សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 15, 2012

អ្នកភូមិ​ត្រពាំង​ឈូក ១១គ្រួសារ​ទៅ​សុំ​ប័ណ្ណ​កម្មសិទ្ធិដី​ពី​សាលារាជធានី

ភ្នំពេញៈ ប្រជាពលរដ្ឋ​មកភូមិត្រ​ពាំងឈូក សង្កាត់​ទឹកថ្លា ខណ្ឌ សែនសុខ ចំនួន​១១​នាក់ ដែល តំណាង​ឲ្យ​ជាង ៥០០ គ្រួសារ ដែលបារម្ភ​អំពី​ការបណ្ដេញចេញ​ពីលំនៅដ្ឋាន បាន​នាំគ្នា​ទៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ម្សិលមិញ ដើម្បី​ស្នើសុំការ​ជួយ​អន្តរាគមន៍ពី​លោក កែប ជុតិមា អភិបាល​រាជធានី​។
តំណាង​ម្នាក់​ពីក្នុង​ចំណោម ១១ នាក់ ដែលបាន​ទៅសុំការ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ អ្នកស្រី សៅ សុភាព អាយុ​៥០​ឆ្នាំ បានប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា ពួកគាត់​មានក្ដី​ព្រួយបារម្ភ​ខ្លាំងណាស់ បន្ទាប់ពី​មានពាក្យ​ចចាមអារ៉ាម​ថា មានក្រុមហ៊ុន​មួយចង់​ចំណាយ​លុយឲ្យ​ពួកគាត់​ក្នុង​មួយ​គ្រួសារ ចំនួន ៧ពាន់​ដុល្លារ និង​ពីរលានរៀល ជាថ្នូរនឹង​ការផ្លាស់ទីលំនៅ​ចេញ ដើម្បីផ្ដល់​ឱកាស​ឲ្យពួកគេ​ធ្វើការអភិវឌ្ឍ​ក្នុងតំបន់គាត់​នេះ​។

អ្នកស្រី​បានថ្លែង​ថា៖ «យើង​ខ្ញុំ​មិនត្រូវការ​ផ្លាស់ទីលំនៅ​ទេ»។
អ្នកស្រី​បានបន្តថា កាលពី​ឆ្នាំ​២០០៨ លំនៅដ្ឋាន​ពួកគាត់​រាប់រយខ្នង ត្រូវភ្លើងឆេះ​ដោយគ្មាន​មូលហេតុ​។ ពួកគាត់ បាននាំគ្នា​រស់នៅ​ក្រោម​ជម្រក​តង់កៅស៊ូ​អស់​រយៈពេល​ជាច្រើន​ខែ លុះ ក្រោយមក​ពួកគាត់បាន​ចាប់ផ្ដើម​សាងសង់​លំនៅដ្ឋានថ្មី ដោយ​ខ្ចី​ប្រាក់​ពីអ្នក​រកស៊ីចងការ​ប្រាក់​មួយចំនួន​។
អ្នកស្រី​ថ្លែង​ថា ៖ ​«ខ្ញុំ​មានក្ដី​ព្រួយ​បារម្ភ​ខ្លាំងណាស់ ព្រោះ​យើងខ្ញុំ ទើបតែងើប​ផុត​ពីការ​រងគ្រោះ​ដោយភ្លើងឆេះ តែ​បំណុល​នៅមិនទាន់​សងគេ​រួច​អស់​នៅ​ឡើយផងទេ​»។
ទោះជា​បែបណាក្ដី ទីតាំង​ដី​ដែល​អ្នកភូមិ​ត្រពាំង​ឈូក ចំនួន​៥២១ គ្រួសារ កំពុង​រស់នៅ​សព្វថ្ងៃនេះ ដើមឡើយ​ជាដីអាងស្តុកទឹក​សាធារណៈ​របស់​រដ្ឋ ដែលមាន​ទំហំ ០,៤០ ហិកតា ​ប៉ុន្តែ នៅ​អំឡុង​ឆ្នាំ​១៩៨៤​ ប្រជាពលរដ្ឋ​បានចូល​មក​តាំងលំនៅ​រស់នៅ​ក្នុង​តំបន់​នេះ ជាបន្តបន្ទាប់​រហូត​មក​ដល់បច្ចុប្ប​ន្ន។
តំណាង​អ្នកភូមិ​ម្នាក់ទៀត អ្នកស្រី​ សុខ ហេង បា​ន​ប្រាប់ឲ្យដឹង​ដែរថា ពួកគាត់​បាន​ដាក់​សំណើសុំ​កាន់កាប់​ដី​លំនៅដ្ឋាន ដែល​ពួកគាត់កំពុង​រស់នៅសព្វ​ថ្ងៃដោយ​ស្របច្បាប់ ព្រោះ​ពួកគាត់​បានរស់នៅ​ក្នុង​តំបន់​នោះ យ៉ាងតិច​ក៏​១៥​ឆ្នាំហើយ​ដែរ​។
អ្នកស្រី​បានបន្តថា លោក កើត ឆែ អនុប្រធាន​រដ្ឋបាល​សាលារាជធានី​ភ្នំពេញ បានជម្រាប​ពួកគាត់​កុំឲ្យ​មាន​ការព្រួយបារម្ភ ពីព្រោះ​សាលា​រាជធានី​ភ្នំពេញ នៅ​មិនទាន់​មាន​គម្រោងធ្វើការ​ផ្លាស់ទី​លំនៅ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ទេ។
អ្នកស្រី​បន្តថា ៖ «ប៉ុន្តែ គាត់​ប្រាប់ថា មានក្រុមហ៊ុន​មួយ​ចង់​វិនិយោគ​អភិវឌ្ឍន៍​តំបន់​ដែល​យើងខ្ញុំកំពុង​រស់នៅនេះ​»។
លោក កើត ឆែ បានប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ក្នុង​ចំណោម​អ្នកភូមិ​១១​នាក់ ដែលបាន​មកសុំឲ្យ​អាជ្ញាធរ​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លីជូន​គាត់នោះ មាន​ម្នាក់​ជាភរិយា​របស់​លោក សៀ ភារម្យ ប្រធាន​លេខាធិការដ្ឋាន​នៃក្រុម​បេសកកម្ម​ពិសេស នៃ​សិទ្ធិ​លំនៅដ្ឋាន ដែល​ផ្ទះរបស់គាត់ ស្ថិតក្នុង​តំបន់​ដែល​ជាដី​សាធារណៈ​របស់រដ្ឋ​នោះដែរ​។
លោក កើត ឆែ បាន​បន្តឲ្យដឹងថា ក្នុង​ជំនួប​ក្រៅ​ផ្លូវការ​រវាង​អ្នកភូមិ​ជាមួយ​លោក​កាលពី​ម្សិលមិញនោះ លោក​បានប្រាប់​ទៅ​អ្នកភូមិ​ថា «​កុំឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អី ព្រោះអាជ្ញាធរ​មិនទាន់​មាន​គម្រោង ផ្លាស់ទី​លំនៅ​អ្នកភូមិ​ទាំងនោះ​នៅឡើយ​»។
លោកបាន​មានប្រសាសន៍​ថា​៖​ «ប៉ុន្តែ ទោះយ៉ាងណា យើង​ក៏មិនអាច​ផ្ដល់​កម្មសិទ្ធ​ជូន​ពួកគាត់​បានដែរ ពីព្រោះ​ពួកគាត់​ស្នាក់នៅលើដី​របស់រដ្ឋ»៕​


ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes