្មី ដែល​ខ្ញុំ​ក៏​មិន​ចង់​ឃើញ​សង្គ្រាម​កើត​ជា​ថ្មី​ដែរ»។
ឆ្លើយ​តប​ទៅ​នឹង​សំណួរ​នៃ​ការ​ពាក់​ព័ន្ធ​នឹង​ករណី ០០៣ និង ០០៤ លោក Lars Olsen មន្ត្រី​ទំនាក់​ទំនង​ច្បាប់​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​ថ្លែង​ថា ករណី ០០៣ និង ០០៤ បច្ចុប្បន្ន​កំពុង​នៅ​ក្នុង​ដៃ​របស់​ចៅ​ក្រម​ស៊ើប​សួរ។
លោក Lars បន្ត​ថា ៖ «ករណី​ទាំង​នេះ​ពាក់​ព័ន្ធ​នឹង​ជន​សង្ស័យ ៥រូប តុលាការ​ពុំ​ទាន់​បញ្ចេញ​អត្ត​សញ្ញាណ​ជន​សង្ស័យ​ទាំង​នេះ​ឲ្យ​សាធារណ​ជន​បាន​ដឹង​នៅ​ឡើយ ហើយ​ករណី ០០៣ និង ០០៤ នេះ ពុំ​ទាន់​មាន​ការ​សម្រេច​ចាប់​ខ្លួន​នរណា​ម្នាក់ ឬ​បញ្ជូន​ជន​ណា​ម្នាក់​ឡើង​តុលាការ​នោះ​ទេ»។
តា ម៉ុក ត្រូវ​គេ​ជឿថា​មាន​អាយុ ៨០​ឆ្នាំ បាន​ស្លាប់ ក្នុង​ខែ​កក្កដា ឆ្នាំ ២០០៦ នៅ​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​នាំ​យក​ទៅ​ផ្ទះ​លោក​ក្នុង​ស្រុក​អន្លង់​វែង អតីត​តំបន់​ត្រូវ​បាន​រៀប​ចំ​និង​កាន់​កាប់​ដោយ​កង​ទ័ព​ខ្មែរ​ក្រហម​ចុង​ក្រោយ។
លោក រ៉ា បន្ត​ថា សមិទ្ធ​ផល​របស់​តាម៉ុក​បន្សល់​ទុក​នូវ​កន្លែង​កម្សាន្ត មាន​ផ្ទះ​គាត់​នៅ​អន្លង់​វែង ហើយ​ទេសចរ​ជា​ច្រើន​បាន​មក​ទស្សនា​និង​ថត​រូបទី​នោះ និង​សកម្ម​ភាព​នានា ពាក់​ព័ន្ធ​នឹង​អតីត​របប​នេះ ហើយ​រដ្ឋាភិបាល​បាន​ប្រែ​ក្លាយ​តំបន់​នោះ​ទៅ​ជា​តំបន់​ប្រវត្តិ​សាស្ត្រ​ដើម្បី​ទាក់​ទាញ​ទេសចរ​ឲ្យ​ចូល​មក​កម្សាន្ត​កាន់​តែ​ច្រើន​ថែម​ទៀត។
លោក ស៊ាង សុខ​ហេង ប្រធាន​ទី​តាំង​ទេសចរណ៍​ផ្ទះ​តាម៉ុក​បាន​ថ្លែង​ថា នៅ​ជុំវិញ​តំបន់​ផ្ទះ​តា​ម៉ុក​មាន​ទេសភាព​មាត់​បឹង ហើយ​រដ្ឋាភិ​បាល​បាន​កំណត់​ផ្ទៃ​ដី​ជាង ៤០០​ហិក​តា ជា​ទី​តាំង​អភិរក្ស​នៃ​អតីត​របប​កុម្មុយនីស្ត​នេះ។
លោក សុខ ហេង បន្ត​ថា ប្រជាជន​កម្ពុជា​ប្រមាណ ១ ពាន់​នាក់​បាន​មក​ទស្សនា​ទី​តាំង​នេះ​ជា​រៀង​រាល់​ខែ ហើយ​ពួកគេ​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ផ្សេងៗ។
លោក ជា ខ្លូ ជា​អ្នក​ទេសចរ​ក្នុង​ស្រុក​អាយុ ៣០ ឆ្នាំ​មក​ពី​ខេត្ត​ព្រៃ​វែង​បាន​ឲ្យ​ដឹង​ថា វាជា​លើក​ដំបូង​ហើយ​ដែល​លោក​បាន​មក​ឃើញ​ផ្ទះ​របស់​តាម៉ុក។
លោក​ថា៖ «តាម៉ុក​ប្រើ​សសរ​ឈើ​ធំៗ​ដើម្បី​សង់​ផ្ទះ​គាត់ ខណៈ​មនុស្ស​ធម្មតា​មិន​អាច​សង់​ផ្ទះ​បាន​ដូច​គាត់ ហើយ​ផ្ទះ​នោះ​សង់​ធ្វើ​ជា​លេណដ្ឋាន​ផង និង​ជា​សាល​ប្រជុំ​ផង នៅ​លើ​ជញ្ជាំង​មាន​គូរ​រូប​គំនូរ​ប្រាសាទ​ព្រះវិហារ»៕ 

No comments:

Post a Comment

yes